ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល បដិសេធថា​គ្មាន​បំណង​យក​ពេទ្យ​គន្ធបុប្ផា​មក​គ្រប់គ្រង​វិញ​ឡើយ
18, May 2016 , 10:46 pm        
រូបភាព
ដោយ:
ក្រសួងសុខាភិបាល ប្រកាសថា ក្រសួងគ្មាន​បំណង​យក​មន្ទី​ពេទ្យ​គន្ធបុប្ផា​មក​គ្រប់គ្រង​ដោយផ្ទាល់​វិញ​ឡើយ។ ការប្រកាស​របស់​ក្រសួងសុខាភិបាល​បែបនេះ ​ធ្វើឡើង​ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ ដែល​ចោទថា​ក្រសួង ​គ្រោង​យក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​យកមក​គ្រប់គ្រង​វិញ។



សេចក្តី​ជូន​ព័ត៌មាន​ចុះ​ថ្ងៃទី១៨ឧសភា​នេះ ក្រសួងសុខាភិបាល​អះអាង​យ៉ាង​ដូច្នេះ​ថា៖«ក្រសួង​មិនមាន​បំណង​ក្នុង​ការយក​មន្ទីរពេទ្យ​គន្ធបុប្ផា ​មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​នោះឡើយ។ ផ្ទុយទៅវិញ ក្រសួងសុខាភិបាល ដោយ​ធ្វើការ​ជិតស្និទ​ជាមួយ​លោក Beat Richner ដែលជា​ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា កំពុង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ និង​វិធាន​ការដែល​អាច​អនុវត្តន៍​​ទៅបាន ដើម្បី​ទ្រទ្រង់​ដំណើរការ និង​ជួយ​ឧបត្ថម្ភមន្ទី​រពេទ្យ​នេះ ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ សំដៅ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ទូទៅ។ ជាពិសេស​ផ្ដល់​សេវា​ការពារ ពិនិត្យ និង​ព្យាបាល​ជំងឺជូន​ដល់​មាតា និង​កុមារ​កម្ពុជា​យើង»។

ក្រៅពី​បដិសេធ​លើ​ពាក្យ​ចចាមអារ៉ាម​នេះហើយ ក្រសួងសុខាភិបាល ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក Beat Richner ស្ថាបនិក​មូល​និ​ធិ​គន្ធបុប្ផា ដែល​បាន​លះបង់កម្លាំងកាយ​ចិត្ត ក្នុងការ​បង្កើត​មន្ទី​រពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​រាប់សែន​នាក់ និង​បាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​ផ្នែក​វេជ្ជសាស្ត្រ​ទៀតផង។

កន្លងមក រដ្ឋាភិបាលសម្រេចបង្កើនកញ្ចប់ថវិកា​រហូតដល់៦លាន​ដុល្លារអាមេរិកក្នុង​មួយឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១៦នេះទៅ សម្រាប់​ដំណើរការ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ជាមួយគ្នានេះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្រេច​ដាក់​ប​ញ្ជូ​ល​គ្រូពេទ្យ​ឯកទេស​ និង​បុគ្គលិក​បច្ចេកទេស​សុខាភិបាល​ ជាប់កិច្ចសន្យា​ចូល​ក្របខណ្ឌ​រដ្ឋ ដោយបាន​ចូល​បម្រើ​ការងារ​នៅក្នុង​មន្ទី​រពេ​ទ្យ​គន្ធបុប្ផានេះ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com