ជាតិ
បទវិភាគ
សង្គមជាតិ
ក្រោយសង្គ្រាមមនុស្សដណ្តើមគ្នារស់ តែបច្ចុប្បន្នមនុស្សដណ្តើមគ្នា«ចង់មានចង់បាន»
× ភ្នំពេញ៖ ក្នុងដំណាក់កាលក្រោមសង្គ្រាមបន្តិច ពោល គឺក្រោយការដួលរលំនៃរបបប៉ុលពត ពលរដ្ឋខ្មែរ ប្រឹងធ្វើការ ប្រឹងបង្កើតមុខរបរ ប្រឹងដាំដំណាំដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ និយាយបែបផ្សេង មានន័យថា ក្រោយសង្គ្រាម ពលរដ្ឋដណ្តើមគ្នារស់។ តែនាសម័យបច្ចុប្បន្ននេះ ពលរដ្ឋដណ្តើមគ្នា«មានបាន»។
ក្នុងដំណាក់កាលមនុស្សដណ្តើមគ្នារស់ និងក្នុងដំណាក់កាលមនុស្សដណ្តើមគ្នា«មានបាន» តើមួយណាល្អជាង ឬគ្រោះថ្នាក់ជាង?
មិនមានដំណាក់កាលណាមួយល្អទេ ពីព្រោះ ក្នុងដំណាក់កាលដណ្តើមគ្នារស់ ពេលខ្លះ មនុស្សសុទ្ធចិត្តក្បត់គ្នា ភគ្នា បោកប្រាស់គ្នា កេងប្រវ័ញ្ចពីគ្នាដើម្បីអាចអនុញ្ញាតឲ្យខ្លួនឯងអាចមានអ្វីពិសាចំអែតក្រពះបាន។
ក្នុងដំណាក់កាលនោះ មនុស្សពិតជាមិនសូវស្មោះត្រង់នឹងគ្នាមែន។ តែគេអាចសង្កេតឃើញចំណុចល្អមួយចំនួននៅត្រង់ថា មនុស្សចេះចែករំលែកការលំបាក ចេះចែករម្លែកភាពអត់ឃ្លាតជាមួយគ្នា ឬចេះចែករំលែកអ្វីដែលខ្លួនមានឲ្យទៅអ្នកដទៃ។ និយាយជារួម កាលណោះ វប្បធម៌ចែករំលែកហាក់បីដូចជាមានកម្រិតខ្ពស់ជាងសព្វថ្ងៃនេះ។
បច្ចុប្បន្ន ដំណាក់កាលដណ្តើមគ្នារស់ហាក់បីដូចជាកន្លងទៅផុតហើយ តែវាចូលមកដល់ដំណាក់ដណ្តើមគ្នា«មានបាន» ឬ«ចង់មានចង់បាន»។
ដំណាក់កាល«ចង់មានចង់បាន»នេះ ធ្វើឲ្យអ្នកវិភាគសង្គមខ្លះព្រួយបារម្ភ ពីព្រោះ ដំណាក់កាលនេះ រុញច្រានឲ្យបុគ្គលមួយចំនួនបំភ្លេចចោលនូវសីលធម៌ ភាពស្មោះត្រង់ សតិសម្បជញ្ញៈ វប្បធម៌ចែករំលែករវាងគ្នា និងគ្នា។ ម្យ៉ាងទៀត ដំណាក់កាលនេះ ជំរុញឲ្យចំណងសង្គម ចំណងសហគមន៍ ចំណងគ្រួសារ ត្រូវបានគេកាត់ផ្តាច់ចោល ហើយម្នាក់ៗគិតតែពីរឿងលុយតែមួយមុខប៉ុណ្ណោះ។
សង្គមមួយ មានសុខដុមរមនីយកម្ម មិនមែនផ្អែកលើតែកត្តាសេដ្ឋកិច្ចប៉ុណ្ណោះទេ។ តាមពិត សុភមង្គលសង្គម សាមគ្គីភាព វប្បធម៌ចែលរំលែក គឺមានតម្លៃលើសពីលុយទៅទៀត។ ពេលខ្លះ លុយអាចរកបាន តែលុយមិនអាចទិញសុខដុមរមនាបានឡើយ៕
Tag:
ក្រោយសង្គ្រាម
ចង់មានចង់បាន
© រក្សាសិទ្ធិដោយ thmeythmey.com