ជាតិ
បទវិភាគ
សង្គមជាតិ
ពាក្យពេចន៍​ជំរុញ​ឲ្យ​ផឹក​គ្រឿង​ស្រវឹង ខ្លាំង​ជាង​ពាក្យពេចន៍​ណែនាំ​កុំ​ឲ្យ​ផឹក​!
02, Oct 2016 , 4:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្មីៗ​នេះ គេ​សង្កេតឃើញ​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្ដីជូនដំណឹង​មួយ​ហាម​មិនឱ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស តាមរយៈ​ទូរទស្សន៍​នៅ​ម៉ោង​សំខាន់ គឺ​ចាប់​ម៉ោង​៧​ទៅ​ម៉ោង​៩​យប់​។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ការអនុវត្ត​សេចក្ដី​ជូន​ដ​ណឹ​ង​នេះ​នៅ​មិនទាន់បាន​រលូន​នៅឡើយ ដោយសារតែ​អ្នក​ផ្សព្វផ្សាយ​យល់ថា មិនទាន់មាន​ច្បាប់​ស្ដីពី​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​។ លើសពីនេះ​ទៀត ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​រូបភាព​ផ្សេងៗ ដូចជា តាម​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម និង ជាពិសេស តាមរយៈ​ការប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​ស្រា​បៀរ​ក៏​កំពុងមាន​ភាព​ផុសផុល គគ្រឹកគគ្រេង ពាសពេញ​ប្រទេស ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នានា​ផងដែរ​។

 
​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ជាពិសេស តាមរយៈ​ទូរទស្សន៍ ត្រូវបាន​គេ​គិតថា កាន់តែ​លើកទឹកចិត្ត​ឱ្យ​កុមារ យុវជន និង អ្នក​ដែល​ចូលចិត្ត​គ្រឿង​ស្រវឹង កាន់តែ​ចង់​សាក​និង​បង្កើន​ការផឹក​គ្រឿង​ស្រវឹង ដែល​ជះ​ឥ​ទ្ឋិ​ពល​មិនល្អ​ដល់​សុខភាព បញ្ញា ស្មារតី បង្កើន​ការចំណាយ បង្កជម្លោះ​ក្នុង​គ្រួសារ​និង​សហគមន៍ ព្រមទាំង​បង្ក​អំពើ​អសីលធម៌​ផ្សេងៗ ដូចជា ការបង្ក​របួសស្នាម ការចាប់រំលោភ​ផ្លូវភេទ ការបង្ករ​គ្រោះថ្នាក់​ចរាចរណ៍ និង ឃាតកម្ម ជាដើម​។​
 
​ជាទូទៅ គេ​សង្កេតឃើញ​បំណង​នៅ​ពីក្រោយ​ការផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យ​ផឹក​គ្រឿង​ស្រវឹង មាន​ទំហំធំធេង​ជាង​គំនិត​ដែល​ចង់​ទប់ស្កាត់​មិនឱ្យ​សេព​គ្រឿង​ស្រវឹង ដែល​គេ​ធ្វើឡើង​ដោយ​បង្ខំចិត្ត​។ ឧទាហរណ៍​ខ្លះៗ​ក្នុងការ​ប្រើ​វោហា​សាស្ត្រ​ដើម្បី​ទាក់ទាញ​អតិថិជន មានដូចជា ទិញ​ស្រា​បៀរ​កាន់តែច្រើន ទួលបាន​រង្វាន់​កាន់តែច្រើន​, ការផឹក​កាន់តែច្រើន​មានឱកាស​ឈ្នះ​រង្វាន់​កាន់តែច្រើន​និង​មានសំណាង​កាន់តែ​ធំ​ក្នុង​ទទួល​រង្វាន់​មហាសាល ដូចជា ទូរ​សព្ទ​ទំនើប ម៉ូតូ ឡាន ប្រាក់​រាប់លាន មាស​រាប់​តម្លឹង និង វត្ថុ​មានតម្លៃ​ជាច្រើន​ទៀត​។ ក្នុងករណី​ជាច្រើន គេ​យក​ស្រី​ស្អាត​មក​ទាក់ទាញ​ក្នុង​ឈុត​ផ្សព្វផ្សាយ ឬ ក្នុង​ការប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​ស្រា​បៀរ​។ ក្នុងករណី​ខ្លះទៀត អ្នក​ផ្សព្វផ្សាយ មាន​ចេតនា និយាយ​បំផ្លើស​ការណ៍​ពិត ដូចជា​ថា ការផឹក​ស្រា​បៀរ​មាន​សុខភាព​រឹងមាំ មាន​កម្លាំង​ខ្លាំងក្លា បញ្ញា​វាងវៃ ឬ មាន​សុភមង្គល​ក្នុង​គ្រួសារ ជាដើម​។ 
 
​ផ្ទុយទៅវិញ ពាក្យ​អប់រំ​ដើម្បី​ទប់ស្កាត់​ការផឹក​គ្រៀង​ស្រវឹង​វិញ គឺមាន​តិចតួច​ប៉ុណ្ណោះ ដូចជា «​បើ​ស្រវឹង​សូមកុំ​បើកបរ​» គំនិត​នេះ មិនមែន​ចង់​ទប់ស្កាត់​ការសេព​គ្រឿង​ស្រវឹង ឬ ពន្យល់​អំពី​ផលប៉ះពាល់​ស៊ីជម្រៅ​នៃ​ការសេព​គ្រឿង​ស្រវឹង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង ខ្លាចរអា មិន​ហ៊ាន​ផឹក​គ្រឿង​ស្រវឹង​ទេ គ្រាន់តែ​និយាយ​មួយ​ជ្រុង​តូច​នៃ​ហា​និ​ភិ​យ​ក្នុង​ការសេព​គ្រឿង​ស្រវឹង​ក្នុងន័យ​ថា ផឹក​ចុះ​តែបើ​ស្រវឹង សូមកុំ​បើកបរ​។​
 
​បើ​និយាយ​អំពី​រូបភាព​នៃ​ការផ្សព្វផ្សាយ​វិញ ក៏បាន​បង្ហាញឱ្យឃើញ​មាន​អតុល្យភាព​រវាង​គំនិត​ចង់​ទាក់ទាញ​ឱ្យ​ផឹក​គ្រឿង​ស្រវឹង និង គំនិត​ចង់​រារាំង​មិនឱ្យ​ផឹក​គ្រឿង​ស្រវឹង​ដែរ​។ រូបភាព​ទាំងនោះ មានដូចជា ការប្រើ​បច្ចេកទេស​ដំឡើង​សម្លេង​ឱ្យឮ​ខ្លាំង ប្រើ​រយៈពេល​វែង​ជាង មាន​រូបភាព​ច្បាស់​ជាង និង ខ្លឹមសារ​ទាក់ទាញ​ជាង ក្នុងការ​បញ្ចុះបញ្ចូល​ឱ្យ​ផឹក ឯ​សារ​ដែល​អប់រំ​អំពី​ផលប៉ះពាល់​នៃ​ការសេព​គ្រឿង​ស្រវឹង​វិញ គេ​ប្រើ​សម្លេង​ឮ​មិនសូវ​ខ្លាំង ប្រើ​រយៈពេល​ផ្សាយ​ក៏​ខ្លី​ជាង ចំណែកឯ​រូបភាព​និង​ខ្លឹមសារ​វិញ​ក៏​មិនសូវ​កន្ត្រាក់​អារម្មន៍​ដែរ​។​
 
​មានមតិ​ជាច្រើន​បាន​លើកឡើងថា ការទប់ស្កាត់​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​មិនទាន់មាន​ប្រសិទ្ធភាព​នេះ អាច​បណ្ដាលមកពី​កត្តា​ជាច្រើន ដូចជា មិនទាន់មាន​ច្បាប់​ស្ដីពី​គ្រឿង​ស្រវឹង​, អ្នកលក់​គ្រឿង​ស្រវឹង​ទ្រង់ទ្រាយ​ធំ​ភាគច្រើន គឺជា​សាច់ញាតិ​របស់​អ្នកធំ​និង​មន្ត្រី​អនុវត្ត​ច្បាប់​, មន្ត្រី​មាន​សមត្ថកិច្ច ឬ មន្ត្រី​ជំនាញ មិនទាន់មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ទប់ស្កាត់​ការសេព​គ្រឿង​ស្រវឹង ឬ មិនទាន់​យកចិត្តទុកដាក់​ខ្លាំង​ដល់​ផលប៉ះពាល់​នៃ​ការសេព​គ្រឿង​ស្រវឹង​ចំពោះ​សង្គម​។ ក្រៅពីនេះ នៅមាន​កត្តា​រួមផ្សំ​ជាច្រើន​ទៀត ដូចជា ការឱ្យ​តម្លៃ​សម្ភារៈ មាសប្រាក់ ច្រើនជាង ស្មារតី និង សេចក្ដីសុខ ឬ សុភមង្គល​ពិតប្រាកដ ជាដើម​។​
 
​ជា​កាណ៍​ពិត បើទោះបីជា​កាត់បន្ថយ​ការផ្សព្វផ្សាយ ឬ បញ្ឈប់​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ក៏​នៅតែមាន​អ្នក​សេព​គ្រឿង​ស្រវឹង​ដែរ ប៉ុន្តែ ភាគរយ​នៃ​អ្នក​ចាប់អារម្មណ៍ និង អ្នក​ផឹក អាច​ថយចុះ​។ ម្យ៉ាងទៀត បើ​យើង​មានច្បាប់​ស្ដីពី​គ្រឿង​ស្រវឹង ដែល​មានការ​រឹតបន្តឹង​ទាំង​ការផ្សព្វផ្សាយ ការកំណត់​អាយុ​អ្នក​ផឹក ការផាកពិន័យ​អ្នក​ស្រវឹង​ហើយ​បើកបរ​... រួមទាំង​មានការ​អប់រំ​ជា​ប្រព័ន្ធ​អំពី​ផលប៉ះពាល់​នៃ​ការសេព​គ្រឿង​ស្រវឹង​ដែរនោះ ហានិភ័យ​ផ្សេងៗ​ដែល​កើតឡើង​ពី​ការសេព​គ្រឿង​ស្រវឹង ពិតជា​អាច​កាត់បន្ថយ​បាន​។ ម្យ៉ាងទៀត វា​ក៏បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ និង មន្ត្រី​មា​នស​ត្ថ​កិច្ច​ចំពោះ​សុខុមាលភាព និង ភាពសុខដុមរមនារ​បស់​ប្រជាពលរដ្ឋ​ផងដែរ​៕             
 

Tag:
 គ្រឿង​ស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com