ជាតិ
សង្គមជាតិ
ប្រធានសិទ្ធិមនុស្សកម្ពុជាថា យុទ្ធនាការពាក់អាវខ្មៅកំពុងបំភ័យតុលាការ ផ្ទុយពីសិទ្ធិមនុស្ស
× ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានយល់ថា ការរៀបចំ និងការចូលរួមយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ កំពុងជ្រែតជ្រែកការងារតុលាការ។ លោកចាត់ទុកយុទ្ធនាការទាមទារឲ្យមានការដោះលែងមន្ត្រី NGO ចេញពន្ធនាគារព្រៃសជា ការបំភ័យតុលាការ ហើយផ្ទុយពីសិទ្ធិមនុស្ស។
ប្រធានសិទ្ធិមនុស្សថ្មីរបស់រដ្ឋាភិបាលរូបនេះ ចាត់ទុកថា សកម្មភាពសង្គមស៊ីវិលកំពុងជ្រែតជ្រែកចូលនីតិវិធីរបស់មន្ត្រីយុតិ្តធម៌ ព្រះរាជអាជ្ញា និងតុលាការ ព្រោះពួកគេកំពុងធ្វើយុទ្ធនាការទាមទារឲ្យតុលាការដោះលែងមន្ត្រី NGO។ លោកថ្លែងបែបនេះ ផ្អែកតាមការបែងចែកអំណាចក្នុងរដ្ឋប្រជាធិបតេយ្យ គឺ អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ អំណាចតុលាការ និងអំណាចទីបួន គឺសារព័ត៌មាន។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីលោក កែវ រ៉េមី បានរៀបចំសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោយលោកចូលកាន់តំណែងប្រធានសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៩ ខែឧសភានេះ។
លោក កែវ រ៉េមី បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា៖«ខ្ញុំសូមជម្រាបជូនថា ខាងអង្គការសង្គមស៊ីវិល គាត់ជ្រែតជ្រែកចូលផ្ទៃក្នុងជ្រៅទៅក្នុងតុលាការ ជាការរំលោភបំពានអំណាច ទីបីរបស់តុលាការ។ ឧទាហរណ៍ ដូចជា ការប្រមូលផ្តុំគ្នា រៀងរាល់ថ្ងៃច័ន្ទ ត្រូវស្លៀកពាក់ខោអាវខ្មៅហើយ ស្រែកប្រកូកប្រកាសរកអ្នកចូលរួមឲ្យបានច្រើនទាំងក្នុង និងក្រៅប្រទេស ដើម្បីទាមទារការដោះលែង។ ប្រសិនបើយើងប្រមែប្រមូលកាន់ច្រើនទៅៗហើយដាក់សំពាធលើតុលាការ គឺយើងដឹងហើយថា គោលការណ៍នីតិរដ្ឋ គឺប្រទេសដឹកនាំដោយច្បាប់»។
លោកបន្តថា៖«យើងដាក់សំពាធលើតុលាការហើយ ខ្ញុំជម្រាបជូនថា តុលាការ ប្រព័ន្ធយុត្តិធម៌របស់យើងនៅក្មេងខ្ចី ដូចនេះទាមទារយើងមិនអាចដាក់សំពាធ។ បើយើងសង្កត់លើគាត់ (តុលាការ) មុនការកាត់ក្តី ការសម្រេចក្តីរបស់គាត់ មានន័យថា យើងជ្រែតជ្រែកដាក់សំពាធលើគាត់ អាចឲ្យតុលាការ ធ្វើការវិនិច្ឆ័យខុសទៅតាមអ្វីដែលគេហៅថា អគិតទាំងបី ទាំងបួនហ្នឹង ជៀសវាងកាលណាអគតិហ្នឹង កុំឲ្យតុលាការកាត់ក្តីដោយភ័យខ្លាច កាលណាយើងជ្រែតជ្រែក ចឹង ខ្ញុំយល់ឃើញថា មិនការប្រើប្រាស់សិទ្ធិមនុស្សយើងទេ»។
គួរបញ្ជាក់ថា នៅថ្ងៃទី៩ឧសភានេះ មន្ត្រី NGO បានផ្តើមយុទ្ធនាការពាក់អាវពណ៌ខ្មៅ ស្របពេលអាជ្ញាធរបានណែនាំឲ្យមានការទប់ស្កាត់ចលនាគេ កៀរគរកម្លាំង ដើម្បីទាមទារឲ្យមានការដោះលែង មន្ត្រីអង្គការសង្គមស៊ីវិលដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារ៕
Tag:
កែវ រ៉េមី
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com