កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​សនឹង​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​នៅ​ថៃ​លើស​គោលការណ៍​ដែល​ក្រសួង​ផ្តល់​ឲ្យ​
21, Jun 2016 , 8:19 am        
រូបភាព
ដោយ:
  
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​នឹង​ប​ញ្ជូ​ល​កីឡាករ​ចំនួន​១៨​រូប ដើម្បី​ចូលរួម​ប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍ The 2th World Tour Soft Tennis Championship 2016 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមិថុនា ខាងមុខ ដែល​ចំនួន​នេះ​លើស​គោលការណ៍​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​ផ្តល់​ឲ្យ​។​

 
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ជម្រើសជាតិ​ចំនួន​១៨​រូប ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ The 2th World Tour Soft Tennis 2016 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​ចំនួន​នេះ​វា​លើស​ទៅនឹង​គោលការណ៍​ដែល​ក្រសួង​ផ្តល់​ឲ្យ ពោលគឺ​ក្រសួង​ផ្តល់​ឲ្យ​តែ​៨​នាក់​(​ស្រី​២)​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ 
 
​ការចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក្នុងការ​បញ្ជូន​កីឡាករ​លើស​គោលការណ៍​ក្រសួង​ផ្តល់​ឲ្យ​នេះ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​កីឡា​សូ​ហ្វ​តិ​ន្នី​សមាន​សកម្មភាព​ច្រើន​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ដើម្បី​ដុះខាត់​បច្ចេកទេស និង​សមត្ថភាព​របស់​កីឡាករ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ជាង​មុន ម្យ៉ាងទៀត​ដើម្បី​សន្សំ​ពិន្ទុ​សម្រាប់ World Teams Ranking ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​២៣ ក្នុងចំណោម​៣៤​ប្រទេស ដែលជា​ប្រទេស​សមាជិក​របស់​សហព័ន្ធ​កិ​ឡា​សូ​ហ្វ​តិ​ន្នី​ស​អន្តរជាតិ​។​
 
​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​សម្រាប់​ការបញ្ជូន​កីឡាករ​ចូលរួម​ក្នុង​ប្រកួត​នៅ​ថៃ​នេះ យើង​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​បានតែ​កីឡាករ​ជម្រើសជាតិ ៨​នាក់​នោះទេ​។ ដោយឡែក​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​រហូតដល់​១៨​នាក់ ក្នុង​គោលបំណង​ទី​១​ចង់​ឲ្យ​កីឡា​កម្ពុជា​មានការ​ប្រកួត​នៅក្រៅ​ប្រទេស​ជា​ញឹកញាប់ ដើម្បី​ដុះខាត់​កម្រិត​បច្ចេកទេស​ឲ្យ​មានការ​កើនឡើង​។ ម្យ៉ាងវិញទៀត​ដើម្បី​សន្សំ​ពិន្ទុ World Teams Ranking»​។​
 
​ប្រសិនបើ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៦ ឬ​ក្រោ​ន​ក្នុង World Team Ranking ក្នុងចំណោម​៣៤​ប្រទេស នោះ​កម្ពុជា​នឹង​ទទួលបាន​សិទ្ធ​ទៅ​ចូលរួម​កីឡា​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​២០២០ ខាងមុខ​ដោយ​ស្វ័យប្រវត្តិ​។ លោក​បាន​បញ្ជាក់ថា​៖«​ទោះបី​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្តើម​ក៏ពិតមែន​ប៉ុន្តែ​កម្ពុជា​ឈរ​ថ្នាក់​លេខ​២៣ លំដាប់​ពិភពលោក ហើយ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​នេះ ប្រសិនបើ​យើង​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១៦ ឬ​១៦​ចុះ យើង​មាន​សិទ្ធ​ដោយ​ស្វ័យប្រវត្តិ​ក្នុងការ​ចូលរួម​កីឡា​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​២០២០​ខាងមុខ​»​។ 
 
​សម្រាប់​ការចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​នេះដែរ លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​រំពឹងថា នឹង​ទទួលបាន​លទ្ធផល​ល្អ​។ គួរ​បញ្ជាក់ថា កីឡាករ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​នឹង​ចេញដំណើរ​ពី​កម្ពុជា​នៅ​ថ្ងៃទី​២២ ហើយ​គ្រោង​នឹង​មកដល់​នៅ​ថ្ងៃទី​២៨ ខែមិថុនា​។ ការប្រកួត​កីឡា​សួ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ The 2th World Tour Championship 2016 នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមិថុនា ខាងមុខនេះ​៕  
  
  

Tag:
 ​សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  The 2th World Tour Soft Tennis Championship 2016
© រក្សាសិទ្ធិដោយ thmeythmey.com