កីឡាជាតិ
ជាតិ
កីឡា​វាយ​សី​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ និង​តែងតាំង​សមាជិក​ចាស់ សម្រាប់​ដឹកនាំ​អាណត្តិ​ថ្មី​
09, May 2016 , 5:28 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​កាលពី​ថ្ងៃទី​៧ ខែឧសភា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បានរៀបចំ​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦ និង​ការបញ្ចប់​អាណត្តិ​ចាស់ ២០១២-២០១៦ ដើម្បី​កំណត់​ទិសដៅ​សម្រាប់​អាណត្តិ​ថ្មី ២០១៦-២០២០​។ ក្នុង​មហាសន្និបាត​នោះដែរ សមាជិក​របស់​សហព័ន្ធ​បាន​បោះឆ្នោត​ជ្រើសរើស​តែងតាំង​សមាជិក​ដែល​ដឹកនាំ​អាណត្តិ​ចាស់ ឲ្យ​បន្ត​ដឹកនាំ​អាណត្តិ​ថ្មី​។    



​ក្រោយពី​បំពេញ​បេសកម្ម​យ៉ាង​មមាញឹក​អស់​រយៈពេល​៥​ឆ្នាំកន្លងមក សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បានធ្វើ​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​ដាក់​ទិសដៅ​ឆ្នាំ​២០១៦ និង​ដើម្បី​បញ្ចប់​អាណត្តិ​ចាស់ ២០១២-២០១៦ កំណត់​ទិសដៅ​អាណត្តិ​ថ្មី ២០១៦-២០២០ របស់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។​

​បន្ទាប់ពី​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំង​៩​ត្រូវបាន​អង្គ​មហាសន្និបាត​រំសាយ​រួមមាន លោក លី កុសល​, លោក មាស សារិន​, លោក ស្តើង ជា​, លោក អាំង សំបូរ​, លោក ជាម សុភា​, លោក លឹម កៅ​, លោក កុសល សុវណ្ណ​វិសាល​, លោក ធិ​ន សៅ និង​លោ​ល កែវ រស់ កាលពី​ថ្ងៃទី​៧ ខែឧសភា ក្នុង​ថ្ងៃ​ដដែល​នោះ បេក្ខភាព​ទាំង​៩​នាក់ ត្រូវបាន​ជាប់ឆ្នោត​ក្នុង​ដឹកនាំ​អាណត្តិ​ថ្មី (២០១៦-២០២០) ដដែល បន្ទាប់ពី​សមាជិក​រប​ស់​សហព័ន្ធ​បោះឆ្នោត​ដោយ​ការលើកដៃ​គាំទ្រ​១០០​ភាគរយ​។

​បើតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា មាន​ក្លិប​-​សមាគម​ដែលជា​សមាជិក​ក្នុង​អាណត្តិ​ចាស់​ចំនួន​២៥ មាន​កីឡាករ​កីឡាការិនី​សរុប​ចំនួន​៥៥៣​នាក់​(​ស្រី​៣០​នាក់​) រីឯ​ទីលាន​ហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៣០​កន្លែង នៅតាម​បណ្តាល​ខេត្ត​៤៥​កន្លែង និង​មាន​គ្រូបង្វឹក​៣៣​នាក់ ព្រមទាំង​អាជ្ញាកណ្តាល​១១​នាក់​។​

​គួរ​បញ្ជាក់ថា នៅក្នុង​អង្គ​មហាសន្និបាត​ដែល​ធ្វើ​នៅ​ទីស្នាក់ការ NOCC នោះ​មាន​សមាជិក​តំណាង​ក្លិប​-​សមាគមន៍​ចូលរួម​ចំនួន​២១​នាក់ គឺ​អវត្តមាន​ចំនួន​ចំនួន​៣​នាក់ ហើយ​បេក្ខជន​ដែល​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​មាន​ចំនួន​៩​នាក់ ពោលគឺ​សមាជិក​ដែល​ដឹកនាំ​ក្នុង​អាណត្តិ​ចាស់ ហើយ​បេក្ខជន​ទាំងនេះ​ត្រូវបាន​សមាជិក​បោះឆ្នោត​គាំទ្រ​ឲ្យ​ដឹកនាំ​អាណត្តិ​ថ្មី​ដដែល ដោយ​សម្លេងគាំទ្រ ២១/២១​។

​ក្នុង​អង្គ​មហាសន្និបាត​នោះដែរ ក៏មាន​ការចែក​សញ្ញាប័ត្រ​ដល់​គ្រូបង្វឹក​វាយ​សី​កម្រិត​១​ចំនួន​៩​នាក់ ព្រមទាំង​ចែក​រ៉ាកែត​ចំនួន​៣៥០​ដើម​ដល់​ក្លិប​នានា​ដែល​ចូលរួម​ផងដែរ ដោយ​ក្លិប​នីមួយៗ​ទទួលបាន​ចាប់ពី​១០​ដើម​ដល់​៥០​ដើម​ទៅតាម​ទំហំ​នៃ​ក្លិប​។​

​គួរបញ្ជាក់​ទៀតថា បេក្ខជន​ទាំង​៩ ដែល​ជាប់ឆ្នោត​ខាងលើ​នៅ​រក្សា​តំណែង​ដដែល គឺ លោក លី កុសល ជា​ប្រធាន ឬ​ឯ លោក មាស សារិន ជាប់​ជា​អនុប្រធាន លោក ស្តើង ជា ជា​អគ្គលេខាធិការ លោក ធិ​ន សៅ អគ្គហិរញ្ញិក ចំណែក លោក ជាម សុភា និង លោក អាំង សំបូរ ជា​អគ្គ​លេខ​ធិ​ា​ការរង និង​សមាជិក​ប្រតិបត្តិ​ចំនួន​៣​នាក់​ផ្សេងទៀត​។​

​លោក លី​កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​មានប្រសាសន៍ថា ដើម្បី​ជំរុញ​វិស័យ​កីឡា​វាយ​សី​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បានរៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្ត​សម្រាប់​ថ្មី​ចំនួន​៨​ចំណុច គឺ ទី​១.​សហព័ន្ធ​នឹង​រៀបចំ​ផែ​ក​ការ​ឲ្យ​បានច្បាស់លាស់​ប្រចាំត្រីមាស ដើម្បី​វាយតម្លៃ និង​ស្វែងរក​ចំណុច និង​ចំណុចខ្លាំង សម្រាប់​កែលម្អរ ដើម្បី​ពង្រឹង​ឆ្ពោះទៅរក​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​។

​ទី​២. បង្កើន​កិច្ចប្រជុំ​យ៉ាង​ទៀត​ទាត់ និង​លើសពី​ផែនការ​កំណត់ ដើម្បី​ត្រួតពិនិត្យ និង​ដោះស្រាយ​ការងារ​ណា​ដែល​បន្ទាន់​ចាំបាច់​ចំពោះមុខ​។ ទី​៣. បន្ត​ការណែនាំ​ក្លិប​-​សមាគម ធ្វើលិខិត​សុំចូល​សមាជិក ដោយ​ភា្ជ​ប់​មកជា​មួយ​នូវ​តារាង​ឈ្មោះ​កីឡាករ​កីឡាការិនី ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ទទួលស្គាល់​ជា​ផ្លូវការ​។

​ទី​៤. ពង្រឹង និង​ពង្រីក​ការហ្វឹកហាត់​ជាប្រចាំ ដើម្បី​បង្កើន​សមត្ថភាព​កីឡាករ​ឲ្យ​កាន់តែ​មាន​ទេ​ព្យ​ដោ​ស​ល្យ​ក្នុង​ឈានទៅរក​ជ័យជម្នះ​លើក​ឆាក​ជាតិ និង​អន្តរជាតិ​។ សហព័ន្ធ​នឹង​ស្វែងរក​គ្រូ​បរទេស​ដែលមាន​សមត្ថភាព​ខ្ពស់​មក​បង្ហាត់បង្រៀន​កីឡាករ​។ ទី​៥. សហព័ន្ធ​នឹងធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​។ ទី​៦.​សហព័ន្ធ​នឹងធ្វើ​ការទំនាក់ទំនង​ជា​មួយក្រុម​ហ៊ុន​សប្បុរស​ជន ដើម្បី​ស្វែងរក​ចំណូល និង​ឧបត្ថម្ភ​ក្នុង​រៀចកម្ម​វិធី​ប្រ​កូត​ផ្សេងៗ​។ ទី​៧. នឹងធ្វើ​ការផ្សព្វផ្សាយ និង​ទំនាក់ទំនង​ជាមួយ​លោកគ្រូ​អ្នកគ្រូ​នៅតាម​បណ្តា​សាលារៀន ដើម្បី​ជ្រើសរើស​កីឡាករ​កីឡាការិនី​ថ្នាល សម្រាប់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម និង​ទី​៨ សហព័ន្ធ​នឹងធ្វើ​ការពង្រីក​បណ្តុះបណ្តាល Umpire អា​ប៊ីត និង​អា​ប៊ីត​ខ្សែ ទាំង​បរិមាណ និង​គុណភាព​តាម​កម្រិតស្តង់ដារ​អន្តរជាតិ​។

​លោក​ប្រធាន​រូបនេះ​បាន​បន្តថា សហព័ន្ធ​នឹង​បន្ត​ជួយ​ជ្រោមជ្រែង​ដល់​បណ្តា​ក្លិប​-​សមាគម ដែលមាន​ភាប​ខ្សត់ខ្សោយ តាមរយៈ​ការបញ្ជូន​គ្រូ​បង្គោល​ទៅ​ពង្រឹង​ដល់​ក្លិប ហើយ​សហព័ន្ធ​មិន​ប្រ​ងើយ​កន្តើយ​ឡើយ​សហព័ន្ធ​នឹងធ្វើ​ការផ្សព្វផ្សាយ​ពី​សកម្មភាព​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែមាន​ភាព​ផុសផុល​បន្ថែមទៀត​៕     


Tag:
 ​វាយ​សី​
 ​ លី កុសល
© រក្សាសិទ្ធិដោយ thmeythmey.com