អន្តរជាតិ
​បច្ចេកវិទ្យា
Microsoft ទិញ LinkedIn ក្នុងតម្លៃ​ជាង​២៦​ពាន់​លាន​ដុល្លារ​អាមេរិក​
14, Jun 2016 , 8:19 pm        
រូបភាព
​ក្រុមហ៊ុន​យក្ស Microsoft បាន​ទិញ​បណ្ដាញ​សង្គម​ការងារ LinkedIn ក្នុងតម្លៃ​ដល់​ទៅ ២៦​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Telegraph​។



​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពិភពលោក Microsoft ប្រកាស​ពី​កិច្ចព្រមព្រៀង​ទិញយក​បណ្ដាញ​សង្គម LinkedIn ដែលមាន​អ្នកប្រើប្រាស់ ៤៣៣​លាន​នាក់ ក្នុងតម្លៃ ២៦.៣​ពាន់លាន​ដុល្លារ​។ នេះ​ជា​កិច្ចព្រមព្រៀង​ទិញយក​ធំជាងគេ​របស់​ក្រុមហ៊ុន​យក្ស Microsoft ក្នុង​រយៈពេល​៤១​ឆ្នាំ​មកនេះ​។​

​ការ​ទិញយក LinkedIn ពី​សំណាក់ Microsoft បង្ហាញ​ពី​ការផ្លាស់ប្ដូរ​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ ដែល​ធ្លាប់​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Bill Gates និង​បច្ចុប្បន្ននេះ ក្រោម​ការគ្រប់គ្រង​រប​ស់​នាយក​ថ្មី គឺ​លោក Satya Nadella​។ ការទិញ​ក្នុងតម្លៃ​ថ្លៃ​នេះ​ទៀតសោត ប្រៀបដូចជា​លាភ​សំណាង​របស់លោក Reid Hoffman ដែល​បង្កើត​បណ្ដាញ​សង្គម​មួយ​នេះ កាលពី​១៤​ឆ្នាំមុន​មក​ម្លេះ​។ ព័ត៌មាន​នៃ​ការលក់​នេះ ក៏​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​របស់ LinkedIn កើនឡើង​ជិត ៥០​ភាគរយ ប៉ុន្តែ​ភាគហ៊ុន Microsoft បែរជា​ធ្លាក់ចុះ​បន្តិច​ទៅវិញ​។​

​នៅក្រោម​ការដឹកនាំ​រប​ស់ លោក Satya Nadella ដែល​កាន់តំណែង​នៅ​ឆ្នាំ​២០១៤ ក្រុមហ៊ុន Microsoft បាន​បន្ថយ​ការលក់​ប្រព័ន្ធ Software ទៅ​ឲ្យ​អតិថិជន​របស់ខ្លួន​។ ការ​ទិញយក LinkedIn ក៏​បង្ហាញ​ពី​ជំហាន​ថ្មី​មួយទៀត​របស់លោក Satya Nadella ដែល​ទើប​ចូលកាន់​តំណែង​បាន​ពីរ​ឆ្នាំ​។

​ជាមួយគ្នា​នោះដែរ នេះ​ជាការ​សម្រេចចិត្ត​ដ៏​ធំ​មួយ របស់​នាយក​ក្រុមហ៊ុន​ថ្មី​របស់ Microsoft ហើយ​លោក​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ នឹង​ដំណើរការ​ស្រួល ជាង​ពេលដែល Microsoft ទិញយក Skype​។ ក្នុង​លិខិត​ទៅកាន់​បុគ្គលិក ក្រោយ​ការប្រកាស​ទិញ LinkedIn លោក Satya Nadella និយាយថា​៖«​យើង​កំពុងតែ​អនុវត្ត​បេសកកម្ម​របស់​យើង ដែល​ផ្ដោតលើ​ការផ្ដល់​ពង្រឹងសមត្ថភាព​ដល់​ប្រជាជន និង​អង្គភាព​នានា​។ កិច្ចព្រមព្រៀង​នេះ ជា​ចំណុច​គន្លឹះ​ក្នុង​មហិច្ឆតា​របស់​យើង ដើម្បី​អភិវឌ្ឍ​ផលិតភាព និង​ដំណើរការ​ពាណិជ្ជកម្ម​។​»  


Tag:
 បណ្តាញ​សង្គម​
  Microsoft
  LinkedIn
© រក្សាសិទ្ធិដោយ thmeythmey.com