ជាតិ
បទវិភាគ
តើ​ជោគជ័យ​របស់​មនុស្សម្នា​ក់ៗ​កើតឡើង​ដោយសារ​កត្តា​អ្វីខ្លះ​?
18, Feb 2020 , 1:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ទាំងអស់​នៅលើ​ពិភពលោក​នេះ សុទ្ធតែ​ចង់បាន​ជោគជ័យ​ក្នុង​កិច្ចការ​និង​ក្នុង​ការរស់នៅ​របស់ខ្លួន បើទោះបី​ការងារ​នោះ​ប្រភេទ​ណា និង ការរស់នៅរ​បៀ​ណាក៏ដោយ​។ ក៏ប៉ុន្តែ មនុស្ស​ទាំងអស់ មិនមែន​សុទ្ធតែ​ទទួលបាន​ជោគជ័យ​នោះទេ អ៊ីចឹង​ហើយ​បាន​ជាមាន​សំណួរ​មួយ​លើកឡើងថា តើ​ជោគជ័យ​របស់​មនុស្សម្នា​ក់ៗ​កើតឡើង​ដោយសារ​កត្តា​អ្វីខ្លះ​? ជោគជ័យ​របស់​មនុស្ស​ម្នាក់ៗ អាច​កើតឡើង​ដោយសារ​កត្តា​ជាច្រើន ដែល​ក្នុងនោះ មាន​កត្តា​សំខាន់ៗ​ចំនួន​បួន គឺ​ខ្លួនឯង អ្នកពាក់ព័ន្ធ ស្ថានភាព និង កត្តា​ចៃដន្យ​។



​ខ្លួនឯង ៖ ជា​ការពិតណាស់ ទោះបីជា​ការងារ​រដ្ឋ ការរកស៊ី​ក្នុង​វិស័យ​ឯកជន ការងារ​ក្នុង​គ្រួសារ ការសិក្សា ឬ ការងារ​អ្វី​ក៏ដោយ ក៏​ជោគជ័យ​ឬ​បរាជ័យ ត្រូវតែ​ផ្ដើមចេញពី​ខ្លួនឯង​ដែរ ពីព្រោះ​បុគ្គល​ម្នាក់ៗ គឺជា​កត្តា​កំណត់​លើ​ជោគវាសនា​របស់ខ្លួន​។ ដោយឡែក​ចំពោះ​ជោគជ័យ​លើ​ការស្វែងរក​ទ្រព្យ​សម្ភារៈ ត្រូវ​ផ្ដើមចេញពី​បុគ្គល​ដែលមាន​សុខភាព​រឹងមាំ ឧស្សា​ព្យាយាម ឆន្ទៈ​មោះមុត ជំនាញ​ជ្រៅជ្រះ ចំណេះដឹង​ទូទៅ​ទូលំទូលាយ គំនិត​វិភាគ​បែប​ទស្សនវិជ្ជា​ខ្ពស់ ទស្សនវិស័យ​ទូលំទូលាយ ការគិត​ជ្រៅជ្រះ ការគិត​សម​ហេតុផល ការទទួលបាន​ព័ត៌មាន​ច្រើន រួមទាំង​លទ្ធភាព​ផ្សេងទៀត ជាពិសេស ដើមទុន​ខាង​ហិរញ្ញវត្ថុ​។​

​អ្នកពាក់ព័ន្ធ ៖ ក្រៅពី​កត្តា​ខ្លួនឯង ជោគជ័យ​របស់​បុគ្គល​ម្នាក់ៗ ក៏​មិនអាច​ផ្ដាច់​ចេញពី​ការពឹង​ពាក់​អ្នកដទៃ​ដែរ​។ អ្នក​ទាំងនោះ អាចជា​ឪពុកម្ដាយ អាណាព្យាបាល អ្នក​ទំនុកបម្រុង អ្នកផ្ដល់​គំនិត អ្នកផ្ដល់​ព័ត៌មាន អ្នក​ផ្ដល់ទុន និង អ្នកផ្ដល់​ប្រាក់កម្ចី ជាដើម​។

​ស្ថានភាព​៖ បើ​គេ​ពិនិត្យមើល​សើរៗ​អំពី​មូលដ្ឋាន​នៃ​ការទទួលបាន​ជោគជ័យ គេ​អាច​និយាយបានថា កត្តា​ទាំងពីរ​ខាងលើ គឺជា​មូលដ្ឋាន​សមល្មម ដែល​អាច​សម្រេច​ជោគជ័យ​បាន​ហើយ​។ ប៉ុន្តែ ប្រសិនបើ គេ​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ​បន្តិច គេ​នឹង​មើលឃើញថា តាមពិត នៅមាន​កត្តា​ជះឥទ្ធិពល​ជាច្រើន​ទៀត​មកលើ​ការទទួលបាន​ជោគជ័យ​ឬ​បរាជ័យ​របស់ខ្លួន​។ កត្តា​ទាំងនោះ មានដូចជា ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គ្រាម សន្តិសុខ របប​គ្រប់គ្រង ប្រាក់ខែ ប្រាក់ចំណូល ច្បាប់ អំពើពុករលួយ របត់​ទីផ្សារ ធនធានធម្មជាតិ អាកាសធាតុ បាតុភូតធម្មជាតិ ។​ល​។ ឧ​ទា​រហ​រណ៍ បើទោះបីជា បុគ្គល​ម្នាក់​ឬ​ស្ថាប័ន​មួយ មាន​ឆន្ទៈ​មោះមុត ជំនាញ​ជ្រៅជ្រះ ចំណេះដឹង​ទូទៅ​ទូលំទូលាយ គំនិត​ទស្សនវិជ្ជា​ទូលំទូលាយ ការសម្រេចចិត្ត​ត្រឹមត្រូវ ទទួលបាន​ព័ត៌មាន​ច្រើន និង មាន​ដើមទុន​គ្រប់គ្រាន់​ក៏ដោយ ប្រសិនបើ ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គ្រាម សន្តិសុខ របប​គ្រប់គ្រង ច្បាប់​។​ល​។ មិនល្អ​ប្រសើរ​ទេ ក៏​បុគ្គល​ឬ​ស្ថាប័ន​នោះ មិនអាច​ទទួលបាន​ជោគជ័យ​ដែរ​។ ហេតុនេះ បម្រែបម្រួល និង ស្ថាន​ភាពល្អ​ឬ​អាក្រក់​នៃ​វិស័យ​ទាំងនេះ ពិតជា​ជះឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​ការទទួលបាន​ជោគជ័យ​ឬ​បរាជ័យ​របស់​បុគ្គល ឬ ស្ថាប័ន​ប្រាកដ​មែន​។     

​កត្តា​ចៃដន្យ ៖ ក្រៅពី​កត្តា​ខ្លួនឯង អ្នកពាក់ព័ន្ធ និង ស្ថានភាព នៅមាន​កត្តា​មួយទៀត ដែល​អាចធ្វើឱ្យ​បុគ្គល​ឬ​ស្ថាប័ន ទទួលបាន​ជោគជ័យ​ឬ​បរាជ័យ​របស់​មនុស្ស នោះ​គឺ​កត្តា​ចៃដន្យ ដែល​អាច​កើត​មកពី​ភាព​ចៃដន្យ ឬ ឱកាស​ពិសេស​កម្រណាមួយ ដែលជា​ផល​នៃ​របត់​សង្គម នយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង បម្រែបម្រួល​ធម្មជាតិ ជាដើម​។ កត្តា​ទាំងនេះ អាច​កើតឡើង​ដោយ​នឹកស្មាន​មិន​ដល់ ឬ កើតឡើង​ជាយថាហេតុ​។ ហេតុនេះហើយ បាន​ជាមាន​មនុស្ស​ខ្លះ ជឿថា ជោគជ័យ​ឬ​បរាជ័យ​របស់​ពួកគេ កើតឡើង​ពី​ព្រេងវាសនា​ឬ​ព្រហ្ម​លិខិត​ទៅវិញ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​អំណះអំណាង​ដែលថា​ជោគវាសនា​របស់​មនុស្ស​ផ្អែកលើ​ព្រេងវាសនា ឬ ព្រហ្ម​លិខិត មិនមាន​មូលដ្ឋាន​រឹងមាំ​និង​ច្បាស់លាស់​ខាង​ទស្សនវិជ្ជា​និង​វិទ្យាសាស្ត្រ​ឡើយ​៕        


Tag:
 ជោគជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com