កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ​ធ្វើ​យុទ្ធនា​ការប្រកួត​ជើងឯក​ទូទាំងប្រទេស​សិស្ស​មធ្យម​សិក្សា
10, May 2016 , 8:19 am        
រូបភាព
ដោយ:
 
​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើ​យុទ្ធនា​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស ដើម្បី​ស្វែងរក​កីឡាករ​កីឡាការិនី​ដែលមាន​សមត្ថភាព​សម្រាប់​ធ្វើការ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ត្រៀម​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា នៅ​ទី​រួម​ខេត្តកំពត​។

 
​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បានធ្វើ​យុទ្ធនា​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស ដើម្បី​ជ្រើសរើស​កីឡាករ​កីឡាការិនី​ថ្នាល​ដែលមាន​សមត្ថភាព និង​ទេ​ព្យ​កោសល្យ​ខ្ពស់ ដើម្បី​ធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែម សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឺង​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើ​យោងតាម​ការ​ថ្លែង​របស់ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ នៅ​ទីស្នាក់ការ NOCC​។   
 
​លោក​អគ្គលេខាធិការ​បា​ន​កត់សម្គាល់ថា សម្រាប់​ការប្រកួត​ជើ​កឯក​ទូទាំងប្រទេស​ឆ្នាំនេះ កីឡាករ​កីឡាការិនី​មានការ​ចូលរួម​ផុសផុល​ជាង​ឆ្នាំមុនៗ ជាពិសេស​កីឡាការិនី​ដែលមាន​រហូតដល់​ជិត​៥០​ភាគរយ​នៃ​ចំនួន​កីឡាករ​សរុប ២២៤៩​នាក់​។ ការរៀបចំ​នេះ​ត្រូវបាន​លោក វ៉ា​ត់ ចំរើន ចាត់ទុកថា វា​ជា​ជំ​ហ៊ាន​មួយ​ក្នុងការ​ទាក់ទាញ​ទឹកចិត្ត​របស់​កីឡាករ​កីឡាការិនី​ថ្នាល​វ័យក្មេង​ឲ្យ​ចូលរួម​លេង​កីឡា និង​ស្គា​ល់ពី​គុណ​តម្លៃ​នៃ​កីឡា ជាពិសេស​ដើម្បី​ស្វែងរក​កីឡាករ​កីឡាការិនី​ដែលមាន​ទេ​ព្យ​កោសល្យ ដើម្បី​បញ្ជូន​ទៅកាន់​សហព័ន្ធ​ជាតិ​ធ្វើការ​បណ្តុះបណ្តាល​ពួកគេ​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​ប្រចាំ​ក្លិប​នីមួយៗ​។​
 
​ក្នុងឱកាស​នោះដែរ លោក ដួង មាស​ចំរើន ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បាន​មានប្រសាសន៍ថា សម្រាប់​ការប្រកួត​ជើងឯក​ទូទាំងប្រទេស​នេះ​កីឡាករ​ជម្រើសជាតិ​ក៏​អាច​ចូលរួម​បានដែរ ឲ្យ​តែ​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ប៉ុន្តែ​ប្រសិនបើ​ក្រុម​ណា​ដាក់​កីឡាករ​ជម្រើសជាតិ ឬ​កីឡាករ​ផ្សេង​មិនមែនជា​សិស្ស ក្រុម​នោះ​នឹង​ចាញ់​ដោយ​ស្វ័យប្រវត្តិ នៅពេល​គណៈកម្មការ​ស្វែងរក​ឃើញ​ពី​បញ្ហា​នេះ​។ 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស មាន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​ទាំងអស់​ចំនួន​២,២៤៩​នាក់​(​ស្រី​១,០៥៦​នាក់​) ពួកគេ​ទាំងនេះ​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ចំនួន​៦ គឺ​បាល់ទាត់ បាលទះ បាល់បោះ ប៉េតង់ វាយ​កូន​បាល់​លើ​តុ និង​អត្តពលកម្ម​។ ហើយ​ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា នៅ​ទី​រួម​ខេត្តកំពត​៕  
 
 
 
 
 

Tag:
 ជើងឯក​ទូទាំងប្រទេស​
  វ៉ា​ត់ ចំរើន​
  ក្រសួង​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com