ពីនេះ ពីនោះ
យុវជន​៖ ខ្ញុំ​រៀន​ចប់​កម្រិត​បរិញ្ញាបត្រ ការងារ​ប្រាក់ខែ​តិច​ខ្ញុំ​មិន​ធ្វើ​!
25, Jun 2017 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​និស្សិត​ច្រើនណាស់​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ ពី​គ្រឹះស្ថាន​អប់រំ​កម្រិត​ឧត្ដមសិក្សា​។ ក្នុងនោះ​មាន​និស្សិត​ខ្លះ​ប្រឡង​ចូល​បម្រើ​ការងារ​តាម​ស្ថាប័នរដ្ឋ ខ្លះ​ឯកជន ខ្លះ​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ចំណែក​ខ្លះទៀត​ដើរ​ទាត់​ខ្យល់ ឬ​ទៅធ្វើ​ស្រែ​វិញ ហើយ​អ្នកខ្លះ​នៅ​បន្ត​ស្ពាយ​សញ្ញាបត្រ​ដើររក​ការងារ​នៅឡើយ​។​



​រូបភាព​បែបនេះ បាន​លេច​ឡើងជា​រៀងរាល់ថ្ងៃ​នៅក្នុង​សង្គម​។ ចំពោះ​យុវជន ដែល​រៀន​ចប់​បរិញ្ញាបត្រ ហើយ​មានចំណេះ​លើ​ជំនាញ​ពិតប្រាកដ ស្គាល់​ការងារ ដឹង​របៀប​ធ្វើ​ការងារ  ហើយ​ទទួលបាន​ការងារ​សម​រម្យ មាន​ប្រាក់ខែ​គ្រប់គ្រាន់​គឺជា​រឿង​ដែល​គួរ​ឲ្យ​មាន​មោទកភាព​ចំពោះ​ជាតិ ព្រោះ​មាន​ក្រុមយុវជន​ដែល​ដែល​បន្តវេន​ជម្រុញ​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការងារ​របស់​ពួកគេ​។​

​ប៉ុន្តែ​មាន​យុវជន​មួយចំនួន ពេល​រៀន​នៅ​សាលា​មិនសូវ​ប្រឹងប្រែង ដើរលេង ផឹកស៊ី​សប្បាយ ចូល​ខារ៉ាអូខេ ចូល​ក្លឹប​កម្សាន្ត វង្វេង​ក្នុង​ផ្លូវ​អបាយមុខ បន្ទាប់ពី​រៀន​បាន​បួន​ឆ្នាំ នាំគ្នា​ស្ពាយ​សញ្ញាបត្រ​បរិញ្ញាបត្រ ស្ពាយ​ប្រវត្តិរូប​សង្ខេប​ដើរ​ដាក់​ពាក្យសុំ​ធ្វើ​ការងារ អ្នកខ្លះ​រក​មិនបាន​ការងារ​បន្ទោសរ​ដ្ឋា​ភិ​បាល បន្ទោស​ស្ថាប័ន​ក្រុមហ៊ុន​ទាំងឡាយ​ថា ទាមទារ​រកតែ​បទពិសោធន៍​ការងារ​។ ចំណែក​យុវជន​មួយចំនួន​ផ្សេងទៀត យក​តម្លៃ​សញ្ញាបត្រ​មួយ​សន្លឹក ទៅ​សំ​ញ៉ែង​ទារ​ប្រាក់ខែ​រាប់រយ​ដុល្លា​ទាំង​ខ្លួន​មិនដែល​ធ្វើ​ការងារ​នោះ​ផង​។ អ្នកខ្លះ​បានការ​ងារ​ហើយ​ប្រាក់ខែ​ក្រោម​២០០​ដុល្លា​មិន​ធ្វើ​ទេ ព្រោះ​ខ្លួន​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​។ រូបភាព​ទាំងនេះ គឺ​សុទ្ធតែជា​ទង្វើ​ខ្វះ​ការប្រុងប្រយ័ត្ន និង​គ្មាន​ភាព​ច្បាប់​លាស់​ក្នុងការ​រៀបចំ​ផែនការ​ជីវិត​សម្រាប់​ខ្លួនឯង​របស់​យុវជន​ខ្មែរ​មួយចំនួន ហើយក៏​ជា​រូបភាព​អំណួត​អួត​ក្អែ​ង​ក្អាង​របស់​យុវជន​ផងដែរ​។​

​មែនទែនទៅ ការផ្ដល់​ប្រាក់ខែ​ជូន​បុគ្គលិក​វា​ប្រហែលជា​មិន​ពិបាក​ទេ​សម្រាប់​ម្ចាស់​ក្រុមហ៊ុន នីមួយៗ ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ថា​ត្រូវ​ទទួលបាន​ប៉ុន្មាន​។ ប៉ុន្តែ​ប្រសិនបើ​បុគ្គលិក​ចង់​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ល្គឹកណា​យុវជន​ខ្លួនឯង និស្សិត​ខ្លួនឯង​បានបង្ហាញ​ពី​ប្រសិទ្ធភាព​ការងារ​របស់ខ្លួន​ជាមុនសិន​។ ប្រាក់ខែ​តិច​ពេលខ្លះ​មិនមែនជា​បញ្ហា​ទេ អ្វីដែល​សំខាន់​គឺ​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​ខ្លួន​មាន​សមត្ថភាព​អាចធ្វើ​ការយក​ប្រាក់ខែ​ប៉ុណ្ណឹង​បាន​ហើយ​ឬ​នៅ​?


© រក្សាសិទ្ធិដោយ thmeythmey.com