កីឡាជាតិ
ជាតិ
ក្រុម​នារី​ទីស្តីការគណៈរដ្ឋមន្ត្រី​ឈ្នះ​ក្រុម​អ្នកស្រី កែ ឡេង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​សម្តេច ស ខេង
21, Jun 2016 , 8:39 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​២០ ខែមិថុនា ម្សិលមិញ​នៅ​ទីលាន​វាយ​ប៊ូល និង​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​យុវនារី​ជម្រើសជាតិ​មកពី​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​យកឈ្នះ​ក្រុម​ម្ចាស់​មេដាយមាស​ពិភពលោក​អ្នកស្រី កែ ឡេង របស់​ក្រសួងការពារជាតិ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៦ លើ​វិញ្ញាសា​វាយ​៣​ទល់​៣​ផ្នែក​នារី​។



​ក្រុម​យុវនារី​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង លើក​ទី​១៦ លើ​វិញ្ញាសា​វាយ​៣​ទល់​៣​ផ្នែក​នារី បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​មកពី​ក្លិប​ក្រសួងការពារជាតិ​ដែលមាន​វីរនារី​ម្ចាស់​មេដាយមាស​ពិភពលោក កែ ឡេង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ម្សិលមិញ នៅ​ទីលាន​វាយ​ប៊ូល និង​ប៉េតង់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​មេដាយមាស​ពិភពលោក​ទទួលបាន​ជើង​រង​នៃ​ពានរង្វាន់​នេះ​។



​កញ្ញា ស៊ុន គ​ន្ធា ជា​បេ​ក្ខា​ភាព​ម្នាក់​ក្នុងចំណោម​បេក្ខភាព​ទាំង​៣​របស់​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង​នៅពេលដែល​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុម​របស់​អ្នកស្រី កែ ឡេង ដែល​ម្ចាស់​មេដាយមាស​ពិភពលោក​។ ក្រុម​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង ខាងលើ​បាន​បញ្ជាក់ថា ការយក​ឈ្នះ​លើ​ក្រុម​របស់​អ្នកស្រី កែ ឡេង ជាការ​ប្រើ​សមត្ថភាព និង​បច្ចេកទេស​ពិតៗ​មិនមែន​ជាការ​បន្ធូរ​ដៃ​ឡើយ​។

​កីឡាការិនី​រូបនេះ​រៀបរាប់​ដូច្នេះ​ថា​៖«​សម្រាប់​ជ័យជម្នះ​លើ​ក្រុម​ក្រសួងការពារជាតិ​សម្រាប់​ក្លិប​យើងខ្ញុំ​សប្បាយ​តែម្តង​បង ដោយ​ថា គាត់​ជា​ម្ចាស់​មេដាយមាស​ពិភពលោក​ពីរ​ជំនាន់ ហើយ​ពួក​ខ្ញុំ​ជា​ក្មេងៗ​នៅពេល​យកឈ្នះ​លើ​ពួកគាត់ ពួក​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ស្ទើរ​និយាយ​អត់​ចង់​ចេញ​។ ខ្ញុំ​គិតថា​ពួកគាត់​មិនអាច​បន្ធូរ​ឲ្យ​ពួក​ខ្ញុំ​នោះទេ ព្រោះថា​ក្លិប​នីមួយៗ​ចង់បាន​កិត្តិយស​រៀងៗ​ខ្លួន​អ៊ីចឹង​ពួកគាត់​ក៏​ប្រឹង ពួក​ខ្ញុំ​ក៏​ប្រឹង​ដែរ​»​។​



​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ស ខេង កាលពី​ម្សិលមិញ ក្រុម​របស់​ក្លិប​ក្រសួងការពារជាតិ​ហាក់ដូច​ជាមាន​ពិន្ទុ​នាំមុខ​លើ​ក្រុម​របស់​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅពេល​ចាប់ផ្តើម​ការប្រកួត​ដំបូង ប៉ុន្តែ​នៅពេល​ទីស្តីការ​គណៈ​មន្ត្រី​ទទួលបាន​ការណែនាំ​ពី​គ្រូបង្វឹក​របស់ខ្លួន ក្រុម​នេះ​បាន​ប្តូរ​យុទ្ធសាស្ត្រ​ក្នុងការ​ប្រកួត​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម​ក្រសួងការពារជាតិ ពេលនោះ​ធ្វើ​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ពិន្ទុ​នាំមុខ និង​បាន​យកឈ្នះ​លើ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ១៣-៦​។

​ពាក់ព័ន្ធ​ទៅនឹង​ការប្តូរ​យុទ្ធសាស្ត្រ​នេះ កញ្ញា ស៊ុន គ​ន្ធា បាន​បរិយាយ​យ៉ាង​ថា​៖«​សម្រាប់​ការប្រកួត​អម្បាញ់មិញ​ក្រុម​របស់គាត់​មាន​ពិន្ទុ​លើ​ក្រុម​ខ្ញុំ ប៉ុន្តែ​ដោ​យារ​ក្រុម​ខ្ញុំ​បាន​បិទបាំង​មួយ​សឺ​វី​ស បន្ទាប់មក​ពួក​ខ្ញុំ​លេង​បែប​ចូល​ស្អិត ហើយ​ពួក​ខ្ញុំ​លេង​ឆ្ងាយ​ចាប់ពី​៩-១០​ម៉ែត្រ​។ គាត់​វាយ​ល្អ​មែន​ខ្ញុំ​ទទួលស្គាល់​ព្រោះ​គាត់​ម្ចាស់​មេដាយមាស​ពីរ​ជំនាន់ ហើយ​ការ​ឈ្នះ​នេះ​ដោយសារ​ក្រុម​ខ្ញុំ​ធ្វើការ​ផ្តាស់​ប្តូរ​ទៅវិញទៅមក​រវាង​អ្នក​វាយ​ផង​ចូល​ផង​ទៅជា​អ្នក​វាយ​សុទ្ធ ម្យ៉ាងទៀត​ក្រុម​ខ្ញុំ​លេង​ឆ្ងាយ និង​ចូល​ស្អិត ជាហេតុ​ធ្វើ​ឲ្យ​គាត់​វាយ​ប៊ូល​ខ្ញុំ​មិន​អស់​»​។​



​គួរ​បញ្ជាកថា សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៦ វិញ្ញាសា​វាយ​៣​ទល់​៣​ផ្នែក​ពាន​សមាគម លេខ​១​បាន​ទៅ​ក្លិប​ក្រសួងការពារជាតិ ឬ​ឯ​លេខ​២​អគ្គ​ភស្តុភា​ក្រសួងការពារជាតិ ខណៈ​លេខ​៣​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី​២ ចំណែក​លេខ​៤ ក្លូ​ប​ល​១​។ វិញ្ញាសា​១​នាក់​ទល់​១​នាក់​យុវនារី​អាយុ​ក្រោម​១៧​ឆ្នាំ លេខ​១ ក្លិប​ក្រសួងមហាផ្ទៃ​, លេខ​២​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី​១, លេខ​៣​ក្លិប​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ខេត្តកណ្តាល និង​លេខ​៤​ក្លិប​មន្ទីរអប់រំ យុវជន ខេត្តបាត់ដំបង​។



​វិញ្ញាសា​១​នាក់​ទល់​១​នាក់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ លេខ​១​បាន​ទៅ កីឡាករ សិន រង​, លេខ​២ ស៊ីវ សុ​ផានី​ត្រា​, លេខ​៣ ឃួន លី​ហូរ និង​លេខ​៤ កុយ សុភ​ក្ត្រា​។ វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​យុវជន​ចម្រុះ​អាយុ​ក្រោម​១៧​ឆ្នាំ លេខ​១​បាន​ទៅ មន្ទីរអប់រំ អយក ខេត្តកណ្តាល​, លេខ​២ ក្លិប​កង​យោធភូមិភាគ​ពិសេស​, លេខ​៣​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី​១ និង​លេខ​៤ ក្រសួងមហាផ្ទៃ​២​។ វិញ្ញាសា​ផ្នែក​វ័យចាស់​អាយុ​៥៥​ឆ្នាំ​ឡើង លេខ​១​បាន​ទៅ សមាគម​មន្ទីរ​អយក ខេត្តស្វាយរៀង​, លេខ​២​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី​១, លេខ​៣​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី​២ និង​លេខ​៤ មន្ទីរ​អយក ខេត្តព្រៃវែង​។

​ចំណែក​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ផ្នែក​នារី លេខ​១​បាន​ទៅ​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី​១, លេខ​២ ក្លិប​ក្រសួងការពារជាតិ​, លេខ​៣​ក្លិប​កីឡា​ប៉េតង់​សេនា​រាជសីហ៍ និង​លេខ​៤​ក្លិប​យោធភូមិភាគ​ពិសេស​។ វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ផ្នែក​បុរស​ពាន​ធំ លេខ​១​បាន​ទៅ​ក្លិប​ទីស្តីការគណៈរដ្ឋមន្ត្រី​២, លេខ​២​ក្លិប​យោធភូមិភាគ​ពិសេស​, លេខ​៣ យោធភូមិភាគ​ពិសេស​២ និង​លេខ​៤​មន្ទីរ អយក ខេត្តស្វាយរៀង​៕   




Tag:
 ​ប៉េតង់​
  ពានរង្វាន់​សម្តេច ស ខេង ២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com