ជាតិ
សង្គមជាតិ
អាជ្ញាធរអប្សរាប្រាប់ព័ត៌មានរឿងថ្មបណ្តែតទឹកនិងបំណែកទូកដែលប្រទះឃើញនៅទន្លេសាប
× សៀមរាប៖ ក្រោយពីលេចឮព័ត៌មានពេញបណ្តាញសង្គមហ្វេសប៊ុក ដែលថាប្រជាពលរដ្ឋរស់នៅបឹងទន្លេសាប ប្រទះឃើញថ្មបណ្តែតទឹក និងបំណែកទូកមកនោះ អាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យលើករណីនេះ។ ក្រោយពីពិនិត្យរួចមក អាជ្ញាធរជាតិអប្សរា បានត្រឹមកំណត់រូបរាង និងសណ្ឋានថ្ម និងទូក ដែលបានរកឃើញ ដោយមិនបញ្ជាក់ថា ជាថ្ម និងបំណែកទូកបុរាណយ៉ាងណានោះទេ។
អ្នកភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង នៅបឹងទន្លេសាប បានប្រទះឃើញថ្មបណ្តែតទឹក និងបំណែកទូកជាច្រើនបំណែក។
ក្រោយពីដឹងករណីនេះ អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដោយមានការជូនដំណើរពីអាជ្ញាធរមូលដ្ឋាននិងប្រជាជនដែលបានដឹងព័ត៌មាននេះ។ ក្រោយពីបានចុះពិនិត្យនិងវាស់វែងជាក់ស្តែង អ្នកជំនាញបានឃើញមានថ្ម៣ដុំនោះមានទំហំដូចខាងក្រោម៖ ដុំទី១មានបណ្តោយប្រវែង៣.៤៥ម ទទឹង១.២ម និងកម្ពស់ប្រហែល០.៨០ម។ ដុំទី២មានប្រវែងបណ្តោយប្រហែល១ម ទទឹង០.៧០ម។ ដុំទី៣មានបណ្តោយប្រវែង១.៣០ម ទទឹង១.២០ម។ នេះជាខ្លឹមសារដែលបានចុះផ្សាយក្នុងទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា។
ចំពោះទូកឈើមានច្រើនបំណែក ដែលត្រូវបានប្រជាពលរដ្ឋប្រមូលមកផ្តុំលើគ្នា។ ចំណែកទីតាំងថ្មនិងទូកដែលបានប្រទះឃើញនេះស្ថិតនៅក្នុងទឹក មានទីតាំងផ្សេងពីគ្នាចម្ងាយប្រហែល៤០ម៉ែត្រ ដូចមានក្នុងប្លង់គំនូសព្រៀង។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្រុមជំនាញបាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋមូលដ្ឋានក្នុងបំណងអភិរក្សនិងថែរក្សាវត្ថុទាំងនោះនៅទីតាំងដើមឱ្យបានគង់វង្សសម្រាប់ការគោរពបូជារបស់ប្រជាពលរដ្ឋ ក៏ដូចអភិរក្សទុកជាមរតកបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រទេសជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com