បទវិភាគ
ពីនេះ ពីនោះ
អ្នកមានកុំអរ អ្នកក្រកុំភ័យ… 
×![]()
«មានមិនដែលបី (ត) ក្រមិនដែលបីជំនាន់ ឬមិនដែលបីជាតិ»។ សុភាសិតខ្មែរមួយឃ្លានេះ បញ្ជាក់អត្ថន័យពេញលេញល្អណាស់។
បើពិនិត្យលើតថៈភាពជាក់ស្តែង គេតែងតែសង្កេតឃើញថា ប្រសិនបើឪពុកម្តាយជាអ្នកមានស្តុកស្តម្ភ កូននៃគ្រួសារមួយនេះ និយាយជារួម មិនសូវប្រឹងប្រែងខ្លាំងទេ ពីព្រោះ ពួកគេទទួលបានផលច្រើនពីឪពុកម្តាយរួចទៅហើយ។ កូនៗភាគច្រើន ច្រើនតែខ្ជិល ដេកចាំស៊ីទ្រព្យរបស់គ្រួសារ ខ្វះការតស៊ូ ចូលចិត្តសប្បាយច្រើនជាងការងារ។ល។ តែការសង្កេតខាងលើនេះ មិនត្រូវទាំងអស់ទេ។ វាអាចមានកូនអ្នកមានខ្លះ ប្រឹងបន្តឲ្យកាន់តែមានជាងឪពុកម្តាយដែរ ដោយសារ ពួកគេមានដើមទុន ពីគ្រួសាររួចហើយ។
នៅពេលដែលកូនអ្នកមានមិនប្រឹងប្រែងបន្ត ពេលនោះមនុស្សជំនាន់ទី២នៃគ្រួសារអ្នកមាន អាចប្រឈមនឹងការធ្លាក់ចុះទ្រព្យសម្បត្តិ។ ហើយបន្ទាប់មក ចៅដែលជាក្រុមមនុស្សជំនាន់ទី៣ អាចប្រឈមនឹងការខ្វះទ្រព្យទៅវិញ ឬក៏អាចធ្លាក់ខ្លួនក្រទៅវិញ ក៏អាចថា បានដែរ។
ងាកមកគ្រួសារក្រីក្រវិញ។ ប្រសិនបើមនុស្សជំនាន់ទី១ធ្លាប់ក្រ ពេលនោះ កូនដែលជាមនុស្សជំនាន់ទី២ ប្រឹងប្រែងខ្លាំងណាស់។ ប្រឹងប្រែងរហូតអាចក្លាយទៅជាអ្នកមាន ឬអ្នកធូរធា។ បន្ទាប់មកមនុស្សជំនាន់ទី៣ កាន់តែធូរធាខ្លាំងឡើង។
តែអ្វីដែលបញ្ច្រាសមកវិញទៅនោះ គឺថា មនុស្សជំនាន់ទី៣(មានធនធាន) ដែលចេញពីគ្រួសារក្រីក្រដែរនោះ អាចភ្លេចខ្លួន មោទនភាពនឹងទ្រព្យសម្បត្តិ ជំរុញឲ្យកូនចៅជំនាន់ទី៤ សប្បាយភ្លេចខ្លួន ធ្លាក់ខ្លួនក្រីក្រទៅវិញបន្តិចម្តងៗ។
និយាយជារួមមកវិញ សុភាសិត «មានមិនដែលបី (ត) ក្រមិនដែលបីជំនាន់» គឺជាសារផ្តាំផ្ញើត្រឹមត្រូវ គ្មានខុសបន្តិចណាឡើយ។ ធ្លាប់មាន ហើយធ្លាក់ខ្លួនទៅក្រីក្រវិញ អាចបណ្តាលមកពីកង្វះខាតការព្យាយាម ការតាំងចិត្តនេះឯង។ កូនអ្នកក្រ ត្រូវបានគេសង្កេតឃើញថា មានការតាំងចិត្តខ្ពស់ និងព្យាយាមខ្លាំងជាងកូនអ្នកមាន។
ភាពក្រីក្រ ការលំបាក ភាពឈឺចាប់ ជំរុញទឹកចិត្តកូនអ្នកក្រឲ្យឈោងទៅចាប់ភាពជោគជ័យខ្លាំងជាងកូនអ្នកមានដែលគ្របដណ្តប់ទៅដោយសេចក្តីសុខរួចស្រេចទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com