ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ការពារ​ប្រាសាទ ពេល​មាន​ខ្យល់​ខ្លាំង​
14, May 2016 , 5:48 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់  ការពារ​ខ្លួន​ពី​ខ្យល់ព្យុះ និង​ខ្យល់​កន្ត្រាក់​។ ជាងនេះទៅទៀត​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រួតពិនិត្យ​ដើមឈើ​ដែល​ដុះ​ក្បែរ​ប្រាសាទ​ផងដែរ ក្រែង​អាច​ដួល​បាក់​សង្កត់​ប្រាង្គ​ប្រាសាទ នៅពេល​ដែលមាន​ខ្យល់​ខ្លាំង​។​


 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​តាមដាន នៅតាម​ទី​រមណីយដ្ឋាន​ប្រាសាទ ដែលមាន​ដើមឈើ​ធំៗ ដែល​អាច​ងាយ​រលំ​បង្ក​ការ​ខូ​ត​ខាត​ដល់​ប្រាសាទ​ជាយថាហេតុ​។ ការអំពាវនាវ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ធ្វើឡើង​ក្រោយពី​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ដែល​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​បាន​ខូចខាត និង​ដើរ​ឈើ​នៅខាងមុខ​ប្រាសាទ​មួយចំនួន បាន​ដួលរលំ​។ 
 
​ជាមួយគ្នានេះ ប្រមុខ​បក្ស​កាន់អំណាច ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​នឹង​បាតុភូតធម្មជាតិ​នេះ​ផងដែរ​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន សម្តេច ហ៊ុន សែន បាន​អំពាវនាវ​បែបនេះ​ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ជាពិសេស​ដែលមាន​ផ្ទះ​ក្បែរ​ដើមឈើ​ធំៗ ហើយ​សូម​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាបន្ទាន់ ប្រសិនបើ​ជួបប្រទះ​គ្រោះធម្មជាតិ​បែបនេះ ឬក៏​ត្រូវការ​ជំនួយ​សង្គ្រោះបន្ទាន់​ណាមួយ​»​។ 
 
​ដោយឡែក ទាក់ទង​នឹង​គ្រោះ​រាំង​ស្ងួ​ង​វិញ ប្រមុខ​រដ្ឋាភិបាល ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​បន្ត​ចុះ​ស្តារ និង​ជីក​អណ្តូង បឹង ស្រះ ប្រឡាយ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រើប្រាស់ និង​សម្រាប់​បង្ការ​ការខ្វះ​ទឹក​នៅពេល​ក្រោយៗ ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com