បទវិភាគ
សង្គមជាតិ
ខ្មែរ​បែកបាក់ ខ្មែរ​ស្លាប់ ខ្មែរ​រួបរួម ខ្មែរ​រស់ ហើយ​ខ្លាំង​
15, May 2016 , 7:59 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ឆ្លងតាម​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា ធ្លាប់ជា​មហាចក្រ​ភព ដែល​ល្បី​រន្ទឺ​នៅ​អាស៊ី ប៉ុន្តែ ក្រោយមក ដោយមាន​ជម្លោះផ្ទៃក្នុង​រវាង​ខ្មែរ​គ្នាឯង​ផង និង ការរីកចម្រើន​និង​ការឈ្លានពាន​របស់​បរ​ទេស​ផង នាំឱ្យ​ទឹកដី​នៃ​ប្រទេស​កម្ពុជា កាន់តែ​រួម​តូច​។ បន្ទាប់មកទៀត ក្នុងអំឡុងពេល ពី​ឆ្នាំ​១៨៦៣ ដល់ ១៩៥៣ កម្ពុជា​ស្ថិតក្រោម​ការគ្រប់គ្រង​និង​ការត្រួតត្រា​របស់​អា​និគម​និយម បារាំង​, ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០, ១៩៨០ និង ដើម​ទសវត្ស​ឆ្នាំ​១៩៩០ កម្ពុជា បាន​ធ្លាក់​ក្នុង សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ ដែល​ធ្វើឱ្យ​សង្គម​ខ្មែរ​បាន​បែកបាក់ និង ចែកចេញជា​ច្រើន​បក្ស ច្រើន​ក្រុម ច្បាំង​គ្នាឯង ស្ទើរតែ​ជិត​ខិត​ទៅរក​ភាព​សាបសូន្យ​។  

 
​ក្នុង​រយៈពេល​នៃ​ការបែកបាក់​និង​ក្នុង​រយៈពេល​នៃ​សង្គ្រាមស៊ីវិល​កន្លងមក ភាគី​ខ្មែរ​នីមួយៗ បាន​ប្រមូល​កៀងគរ​ទាំង​អ្នកគាំទ្រ​ដែលជា​ប្រជាជន​ខ្មែរ​ក្នុងប្រទេស​ផង និង បាន​ពឹង​បរទេស​ឱ្យជួយ​និង​គាំទ្រ​ផងដែរ ដូចជា បក្ស​ខ្លះ​ពឹង​ប្រទេស​ចិន ខ្លះ​ពឹង​ប្រទេស​អាមេរិក ខ្លះ​ពឹង​ប្រទេស​ថៃ ខ្លះ​ពឹង​ប្រទេស​វៀតណាម ជាដើម​។ ជាធម្មតា ពេលដែល​កម្ពុជា​ពឹង​គេ កម្ពុជា​ជំពាក់​គុណ​គេ ហើយ​តិច​ឬ​ច្រើន កម្ពុជា​ត្រូវ​តបស្នង ឬ ក៏​រណប​នយោបាយ​រប​ស់​គេ​។ ជា​លទ្ធផល ក្នុង​រយៈពេល​នោះ ប្រជាជន​ខ្មែរ​ទាំង​ជន​ស៊ីវិល​និង​យោធា​បាន​ស្លាប់​រាប់លាន​នាក់ ជាពិសេស ក្នុង​របប ប៉ុល ពត​, ទ្រព្យសម្បត្តិ​ជាតិ ទ្រព្យសម្បត្តិ​ឯកជន ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស​...​ត្រូវបាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់​។ ដោយសា​តែ​ភាព​ញាំញី​នៃ​សង្គ្រាមស៊ីវិល ដែល​អូសបន្លាយ​ជិត​៣០​ឆ្នាំ​នោះ ហើយ​ដែល​ធ្វើឱ្យ​កម្ពុជា​បាន​ឆ្លងកាត់​បទពិសោធ​ដ៏​អាក្រក់ ជូរចត់ រហូតដល់​មាន​អ្នកវិភាគ​ខ្លះ បាន​អះអាងថា កម្ពុជា​បាន​ធ្លាក់ចុះ​ដល់​កម្រិត​សូន្យ ពោល​គឺជា​បទពិសោធន៍​មួយ​ដែល​ប្រជាជន​កម្ពុជា​បាន​ជួប​មហន្តរាយ ការឈឺចាប់ ការវិនាស​ព្រាត់ប្រាស់ ដែល​ខ្មែរ​មិន​ចង់ឱ្យ​វា​កើតមាន​ឡើងវិញ​ឡើយ​។     
 
​ក្រោយមក​ក្នុង​ឆ្នាំ​១៩៩១ ដោយមាន​អន្តរាគមន៍​ពី​បរទេស និង មានការ​ព្រមព្រៀង​រវាង​ភាគី​ខ្មែរ​ខ្លួនឯង​ផង កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ត្រូវបាន​បង្កើតឡើង​។ ចាប់ពីពេលនោះ​មក កម្ពុជា បាន​ឈប់​ច្បាំង​គ្នា​ដើម្បី​ដណ្ដើម​អំណាច​ទៀតហើយ ក្រុម​ផ្សេងៗ​បាន​ក្លាយទៅជា​បក្សនយោបាយ និង បាន​ប្រកួតប្រជែង​គ្នា​តាមរយៈ​ការបោះឆ្នោត​ដើម្បី​ឡើងកាន់​អំណាច​។​
 
​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ឆ្លងកាត់​ការប្រកួតប្រជែង​ខាង​នយោបាយ​ចំនួន​៤​អាណត្តិ​មកនេះ គេ​បាន​សង្កេតឃើញថា កម្ដៅ​នយោបាយ ឡើង​ចុះៗ ពេលខ្លះ​ជាប់គាំង ពេលខ្លះ​មាន​អំពើហិង្សា និង ករណី​ខ្លះទៀត មាន​ការប្រើ​កម្លាំង ឬ អំណាច​រដ្ឋ ដើម្បី​យក​ប្រៀប​ឈ្នះ​លើ​ដៃគូរ​ប្រជែង​របស់ខ្លួន ជាដើម​។ ថ្មីៗ​បំផុត​នេះ​កម្ដៅ​នយោបាយ បាន​ឡើង​ផ្ទួនៗ រហូតដល់​មានការ​ប្រើប្រាស់​ពាក្យពេចន៍​គ្រោតគ្រាត​ដាក់គ្នា​ទៅវិញទៅមក​រវាង​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង មាន​ការប្រើ​អំពើហិង្សា​លើ​អ្នកនយោបាយ និង មានការ​ប្ដឹងប្ដល់​គ្នា​តាមផ្លូវ​តុលាការ ជាដើម​។​
 
​ស្ថិតក្នុង​សភាព​បែបនេះ អ្នកតាមដាន​និង​អ្នកវិភាគ​នយោបាយ សង្គម​ស៊ីវិល និង ជាពិសេស ប្រជាពលរដ្ឋ បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដោយ​ខ្លាច​សភាព​ការតានតឹង​ខាង​នយោបាយ​បច្ចុប្បន្ន កាន់​តែមាន​កម្រិតធ្ងន់​ទៅៗ និង អាច​ធ្លាក់​ទៅក្នុង​បទពិសោធ​អាក្រក់​ដូច​អតីតកាល​របស់​កម្ពុជា​។ បើ​គិត​មកដល់ពេលនេះ ថ្វីបើ​កម្ពុ​ជាមាន​សន្តិភាព ក្រុម​អ្នកតស៊ូ​ខ្មែរ​ទាំងអស់​ក្នុង​អតីតកាល​បានធ្វើ​សមាហរណកម្ម​ក្នុងសង្គម​ខ្មែរ​ក៏ពិតមែន ប៉ុន្តែ បើ​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ​បន្តិច គេ​នឹង​មើលឃើញថា សភាព​ការ​នយោបាយរ​បស់​កម្ពុជា មាន​ភាព​ផុយ​ស្រួល​ណាស់ ដែល​អាច​និយាយបានថា ឯកភាព​ជាតិ​ពិតប្រាកដ​ស៊ីជម្រៅ​ក្នុងសង្គម​ខ្មែរ មិនទាន់​អាច​សម្រេចបាន​នៅឡើយ​ទេ​។​
 
​ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​មិន​ចៀសឱ្យផុត​ពីបទ​ពិសោធ​ន៍​អាក្រក់​ក្នុង​អតីតកាល​ទេ សង្គម​ខ្មែរ​នឹង​នៅតែ​បន្ត​បែកបាក់​ឥតឈប់ឈរ ហើយ​ទីបំផុត​សង្គម​ខ្មែរ​អាចមាន​វាសនា​ដូច​ប្រទេស​នានា ដូចជា ស៊េរី លី​ប៊ី យ៉េ​ម៉ែន ជាដើម​។ ហេតុនេះ អ្នកនយោបាយ​ខ្មែរ ត្រូវ​ចៀសឱ្យផុត​ពី​គំរូ​អាក្រក់​ទាំងនេះ និង ត្រូវតែ​ចាំ​ថា បើ​ខ្មែរ​បែកបាក់​នឹង​ខ្មែរ​ស្លាប់ បើ​ខ្មែរ​រួបរួម​ទើប​ខ្មែរ​រស់​៕
                
 

© រក្សាសិទ្ធិដោយ thmeythmey.com