ពីនេះ ពីនោះ
ចង់ធ្វើតែកិច្ចការដែលងាយស្រួល គឺជាបុគ្គលដែលបរាជ័យ
× ភ្នំពេញ៖ លើលោកនេះគ្មានអ្នកណាម្នាក់ដែលមិនចង់ស្រួល មិនចង់ទទួលបានសុភមង្គលនោះទេ ហើយមាគ៌ាដើម្បីទទួលបានរបស់ទាំងនេះក៏មិនអាចសម្រេចបានដោយស្រួលដែរ។ ចំណែកឯភាពជោគជ័យធំ មិនអាចទទួលបានគ្រាន់តែទៅធ្វើកិច្ចការដែលតូចតាចនោះដែរ ។ ប៉ុន្តែការបង្កើតគោលដៅ បង្រើកមហិច្ឆតា បង្កើនចំណង ដើម្បីឲ្យជីវិតខ្ពង់ខ្ពស់នោះទើបជាមាគ៌ាឲ្យខ្លួនឯងឆ្ពោះទៅមុខកាន់តែខ្លាំង។
ជាបុគ្គលម្នាក់ នឹងមិនអាចទទួលបានអ្វីមួយដែលល្អ ឬទទួលបានភាពជោគជ័យធំធេងនោះទេ ប្រសិនបើបុគ្គលនោះនៅតែបន្តប្រើជីវិតរបស់ខ្លួនក្នុងការធ្វើកិច្ចការតូចតាច និងងាយស្រួលនោះ។ ព្រោះថា ជោគជ័យធំ គឺអាចទទួលបានមក ដោយសារបុគ្គលដែលមានគោលដៅច្បាស់លាស់ និងចង់សម្រេចគោលបំណងនោះយ៉ាងខ្លាំង បូករួមទាំងការខិតខំ និងឆន្ទៈយ៉ាងមុះមុត និងកម្លាំងផ្នែកបញ្ញា។ ពោលគឺបើសិនជាបុគ្គលណាម្នាក់ ធ្វើអ្វីមួយទៅតាមទម្លាប់ស្រួលៗនោះ ជីវិតរបស់គេ ក៏មិនអាចកែប្រែពីអតីតកាលនោះដែរ។ យ៉ាងណាមិញ ក៏កុំរំពឹងថាជីវិតខ្លួនឯងអាចទទួលបានជោគជ័យនៅថ្ងៃអនាគតឲ្យសោះ។
ប៉ុន្តែផ្ទុយមកវិញ បើចង់ជោគជ័យធំ ត្រូវតែកុំព្យាយាមចំណាយពេលប្រយុទ្ធជាមួយកិច្ចការដែលស្រួលៗ ដែលមិនសូវគិតច្រើន តែត្រូវទៅចាប់យកអ្វីមួយដែលមានការប្រកួតប្រជែងខ្ពស់ ទើបធ្វើឲ្យអ្នកមានភាពរឹងមាំកាន់តែខ្លាំង។ ទីបំផុត អ្នកនឹងមើលឃើញដោយខ្លួនឯងថា គ្មានអ្នកខ្លាំងណាម្នាក់ដែលមិនមាននោះទេ ហើយក៏ស្ទើរគ្មានអ្នកខ្លាំងណាដែលមិនជោគជ័យដែរ។ មានតែបុគ្គលដែលគេចវេះពីការតស៊ូ និងប្រកួតប្រជែងទេ ដែលបរាជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com