ជាតិ
សង្គមជាតិ
មុន​ជ្រើសរើស​សាលា និស្សិត​គួរពិនិត្យមើល​ការទទួលស្គាល់​គុណភាព​អប់រំ​ជាមុនសិន​
10, May 2016 , 9:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ពី​ខែមិថុនា​ឆ្នាំ​២០១៦ តទៅ គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា (ACC) ដែលមាន​លោក ហង់ ជួនណា​រ៉ុ​ន ជា​ប្រធាន នឹង​ចាប់ផ្តើម​វាយតម្លៃ​គុណភាព​អប់រំ​នៅតាម​បណ្តា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំង​សាធារណៈ និង​ឯកជន​។ លទ្ធផល​វាយតម្លៃ​ទាំងនេះ នឹងត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ ACC ។ ហេតុនេះ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក រស់ សា​លីន ផ្តល់​អនុសាសន៍​ថា សិស្ស​និស្សិត​គួរតែ​ស្វែងរក​ព័ត៌មាន​អំពី​ការទទួលស្គាល់​គុណភាព​អប់រំ​ដោយ ACC ជាមុនសិន ចាំ​សម្រេចចិត្ត​ជ្រើសរើស​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ណាមួយ​។


​ការទទួលស្គាល់​គុណភាព​អប់រំ​ដោយ ACC គឺជា​កត្តាចាំបាច់​មួ​យស​ម្រា​ប់​សិស្ស​និស្សិត​យក​ជា​មូលដ្ឋាន​ក្នុងការ​ជ្រើសរើស​គ្រឹះស្ថានឧត្ដមសិក្សា​ណាមួយ​។ បើតាម​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ការវាយតម្លៃ​គុណភាព​អប់រំ​សម្រាប់​គ្រឹះស្ថានឧត្ដមសិក្សា ACC នឹង​ត្រួត​ពិនិត្យមើល​លក្ខខណ្ឌ​ស្តង់ដារ​ចំនួន ៩ ចំណុច​សំខាន់ៗ ដែល​ក្នុងនោះ​រួមមាន ការជ្រើសរើស​គ្រូបង្រៀន​, កម្មវិធីសិក្សា និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ត​របស់​គ្រឹះស្ថានសិក្សា​ជាដើម​។  លោក​បញ្ជាក់ថា ការបង្កើត​ឲ្យ​មានការ​វាយតម្លៃ​នេះ គឺជា​កម្មវិធី​កំណែទម្រង់​របស់​ក្រសួង​អប់រំ ក្នុង​បំណង​លើកកម្ពស់​គុណភាព​អប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា​នៅ​កម្ពុជា ឲ្យ​ដើរ​ស្របគ្នា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​។​
 
​លោក រស់ សា​លីន បាន​ថ្លែងប្រាប់​សា​ព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ថា ការវាយតម្លៃ​គុណភាព​អប់រំ​សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នេះ គឺ​មិនមែនជា​ការដាក់​សម្ពាធ​ដល់​គ្រឹះស្ថានសិក្សា​នោះទេ តែ​ផ្ទុយ​មកវិញ វា​គឺជា​ការជួយ​កែលម្អ​គុណភាព​អប់រំ និង​លើកកម្ពស់​កិត្តិនាម​ដល់​គ្រឹះស្ថានសិក្សា​ទាំងនោះ​ទៅវិញ​ទេ​។​
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​រូបនេះ បន្ថែមទៀតថា លទ្ធផល​វាយតម្លៃ​គុណភាព​អប់រំ​សម្រាប់​គ្រឹះស្ថានឧត្ដមសិក្សា ដែល​ធ្វើ​ដោយ ACC  នឹងត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដែល​បង្ករ​ភាពងាយស្រួល​ដល់​សិស្ស​និស្សិត​ក្នុងការ​ទទួលបាន​ព័ត៌មាន​អំពី​គុណភាព​អប់រំ​របស់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នានា​។ 
​ដោយឡែក​សម្រាប់​គ្រឹះស្ថានសិក្សា ដែល​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ ACC នឹងធ្វើ​ការណែនាំ​បន្ថែម​៕ 

Tag:
 រស់ សា​លីន​
  ACC
© រក្សាសិទ្ធិដោយ thmeythmey.com