ភ្នំពេញ៖ បែកញើស ក្តៅ ខ្មាសគេ… គឺជាការរៀបរាប់របស់និស្សិតជនបទ ដែលប្រើកង់ជាមធ្យោបាយធ្វើដំណើរទៅសាលារៀន នៅពេលពួកមកបន្តការសិក្សានៅភ្នំពេញ។ ប៉ុន្តែពួកគេ អះអាងដូចគ្នាថា ជិះកង់ទៅរៀន បានបន្ថយចំណាយគ្រួសារបានយ៉ាងច្រើន។
មានយានជំនិះរាប់ពាន់គ្រឿង ដែលបានបរទៅមក នៅលើវិថីនានា ក្នុងទីក្រុងគជ់ជារៀងរាល់ថ្ងៃ។ និយាយដោយឡែក តែនៅក្នុងបរិវេណផ្ញើកង់ម៉ូតូនៅតាមសាកលវិទ្យាល័យនានាវិញ គេនឹងឃើញនិស្សិតមួយចំនួនតូច ជិះកង់ទៅសាលារៀន។ កញ្ញា ស៊ុយ ម៉ាលីន ក៏ស្ថិតនៅក្នុងចំណោមនិស្សិតដែលប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរទៅរៀនទាំងនោះដែរ។ ជារៀងរាល់ព្រឹក យុវតីស៊ុយ ម៉ាលីន តែងទាញកង់កញ្ចាស់របស់ខ្លួន ជិះប្រមាណ៣គីឡូម៉ែត្រ ពីអន្តេវាសិកដ្ឋានដែលនៅខាងកើតក្រសួងការងារ ឆ្ពោះទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល២ ដែលនៅជាប់នឹងរាជបណ្ឌិត្យសភាកម្ពុជា។ និស្សិតឆ្នាំទី៣ ផ្នែកសង្គមវិជ្ជារូបនេះ ត្រូវជិះកង់ត្រលប់មករៀនភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិភ្នំពេញមណ្ឌល១ ក្បែរស្ពានអាកាស៧មករានៅពេលរសៀល និងបន្តធាក់កង់ដែលជាសម្បត្តិក្រៅខ្លួនយកមកពីស្រុកកំណើតមួយនេះ ទៅរៀនបន្ថែមភាសាអង់គ្លេសឥតបង់ថ្លៃ នៅអង្គការមួយ ដែលមានចម្ងាយប្រហែល២គីឡូម៉ែត្រពីអន្តេវាសិកដ្ឋាន។
នឿយហត់ និងខ្មាសគេ គឺអារម្មណ៍ដែលនិស្សិតអាហារូបករណ៍ដែលមានស្រុកកំណើតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ទទួល ខណៈនាងត្រូវជិះមួយថ្ងៃប្រមាណ១០គីឡូម៉ែត្រនោះ។ យុវតីវ័យ២៣ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមក្នុងសម្តីមួយៗថា៖«ពេលខ្លះមានអារម្មណ៍ខ្មាសគេ តែខ្មាសគេមិនប៉ុន្មានទេ កំដៅភាយចេញពីឡាន និងមេឃក្តៅ ធ្វើឲ្យខ្ញុំក្តៅ និងហត់ ជាង ខ្មាសគេទៀត»។
វេចបង្វិចមកបន្តការសិក្សានៅភ្នំពេញ ក្នុងឆ្នាំ២០១៣ និស្សិតជាយដែនរូបនេះ អះអាងថា ពព្រោះគ្រួសារក្រីក្រ នាងត្រូវបង្ខំចិត្តជិះកង់ទៅរៀន។ នាងក៏មានអារម្មណ៍តូចចិត្តខ្លះដែរ នៅពេលដែលមិត្តរួមថ្នាក់ភាគច្រើនរបស់ខ្លួន សុទ្ធតែជិះម៉ូតូទៅសាលារៀនោះ។ គ្មានម៉ូតូជិះដូចគេ ក៏បានធ្វើយុវតី ដែលជាកូនទី៧ក្នុងចំណោមបងប្អូនប្រុសស្តី៩នាក់នេះ ខកខានឱកាសការងារមួយចំនួនដែរ។ ម៉ាលីនពន្យល់យ៉ាងដូច្នេះ៖«ពេលខ្លះ ខ្ញុំមានអារម្មណ៍ថាលំបាកខ្លួនឯង ដូចជាពេលគេមានរើសគ្រូបង្រៀននៅឆ្ងាយ ខ្ញុំអត់អាចទៅបាន ធ្វើឲ្យខ្ញុំបាត់បង់ឱកាសការងារ ដើម្បីរកចំណូល»។
យល់ឃើញផ្ទុយពី កញ្ញា ម៉ាលីន និស្សិត ហ៊ន សុខឡៃ ដែលបានចាកចេញពីស្រុកកំណើត មកបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ដែរនោះ បែរជាយល់ថាជិះកង់គឺរឿងរឿងល្អសម្រាប់គេ។ កំពុងអង្គុយលើវាលស្មៅ ក្នុងទីធ្លាសាលា យុវជនមកពីខេត្តកំពង់ស្ពឺរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា ការជិះកង់ បានក្លាយជាចំណង់ចំណូលចិត្តរបស់ខ្លួន ព្រោះរូបគេសាំនឹងការជិះកង់នេះតាំងពីរៀននៅបឋមសិក្សា។ ម្យ៉ាងនិស្សិតឆ្នាំទី៣ផ្នែកទស្សនវិជ្ជារូបនេះ បានជួលបន្ទប់ នៅក្បែរសាលាតែម្តង។ ដូច្នេះ វាមិនបានធ្វើឲ្យ យុវជនវ័យរូបនេះ មានអារម្មណ៍ខ្មាសគេដូច កញ្ញា ម៉ាលីន ឡើយ។ មិនត្រឹមតែមិនខ្មាស យុវជនមកពីខេត្តកំពង់ស្ពឺរូបនេះបែរជាយល់ថា វាជាបន្ថយចំណាយរបស់គ្រួសារ និងថែរក្សាបរិស្ថានទៅវិញ។ សុខឡៃ បន្ថែមទាំងទឹកមុខញញឹមថា៖«ខ្ញុំអត់មានអារម្មណ៍ខ្មាសគេផង ពីព្រោះជិះកង់ស្រួលជាងម៉ូតូ ចំណាយតិច និងជួយកាត់បន្ថយការបំពុលបរិយាកាសបានទៀត»។
គ្មានអារម្មណ៍ខ្មាសអៀន និងបន្ថយចំណាយក្នុងគ្រួសារ ក៏ជាការយល់ឃើញរបស់ លោក ផន ផា និស្សិតឆ្នាំទី២ ជំនាញទេសចរណ៍នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលតែងតែងជិះកង់ទៅរៀន ក្នុងមួយថ្ងៃមិនតិចជាង១៥គីឡូម៉ែត្រដែរ។ មានផ្ទះជួលនៅម្តុំទឹកថ្លា យុវជនមកពីខេត្តត្បូងឃ្មុំ វ័យ២០រូបនេះ បញ្ជាក់ថាវាជាមោទនភាពទៅវិញទេ ដែលរូបគេមានឱកាសមករៀនបន្តនៅភ្នំពេញ។ យុវនិស្សិត ផន ផា បន្ថែមយ៉ាងនេះថា៖«ខ្ញុំអត់ខ្មាសគេទេ ខ្ញុំមានមោទនភាពដែលគ្រួសារមានលទ្ធភាពទិញកង់ឲ្យជិះ និងមានលុយតិចតួចផ្គត់ផ្គង់ការរស់នៅ។ ប៉ុណ្ណឹង ខ្ញុំសប្បាយចិត្តហើយ»។
មិនធ្លាប់ឮពាក្យពេចន៍សើចចំអក ឬពេបជ្រាយពីមិត្តភក្តិ និងនិស្សិតដទៃទៀតឡើយ នៅពេលដែលខ្លួនជិះកង់ទៅរៀន។ នេះជាការបញ្ជាក់ថារបស់អ្នកស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ កញ្ញា សុត ស្រីទាវ ដែលនិស្សិតទស្សនវិជ្ជាឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ផ្ទុយទៅវិញ នាងមានតែធ្លាប់ឮពាក្យពេចន៍សរសើរ ពីការតស៊ូព្យាយាមសិក្សា តាមរយៈការជិះកង់នេះ។ កំពុងអង្គុយលើស្មៅខាងកើតឈៀងខាងជើង កន្លែងផ្ញើកង់ម៉ូតូនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ស្រីទាវ ដែលពាក់អាវពណ៌ផ្ទៃមេឃ ដាក់ក្នុងសំពត់ឆ្នូតពណ៌ខ្មៅ សក់ខ្មៅរោងចង់ទៅក្រោយយ៉ាងមានរបៀប និងដាក់កាបូបស្ពាយដែលញាត់ពេញដោយសៀវភៅ នៅលើភ្លៅផងនោះ រៀបរាប់ក្នុងសម្តីមួយៗថា ៖«ខ្ញុំគ្មានអារម្មណ៍អៀននោះទេ។ គ្រួសារមិនសូវធូរធារ ខ្ញុំជិះកង់ វាប្រសើរជាងម៉ូតូ ព្រោះមិនសូវចាយលុយច្រើន។ ណាមួយអត់មានទៅធ្វើការងារឆ្ងាយផង ហើយសាលារៀននៅជិតផ្ទះជួលទៀត»។ កូនស្រីច្បងក្នុងចំណោមបងប្អូន៦នាក់ បញ្ជាក់ថា ទាល់តែនាងមានការងារធ្វើ ទើបនាងទិញម៉ូតូជិះ។
យ៉ាងណាក៏ដោយ និស្សិតដែលសុខចិត្តចោលផ្ទះសម្បែងមកស្វែងរកចំណេះនៅរាជធានីភ្នំពេញទាំង៤នាក់នេះ បានអះអាងស្រដៀងគ្នាថា នៅពេលនេះ រឿងខ្មាសគេ រឿងអាកាសធាតុក្តៅ ឬនឿយហត់ដោយសារចំណាយកម្លាំងជិះកង់ មិនមែនជាបញ្ហាធំសម្រាប់ពួកគេឡើយ។ មិនត្រឹមតែប៉ុណ្ណោះ និស្សិតទាំងនេះ ថែមទាំងបានផ្តល់យោបល់ទៅកាន់និស្សិតក្រីក្រដទៃទៀតថា ប្រសិនបើមិនចាំបាច់ខ្លាំង និស្សិតក្រីក្រមិនគួរធ្វើដំណើរដោយម៉ូតូនោះទេ ពីព្រោះវាជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារ។ គួរទុកថវិកាទាំងនោះ ទិញសម្ភារសិក្សា និងរៀនភាសាបរទេសបន្ថែម ទើបជាការប្រសើរ។ នេះជាការផ្តាំផ្ញើរបស់និស្សិតទាំង៤នាក់ ដែលមានកង់ គឺជាមធ្យោបាយធ្វើដំណើរទៅសាលារៀន៕