ជាតិ
បទវិភាគ
រដូវភ្លៀងបង្កើតសម្រស់បៃតង គឺជាពេលវេលាល្អបំផុតសម្រាប់ដំណើរកម្សាន្ត
20, Jun 2020 , 3:25 pm        
រូបភាព
ភ្នំពេញ​៖ ជាធម្មតា នាពេល​កន្លងមក អ្នកជំនាញ​វិស័យ​ទេសចរណ៍​នាំគ្នា​បង្កើត​រដូវ​ពីរ​។ រដូវ​ទីមួយ គឺ​រដូវ​ភ្ញៀវ​ច្រើន​(High Season) និង​ទី​ពីរ គឺ​រដូវ​ភ្ញៀវ​តិច​(Low Season)​។ តើ​គេ​អាច​ប្តូរ​ពី​ការហៅ Low Season មកជា​រដូវ​ផ្កា​រីក និង​រដូវ​បៃតង​វិញ​បាន​ដែរឬទេ​?



​នៅក្នុង​ប្រទេស​កម្ពុជា អ្នកជំនាញ​វិស័យ​ទេសចរណ៍​បាន​បែងចែក​រដូវ​កាល​ជា​ពីរ​ដើម្បី​បញ្ជាក់​ពី​រដូវ​កាលដែល​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ច្រើន និង​រដូវ​កាលដែល​កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​តិច​។

​រដូវ​កាលដែល​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​តិច​ត្រូវបាន​គេ​ហៅថា ជា​រដូវ Low Season (​រដូវ​ភ្ញៀវ​តិច​)​។ រីឯ​រដូវ​ភ្ញៀវ​ច្រើន ត្រូវបាន​គេ​ហៅថា High Season​។ រដូវ High Season ចាប់ផ្តើម​ពី​ខែតុលា​ដល់​ខែ​កម្ភៈ ឬ​ខែ​មិនា រីឯ​រដូវ Low Season គឺ​ចាប់ផ្តើម​ពី​ខែមេសា ទៅដល់​ខែតុលា​។

តើ​មូល​ហេតុអ្វី​បានជា​មាន​រដូវ Low Season?

​សម្រាប់​អ្នកជំនាញ​វិស័យ​ទេសចរណ៍​ខ្លះ រដូវ​ភ្ញៀវ​តិច​ពី​ខែមេសា​ដល់​ខែតុលា​នេះ ពីព្រោះ ក្នុង​រង្វង់​ខែ​នេះ កម្ពុ​ជាមាន​ភ្ញៀវ​ធ្លាក់​ច្រើនពេក​ដែលជា​ប្រការ​បង្ក​ការលំបាក​មិន​ឲ្យ​ភ្ញៀវ​មក​ទស្សនា​កម្ពុជា​ច្រើន​។ ម្យ៉ាងទៀត នៅក្នុង​រដូវ​ខែមេសា​ដល់​ខែតុលា​នេះ ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​មិនសូវមាន​ថ្ងៃ​វិស្សមកាល​(​មិនសូវមាន​ថ្ងៃ​ឈប់សម្រាក​)​។

ប្រសិនបើ​ហេតុផល​ទី​១​ជា​កត្តា​ដាក់បន្ទុក​ប​ន្ទុ​ច​បង្អាក់​ការ​ទស្សនា​របស់​ជនជាតិ​បរទេស​នៅ​កម្ពុជា​មែន​នោះ តើ​កម្ពុជា​អាច​ប្រើប្រាស់​រដូវ​ភ្ញៀវ​នៅ​កម្ពុជា​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​បរទេស​ទៅវិញ​បានដែរ​ឬទេ ពីព្រោះ រដូវ​ភ្ញៀវ គឺជា​រដូវ​ប៉ៃ​តង​។ នៅក្នុង​រដូវ​នេះ ទេសភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិតជា​គ្រប់​ដណ្តប់​ដោយ​ស្លឹកឈើ​ពណ៌​បៃតង​គ្រប់​តំបន់ និង​គ្រប់​ទីកន្លែង​។ លើសពី​ទេសភាព​ពណ៌​បៃតង នៅក្នុង​រដូវ​នេះ ដែនដី​សុវណ្ណ​ភូមិ​ខ្មែរ​ក៏​ឈាន​មកដល់​រដូវ​ផ្កា​រីក​ដែរ​។ ងាក​ទៅ​ទីណា ក៏​គេ​ឃើញ​វត្តមាន​ផ្កា​ចម្រុះ​ពណ៌​បង្អួតរាង​ស្ទើរ​គ្រប់​ទីកន្លែង​។

បៃតង បូក​នឹង​ផ្កា​ចម្រុះ​ពណ៌ គឺជា​ហេតុផល​មួយ​ដែល​ជំរុញ​ឲ្យ​អ្នកជំនាញ​ទេសចរណ៍​អាច​និយាយប្រាប់​ពិភពលោក​ថា រដូវ​នេះ មិនមែនជា​រដូវ Low Season ទេ តែ​ជា​រដូវ​ផ្កា​រីក​(Spring) និង​រដូវ​បៃតង​(Green)​។

ម្យ៉ាងវិញទៀត អ្នកជំនាញ​ទេសចរណ៍ ក៏​គួរ​ចាត់ទុក​រដូវ​ភ្ញៀវ​របស់​ខ្មែរ គឺជា​ផលិតផល​ទេសចរណ៍​មួយ​ដែរ ពីព្រោះថា អ្នកទេសចរ​នៃ​ប្រទេស​មួយចំនួន​មិនដែល​ឃើញ​ភ្លៀង​ដូច​នៅ​
កម្ពុជា​ទេ​។ នេះ​វា​ប្រៀបដូចជា​អ្នកទេសចរ​អាស៊ី​មួយចំនួន​ចង់ឃើញ​ព្រិល ដុំ​ទឹកកក រដូវ​ផ្កា​រីក វាល​ខ្សាច់​សាហា​រា និង​រដូវក្តៅ​នៅ​ទ្វីបអាហ្វ្រិក​អ៊ីចឹង​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com