ជាតិ
លោក កែវ រ៉េមី​៖ ពលរដ្ឋ​ត្រូវគោរព​ច្បាប់ មិនមែន​ចាំតែ​ស្តាប់​រដ្ឋាភិបាល​នោះទេ​
08, Jun 2016 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើងថា ពលរដ្ឋ គ្រប់រូប​ត្រូវតែ​ទាមទារ និង​អនុវត្ត​សិទ្ធិ​តាមច្បាប់ មិនមែន​ស្តាប់​រដ្ឋាភិបាល​បង្គាប់​ញ្ជា​ទេ​។ លោក​សង្កត់ធ្ងន់ថា ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ត្រូវ​រស់នៅ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ដើម្បី​រក្សា​ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម​។​



​ប្រធាន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក កែវ រ៉េមី បាន​ពន្យល់​និស្សិត​ជាង ៤០០​នាក់​ដែល​ចូលរួម​ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ ស្តីពី សិទ្ធិមនុស្ស និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ CJCC​ថា រដ្ឋាភិបាល​គ្រាន់តែ​ជា​អ្នកធានា​ការពារ​សិទ្ធិសេរីភាព​ពលរដ្ឋ តាមច្បាប់​ប៉ុណ្ណោះ ដូចនេះ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​អនុវត្ត​សិទ្ធិ​នានា តាមច្បាប់​កំណត់​។​

​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ទើប​ចូលកាន់​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រូបនេះ បាន​ព្យាយាម​ពន្យល់​ពី​ការប្រើប្រាស់​របស់​ពលរ​ដ្ឋ និង​សិទ្ធិ​រដ្ឋាភិបាល យ៉ាង​មុតមាំ​ដូច្នេះ​ថា​៖«​ពលរដ្ឋ​ត្រូវសុំ​សិទ្ធិ​ធ្វើបាតុកម្ម កូដកម្ម​នានា ព្រោះ​សិទ្ធិ​ពលរដ្ឋ​ត្រូវបាន​កំណត់​ក្នុង​ច្បាប់​។ ប្រសិនបើ​អាជ្ញាធរ​មិន​អនុញ្ញាត​ទេ យើង​កុំ​រំលោភបំពាន​លើ​ច្បាប់​។ ហើយ​បើ​រំលោភ​រដ្ឋ​គេ (​អាជ្ញាធរ​) មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​»​។​

​លោក​បាន​បន្ត​ពន្យល់​ដោយ​ការពារ​ការងារ​អនុវត្ត​សិទ្ធិ​របស់​រដ្ឋាភិបាល​ថា រដ្ឋ​មាន​កាតព្វកិច្ច​ធានា ការពារ​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​ស្មើគ្នា ចំពោះមុខ​ច្បាប់ ក្នុង​គោលដៅ​រក្សា​សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ សាធារណៈ​ក្នុងសង្គម​។​



«​រដ្ឋធម្មនុញ្ញ​ចែងថា រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុងការ​ការពារ​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​។ ការពារ មានន័យថា ត្រូវតែមាន​កាតព្វកិច្ច ដូចនេះ​យើង​មិនអាច​ចោល​បានទេ ព្រោះនេះ​ជា​ទំនួល​ខុសត្រូវ របស់​រាជរដ្ឋាភិបាល ធ្វើ​ម៉េច​ឲ្យ​សុខសន្តិភាព ស្ថិរភាព សុខ​សប្បាយ​បង្ករ​ភាព​ស្ងប់​សុខ​ក្សាន្ត ដល់​ប្រជាពលរដ្ឋ ជាពិសេស​គឺ ការផ្តល់​សិទ្ធិ​ឲ្យ​បាន​ស្មើៗ​គ្នា ចំពោះមុខ​ច្បាប់​។ បើ​រាជរដ្ឋាភិបាល​មិន​ធ្វើ​ដូច្នេះ​ទេ វា​ជាការ​បំពាន​គ្នា​ទៅវិញទៅមក វា​នាំ​ឲ្យ​អនាធិបតេយ្យ ធ្វើ​ឲ្យ​ខាតបង់​ផលប្រយោជន៍​ជាតិ​ជារួម​។ យើង​ត្រូវតែ​គោរព​ច្បាប់ ត្រូវគោរព​ច្បាប់​ឲ្យ​បាន មិនមែន​ស្តាប់​រដ្ឋាភិបាល​ទេ​»​។ លោក កែវ រ៉េមី បញ្ជាក់​។​

​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​សហកា​រ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រៀបចំ​បទ​បង្ហាញ​នេះ​ឡើង ក្នុង​គោលបំណង​អប់រំ​ផ្សព្វផ្សាយ​ពី​ការអនុវត្តន៍​សិទ្ធិ​ដល់​និស្សិត ដើម្បី​ឲ្យ​ពួកគេ​យល់​ពី​ការប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​។ លោក កែវ រ៉េមី ជឿជាក់ថា មានតែ​និស្សិត​ប៉ុណ្ណោះ​ដែល​អាច​និយាយ​ស្តាប់​គ្នា​ងាយ​យល់ ព្រោះ​ពួកគេ​ទទួលបាន​ការអប់រំ​ច្បាស់លាស់ និង​ចេះ​ពិចារណា​រក​ខុសត្រូវ​។ ហើយ​ថា លោក​នឹង​បន្ត​បទ​បង្ហាញ​ផ្សព្វផ្សាយ​សិទ្ធិមនុស្ស នេះ នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​រោងចក្រ សហគ្រាស ផ្សេងទៀត​ផងដែរ​៕


Tag:
 ​កែវ រ៉េមី​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com