ភ្នំពេញ៖ មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ នៅលើពិភពលោកទាំងមូលក៏ដូចគ្នាដែរ ជំនួញមួយចំនួនទទួលជោគជ័យក្រោយការបង្កើត តែជំនួញមួយចំនួនផ្សេងទៀត ក្រោយការបង្កើតបានមួយរយៈ ក៏ដួលបះជើងទៅវិញ។ តើភាពជោគជ័យបណ្តាលពីកត្តាអ្វី? ហើយថា តើការបរាជ័យបណ្តាលមកពីមូលហេតុអ្វី? តើភាពជោគជ័យ ឬបរាជ័យនៃជំនួញអាចបណ្តាលមកពីកម្មផលព្រេងវាសនាឬទេ?
ការប្រតិបត្តិជំនួញ មិនស្រួលដូចការគិតចង់ធ្វើជំនួញនោះទេ មានន័យថា បើគ្រាន់តែគិតឬបញ្ចេញគំនិងចង់ធ្វើជំនួញ មនុស្សភាគច្រើនស្រមៃឃើញភ្លាមពីការទទួលបានប្រាក់ចំណេញមកវិញច្រើន ក្រោយពេលបង្កើតជំនួញ។ តែលុះដល់ពេលបង្កើត ហើយឈានមកដល់ដំណាក់កាលប្រតិបត្តិធ្វើជំនួញនោះ ការលំបាក និងការប្រឈមនានា ពិតជាកើតឡើង ហើយពេលខ្លះ កើតឡើងដោយនឹកស្មានមិនដល់។
អ្នកជំនួញខ្លះ និយាយថា ការបង្កើតជំនួញមួយមិនលំបាកទេ។ តែការធ្វើឲ្យជំនួញនោះដំណើរការ ឬធ្វើឲ្យជំនួញនោះទទួលបានប្រាក់ចំណេញ និងមាននិរន្តរភាពយូរអង្វែង គឺជារឿងលំបាកបំផុត។ និយាយបែបផ្សេង មានន័យថា បង្កើតជំនួញស្រួលទេ តែការថែរក្សាជំនួញឲ្យដំណើរការជារៀងរហូត គឺជាបញ្ហាឈឺក្បាលជារៀងរាល់ថ្ងៃ។ ជំនួញខ្លះទទួលជោគជ័យបាន២០ឆ្នាំ តែខ្វះភាពហ្មត់ចត់ក្នុងការគ្រប់គ្រងតែក្នុងរយៈពេលពី៦ខែទៅ១ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនជោគជ័យនោះ អាចបិទទ្វារទៅវិញភ្លាម ក៏អាចថាបាន។
ចុះបើការបង្កើតអាជីវកម្ម គ្រប់គ្រងអាជីវកម្ម មើលទៅហាក់បីដូចជាលំបាកខ្លាំងម្ល៉េះ ហេតុអ្វីបានជាមនុស្សគ្រប់រូបចេះតែចង់បង្កើត និងគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង?
ជាក្រិត្យក្រមសត្យានុម័ត បុគ្គលគ្រប់រូបតែងតែចង់រើបម្រាសខ្លួញចេញពីការធ្វើការឲ្យគេ ទៅជាអ្នកបង្កើតការងារឲ្យគេធ្វើវិញម្តង ពោល គឺបុគ្គលនីមួយៗតែងតែចង់គ្រប់គ្រងគេ និងចង់មានអ្វីមួយដែលជាកម្មសិទ្ធិរបស់ខ្លួនឯង។ នេះ គឺជាចំណង់ និងបំណងដែលមានពីធម្មជាតិរបស់បុគ្គលម្នាក់ៗ។ តែរឿងថា ធ្វើបានជោគជ័យ ឬមិនជោគជ័យ គឺជាវាអាស្រ័យទៅលើទេពកោលសល្យរបស់បុគ្គលម្នាក់ៗ។ បើបុគ្គលទាំងអស់សុទ្ធតែគិតត្រូវ ហើយជោគជ័យនោះ ម្ល៉េះសមនៅលើពិភពលោកនេះ គ្មានឡើយអ្នកក្រីក្រ។
មានមូលហេតុមួយចំនួនផ្សេងទៀត ដែលនាំឲ្យបុគ្គលគ្រប់រូបចង់ក្លាយខ្លួនជាម្ចាស់កម្មសិទ្ធិ ក្នុងនោះមាន៖ ទី១ ចង់កសាងស្នាដៃជាកេរសម្រាប់កូនចៅជំនាន់ក្រោយ។ ទី២ ប្រាថ្នារកប្រាក់ចំណូលដោយខ្លួនឯង និងទី៣ ចង់បង្ហាញគំនិតដែលខ្លួនឯងមាន ខុសពីធ្វើការឲ្យគេ ចាំតែស្តាប់បង្គ្រាប់គេបញ្ជាឲ្យធ្វើតែប៉ុណ្ណោះ។ ចំណុចមួយទៀតដែលនិយោជិតចេះតែចង់បង្កើតជំនួញដោយខ្លួនឯងដែរនោះ ព្រោះថា ខ្លួនគេអាចប្រឈមនឹងការបណ្តេញចេញ ឬបាត់បង់ការងារដោយប្រការណាមួយនៅពេលដែលខ្លួនគេកាន់តែមានអាយុច្រើនឡើង(ករណីនៅកម្ពុជាជាពិសេស)។
តើកត្តាអ្វីខ្លះដែលជំរុញឲ្យជំនួញមួយចំនួនជោគជ័យ ផ្ទុយទៅវិញ ជំនួញមួយចំនួនទៀតបរាជ័យទៅវិញ?
ផ្អែកលើទ្រឹស្តីសេដ្ឋកិច្ច ជំនួញមួយអាចទទួលជ័យជម្នះ លុះត្រាតែ ជំនួញនោះ ត្រូវបង្កើតឡើងដោយផ្អែកលើគោលការណ៍ និងគោរពក្បួនខ្នាតសេដ្ឋកិច្ចសុទ្ធសាធ មានន័យថា មុននឹងបង្កើតជំនួញ អ្នកបង្កើតត្រូវគិតពីដើមទុន, សិក្សាផលិតផល និងតម្រូវការរបស់អតិថិជន, សិក្សាទីតាំង(ទីតាំងនោះត្រូវនឹងផលិតផលនោះឬទេ?), អំណាចទិញរបស់អតិថិជន(ប្រាក់ចំណូលរបស់អតិថិជន), ពេលវេលានៃការវិនិយោគ (តើគេត្រូវបើកហាង Brand នៅតំបន់ក្រីក្រឬ?) ។ និយាយជារួម ការសិក្សាទីផ្សារត្រូវធ្វើឡើងដោយលម្អិត និងគោរពតាមគោលការណ៍សេដ្ឋកិច្ច។
បន្ទាប់ពីសិក្សាទីផ្សាររួចហើយ ចូលដល់ដំណាក់កាលបង្កើត និងគ្រប់គ្រង។ ដំណាក់កាលនេះ គេត្រូវជ្រើសរើសធនធានមនុស្ស និងរៀបចំរបៀបរចនាសម្ព័ន្ធនៃការគ្រប់គ្រង។ ធនធានមនុស្សល្អ បូកផ្សំនិងការគ្រប់គ្រងល្អរបស់ក្រុមហ៊ុន វាគឺជាកត្តាធំមួយដែលអាចរុញច្រានឲ្យក្រុមហ៊ុនទទួលជោគជ័យ។ នៅត្រង់ដំណាក់កាលនេះដដែល ក្រុមហ៊ុនជោគជ័យ ឬមិនជោគជ័យអាស្រ័យភាគច្រើនទៅលើអ្នកគ្រប់គ្រង ថាតើអ្នកគ្រប់គ្រងនោះ មានទេពកោសល្យខ្លាំងប៉ុណ្ណា? ទេពកោលស្យដឹកនាំនេះមិនសំដៅតែទៅលើសញ្ញាបត្រមួយមុខនោះទេ។ ទេពកោសល្យដឹកនាំ គឺចង់សំដៅទៅលើភាពប៉ិនប្រសប់របស់បុគ្គលអ្នកដឹកនាំនោះ។ បើនិយាយពីទ្រឹស្តីដឹកនាំ អ្នកដឹកនាំភាគច្រើនអាចចេះដូចគ្នា ប៉ុន្តែ អ្នកដឹកនាំខ្លះ អាចអនុវត្តវាទៅបានជោគជ័យ តែអ្នកដឹកនាំខ្លះទៀត អនុវត្តវាទៅប្រឈមនឹងភាពបរាជ័យច្រើនទៅវិញ។
ដោយសារតែចំណុចនេះហើយ ទើបនៅក្នុងការគ្រប់គ្រង គេតែងតែឲ្យតម្លៃទៅលើភាពប៉ិនប្រសប់របស់មនុស្សក្នុងការគ្រប់គ្រង ច្រើនជាងឲ្យតម្លៃទៅលើអ្នកចេះតែទ្រឹស្តីគ្រប់គ្រង។ ទ្រឹស្តី គេអាចរៀនចេះបាន តែភាពប៉ិនប្រសប់ពីកំណើត គឺជាការប្រទានពីធម្មជាតិចំពោះបុគ្គលផ្សេងៗគ្នា។ ដោយសារតែភាពខុសគ្នានេះហើយ ទើបការដឹកនាំរបស់ក្រុមហ៊ុនមានការរីកចម្រើន ឬបរាជ័យខុសគ្នា បើទោះបីជាអ្នកដឹកនាំទាំងនោះ មានកម្រិតសិក្សាដូចគ្នាក៏ដោយក្តី។ ចំណុចមួយទៀត ដែលជំរុញឲ្យក្រុមហ៊ុនមួយជោគជ័យដែរនោះ គឺការតាំងចិត្តរួមនៃស្ថាប័នទាំងមូល ហើយការតាំងចិត្តនោះ គឺធ្វើឡើងជានិរន្តរ៍ ពោល គឺមិនមែនធ្វើឡើងតាមអារម្មណ៍ និងតាមពេលវេលាណាមួយនោះទេ។
ចុះតើកត្តាអ្វីខ្លះដែលជំរុញអាជីវកម្មមួយឈានទៅដួលបះជើង?
ចម្លើយដែលអ្នកជំនួញធ្លាប់ត្អូញត្អែរប្រាប់ គឺមានដូចតទៅ ក្នុងនោះមាន៖ ទី១ កង្វះខាតទុន។ ទី២ ជម្លោះកើតឡើងរវាងភាគហ៊ុននិក។ ទី៣ ខ្វះការសិក្សាទីផ្សារ។ ទី៤ ជម្លោះផ្ទៃក្នុងរវាងបុគ្គលិក និងបុគ្គលិក។ ទី៥ អ្នកដឹកនាំខ្វះឆន្ទៈ និងខ្វះភាពប៉ិនប្រសប់ និងទី៦ ការគ្រប់គ្រប់មិនល្អ ខុសគោលការណ៍ជំនួញ។
បើទោះបីជាមានទឡ្ហីករណ៍ពិតប្រាកដលើកឡើងផ្សេងៗគ្នាក៏ដោយ ក៏«អ្នកជំនឿ»មួយចំនួននៅតែគិតថា ការធ្វើជំនួញមួយជោគជ័យវាពឹងផ្អែកមួយផ្នែកទៅលើកម្មផលព្រេងវាសនា មានន័យថា ចំណេះ ជំនាញ ភាពប៉ិនប្រសប់ របស់អ្នកបង្កើតជំនួញអាចជួយបានតែមួយផ្នែកទេ។ តែមួយផ្នែកទៀត គឺពឹងលើសំណាងទាំងអស់។ អ្នកជំនឿ គិតថា មនុស្សកើតមក ត្រូវបានគេកំណត់ថា អ្នកនឹងត្រូវរស់ដោយសារអ្វី? ហើយអ្នកនឹងធ្វើអ្វី? មានតួនាទីជាអ្វី? ជាថៅកែ? ឬជាបុគ្គលិក កម្មករ? និយាយឲ្យខ្លី គឺអ្នកមិនអាចដើរចេញពីព្រហ្មលិខិតនេះបានឡើយ។
ជំនឿខាងលើនេះ ទំនងជាមិនសូវខុសប៉ុន្មានដែរ។ តែអ្នកវិទ្យាសាស្ត្រ និងអ្នកប្រាកដនិយមវិញ អត្ថាធិប្បាយថា ជោគជ័យ ឬបរាជ័យក្នុងជីវិតវាអាស្រ័យលើសមត្ថភាពនៃបុគ្គលនីមួយៗ។ ចូរកុំបន្ទោសលើព្រេងវាសនា និងកម្មផលឲ្យសោះ។ អ្នកបន្ទោសលើវាសនា គឺជាបុគ្គលគ្មានជំនឿលើខ្លួនឯង។ ទោះជាជឿឬមិនជឿ ក៏ស្ថានភាពជាក់ស្តែងបង្ហាញថា អ្នករៀនជ្រៅជ្រះ ពូកែ ប៉ិនប្រសប់ខ្លាំងទាំងឡាយ ក៏មិនប្រាកដថា អាចក្លាយទៅជាអ្នកមានធនធាន ឬអ្នកមានបុណ្យស័ក្តិទាំងអស់គ្នាបានឡើយ រីឯ អ្នកមិនបានរៀនជ្រៅជ្រះ និងអ្នកល្ងង់ខ្លះ ក៏មិនប្រាកដថា ជាអ្នកក្រីក្រ ឬអ្នកតូចទាបដែរ។ ដូច្នេះ តើព្រហ្មលិខិតមានមែនឬទេ?