ជាតិ
បទវិភាគ
សង្គមជាតិ
ហេតុអ្វី​បានជា​មនុស្ស​មួយចំនួន​មាន​ជំនឿ​លើ​អ​បិ​យ​ជំនឿ​?
21, May 2016 , 9:20 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ចាប់តាំងពី​មាន​សង្គមមនុស្ស​នៅលើ​ភពផែនដី​មក ជំនឿ​បែប​ព្រលឹង​និយម ដែល​ជឿថា​អ្វីៗ​ទាំងអស់​នៅក្នុង​ធម្មជាតិ ដូចជា ទឹក ដី ភ្លើង ខ្យល់ ព្រះអាទិត្យ ព្រះ​ច័ន្ទ​, វត្ថុ​ធម្មជាតិ​ផ្សេងៗ​។​ល​។ សុទ្ធ​តែមាន​វិញ្ញាណ មានព្រលឹង ឬ ជំនឿ​បែប​អធិធម្មជាតិ ដែល​ជឿថា មាន​តួអង្គ​អស្ចារ្យ​ប្រកបដោយ​អំណាច​ឥត​ព្រំដែន មាន​មហិទ្ធិឫទ្ធិ ដូចជា អាទិទេព ទេវតា

អារក្ស អ្នកតា​...​អាច​គ្រប់គ្រង​និង​កំណត់​វាសនា​របស់​មនុស្ស សត្វ និង អ្វីៗ​ទាំងអស់​នៅលើ​ចក្រ​វា​នេះ ក៏មាន​កំណើត​ចាប់ពីពេលនោះ​ដែរ​។ ជំនឿ​ទាំងនេះ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​និង​អ្នក​ទស្សនវិជ្ជា​សន្មត​ហៅថា «​ជំនឿ​មិន​សម​ហេតុផល​»​។ មនុស្ស​ជំនាន់​ដើម​ស្ទើរតែ​ទាំងអស់​បានធ្វើ​ការសម្រេច​ចិត្ត​និង​ការប្រព្រឹត្ត​ផ្អែកលើ​ជំនឿ​នេះ បើទោះបី​ជាមាន​លទ្ធផល​យ៉ាងណាក៏ដោយ ក៏​ពួកគេ​សុខចិត្ត​ទទួលយក​ដែរ ពីព្រោះ​តែ​ការយល់ឃើញ​របស់​ពួកគេ​នៅ​សម័យ​នោះ​នៅមានកម្រិត​ទាប ឯ​របកគំហើញ​និង​ការបង្កើត​ថ្មី​ខាង​វិទ្យាសាស្ត្រ​ក៏​មិនទាន់មាន​កម្រិត​ខ្ពស់​ដែល​អាចជួយ​ពន្យល់​រឿងនេះ​បានច្បាស់លាស់ និង មិន​អាចជួយ​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​បាន​ច្រើន​ដែរ​។​

 
​ឆ្លងកាត់​រយៈពេល​ជាច្រើន​សម័យកាល​ជា​បន្តបន្ទាប់ រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ សង្គមមនុស្ស​មានការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ ទាំង​ការគិត ការពិចារណា ការវិភាគ និង វាយតម្លៃ​តាមបែប​ទស្សនវិជ្ជា​, ការ​ចងក្រង​ទ្រឹស្តី​និង​រូបមន្ត​បែប​វិទ្យាសាស្ត្រ ទាំង​របកគំហើញ​និង​ការបង្កើត​ថ្មី​ខាង​វិទ្យាសាស្ត្រ​ជាច្រើន​ទៀត សម្រាប់​បំពេញតម្រូវការ សេចក្ដីប្រាថ្នា និង សម្រាប់​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ចំណេះដឹង​ថ្មី​ទាំងអស់នោះ​មិនបាន​ជ្រាបចូល​ទៅក្នុង​ស្មារតី​របស់​មនុស្ស​គ្រប់រូប​ស្មើៗ​គ្នា​នោះទេ​។ លើសពីនេះទៅទៀត ចំណេះដឹង​ថ្មី​ទាំងអស់នោះ​ក៏​មិនអាច​ដោះស្រាយ​បញ្ហា​របស់​មនុ​ស្សបាន​ទាំងអស់​ដែរ​។ ឯ​វិទ្យាសាស្ត្រ​វិញ ក៏​មិនអាច​ជីក​កកាយ​និង​លាតត្រដាង​រាល់​អាថ៌កំបាំង មិនអាច​បកស្រាយ​បាន​រាល់​ចម្ងល់​របស់​មនុស្ស និង មិនអាច​រួ​ចំណែក​ដោះស្រាយបាន​រាល់​បញ្ហា​របស់​មនុ​ស្សបាន​ដែរ​។ កត្តា​មូលដ្ឋាន​នេះហើយ​ដែល​ជំ​រុញឱ្យ​មនុស្ស​មួយចំនួន​នៅតែ​ខ្វះ​ចំណេះដឹង​, សង្គមមនុស្ស​នៅតែមាន​បញ្ហា ជួប​ការលំបាក មាន​ចម្ងល់​មិនអាច​ដោះស្រាយបាន និង បន្ត​ជឿ​លើ​ជំនឿ​មិន​សម​ហេតុផល ឬ អ​បិ​យ​ជំនឿ​ទាំងនេះ​។​
 
​មាន​ហេតុផល​មួយចំនួន​នៅ​ពីក្រោយ​ការបន្ត​ជឿ​លើ​ជំនឿ​មិន​សម​ហេតុផល​នេះ ដូចជា​៖ ទី​១ ការមិនយល់​អំពី​ដំណើរ​ធម្មជាតិ​, ការវិវត្ត​របស់​ធម្ម​ជាតិ​និង​បាតុភូតធម្មជាតិ​, ទី​២ ការមិនយល់​ពី​ធម្មជាតិ​របស់​មនុស្ស មិន​យល់​ពី​អន្តរ​កម្ម​សង្គម​, ក្រឹត្យក្រម​សង្គម​, ល្បិច​សង្គម​, បញ្ហា​នៃ​ជីវិត​សង្គម និង បញ្ហា​នៃ​ជីវិត​បុគ្គល​...​ទី​៣ មិន​យល់​ពី​ទំនាក់ទំនង​រវាង​ហេតុ​និង​ផល​នៅក្នុង​ធម្មជាតិ​និង​ក្នុង​សង្គមមនុស្ស​, ទី​៤ ក្នុង​ករណីខ្លះ ទាំង​បុគ្គល​និង​សង្គម នៅតែ​បន្ត​ជួប​បញ្ហា​ស្មុគស្មាញ​មិនអាច​យល់បាន​និង មិនទាន់​អាច​ដោះស្រាយបាន និង ទី​៥ មិន​យល់​ពី​របៀប​ដោះស្រាយ​ប​បញ្ហា​ដែល​បង្កឡើង​ដោយ​ធម្មជាតិ​និង​មនុស្ស​។​
 
​យោងតាម​ការពិនិត្យ ការអង្កេត និង ការវិភាគ​គេ​អាច​និយាយបានថា ជាទូទៅ អ្នក​ដែល​នៅ​បន្ត​ជឿ​លើ​ជំនឿ​មិន​សម​ហេតុផល អាចជា​ក្រុមមនុស្ស​ដូចខាងក្រោម​៖
 
​ទី​១ ក្រុមមនុស្ស​ដែលមាន​បញ្ហា​ច្រើន​នៅក្នុង​ជីវិត ដូចជា ជីវភាព​ក្រីក្រ​, មាន​ជំងឺ​រ៉ាំរ៉ៃ​, មិន​ចុះសម្រុង​ក្នុង​គ្រួសារ​, បរាជ័យ​ក្នុង​ស្នេហា​, បរាជ័យ​ផ្ទួនៗ​ក្នុង​ការងារ​ឬ​ក្នុងការ​ប្រកួតប្រជែង និង ជួប​វិបត្តិ​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់ ហើយ​មិន​អាចជួយ​ខ្លួនឯងបាន​។​
 
​ទី​២ ក្រុមមនុស្ស​ដែលមាន​ចំណេះដឹង​ទាប ខ្វះ​ការពិចារណា និង ការវិភាគ​បែប​ទស្សនវិជ្ជា​។​
 
​ទី​៣ ក្រុមមនុស្ស​ដែល​រស់នៅក្នុង​ម​ជ្ឍ​ដ្ឋា​ន​សង្គម​មិនទាន់​រីកចម្រើន ដែល​ប្រជាជន​ភាគច្រើន​មានចំណេះដឹង​ទាប​, រស់នៅ​បែប​បុរាណ ដែល​ពោរពេញ​ដោយ​ការភ័យខ្លាច​, ភាព​ងាយ​ជឿ​, រស់នៅ​ផ្អែកលើ​ព្រេងវាសនា​, ព្រហ្ម​លិខិត​, ការ​បន់ស្រន់​, ការ​សែនព្រេន​,​ការ​ទស្សន៍ទាយ​...​។​
 
​ទី​៤ ក្រុមមនុស្ស​ដែល​ទទួលបាន​ព័ត៌មាន​តិចតួច ពី​ព្រោះតែ​ពួកគេ​មិន​ចូលចិត្ត​ការអាន ការ​ស្ដាប់ ការ​ទស្សនា​ព័ត៌មាន​ឬ​ហេតុការណ៍​ផ្សេងៗ​...«​ពួកគេ​រស់នៅ​ដូច​កង្កែប​ក្នុង​អណ្ដូង​»​។​
 
​ទី​៥ ក្រុម​អ្នកជំនួញ អ្នកមាន អ្នកនយោបាយ អ្នកមាន​ដំណែង​ខ្ពស់ និង មនុស្ស​មួយចំនួន​ដែលមាន​ចំណេះដឹង​ទាប តែ​ពួកគេ​ជា​អ្នកទទួលបាន​ជោគជ័យ​ធំធេង​និង​ផ្ទួនៗ​ពី​អាជីព​របស់​ពួកគេ ដែល​ធ្វើឱ្យ​ពួកគេ​ស្ទើរតែ​លែង​ជឿ​លើ​សមត្ថភាព​ខ្លួនឯង​ថា អាច​ទទួលបាន​ជ័យ​ជំ​នេះ​ដូច្នេះ ហេតុផល​នេះហើយ​ដែល​ធ្វើឱ្យ​ពួកគេ​បែរមក​ជឿ​លើ​ជំនឿ​មិន​សម​ហេតុផល​ទៅវិញ ដោយ​សន្មត​ថា អ្វីៗ​ដែល​ពួកគេ​ទទួលបាន​គឺ​មកពី​ព្រហ្ម​លិខិត​។​
 
​ពី​ព្រោះតែ​ទាំងអស់​នេះហើយ ទើប​គេ​សង្កេតឃើញ​ជំនឿ​មិន​សម​ហេតុផល នៅតែ​បន្ត​មាន​អត្ថិភាព​ក្នុងសង្គម​មនុស្ស​ទូទៅ រួមទាំង​សង្គម​ខ្មែរ​ដែរ​។ ជាក់ស្ដែង ក្នុង​រយៈពេល​កន្លងមក​និង​ក្នុង​រយៈពេល​ថ្មីៗ​នេះ យើង​សង្កេតឃើញ​លេចឡើង​នូវ​ជនខិលខូច​មួយចំនួន ដូចជា ករណី ធាន វុទ្ធី ក្នុង​ខេត្តកណ្ដាល ដែល​តាំងខ្លួន ជា​ព្រះ​សិ​អារ្យ​មេត្រី​, ករណី នេ​ត ខៃ ចៅអធិការ​វត្ត​ស្រះចក រាជធានី​ភ្នំពេញ តាំងខ្លួន​ជា​គ្រូ​ស្រោច​ទឹក​ស័​ក្ដ​សិទ្ធិ ដោយ​លួ​យ​ថតរូប​អាក្រាត​របស់​អ្នក​មក​ស្រោច​ទឹក​, ករណី ជួន សំអាត នៅ​កំពង់ធំ ដែល​តាំងខ្លួន​ជា​គ្រូ​ព្យាបាល​ជំងឺ​ស័​ក្ដ​សិទ្ធិ​តាមរយៈ​ការព្យាបាល​ដោយ​បន្លំ​រួមភេទ​ជាមួយ​អ្នកជំងឺ​...​និង នៅមាន​រឿង​រ៉ាង​បោកប្រាស​បែប​អ​បិ​យ​ជំនឿ​ជាច្រើន​ទៀត​។​
 
«​ដរាបណា នៅមាន​អ្នក​ជឿ​លើ​ជំនឿ​មិន​សម​ហេតុផល ដរាប​នោះ ជំនឿ​នេះ​នៅតែមាន​អត្ថិភាព​ក្នុងសង្គម​នុស្ស​»​។ ដូចគ្នា​ដែរ «​ដរាបណា នៅតែមាន​មនុស្ស​ដែល​ងាយ​ឱ្យគេ​បោកប្រាស ដរាប​នោះ នៅតែមាន​ជន​បោកប្រាស​»​។ ដូច្នេះ ដំណោះស្រាយ គឺ​យើង​ត្រូវ​រួមគ្នា​លុបបំបាត់​អ្នកបោក​ប្រាស​ផង និង ជួយ​ធ្វើយ៉ាងណា​ដើម្បី​កុំឱ្យ​ប្រជាជន​ងាយ​ក្លាយទៅជា​កម្មវត្ថុ​នៃ​ការបោកប្រាស​របស់​ជន​ខិលខូច​ផងដែរ​។ វិធី​មួយ​ក្នុងចំណោម​វិធី​ដទៃទៀត គឺ​សូមឱ្យ​ប្រជាជន​ខ្មែរ កុំ​ងាយ​ជឿ​លើ​អ្វីមួយ​ដែល​មិន​សម​ហេតុផល មិន​ច្បាស់លាស់ ឬ គ្មាន​មូលដ្ឋាន​រឹងមាំ ដូចជា ជំនឿ​មិន​សម​ហេតុផល ឬ អ​បិ​យ​ជំនឿ ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com