កីឡាជាតិ
ជាតិ
​ក្រោ​ន​-​ព្រះខ័ន​រាជ ស៊ីម៉ាក់​-​ទ័ព​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​១/២ ខណៈ​បឹងកេត និង​ណាហ្គា ខកចិត្ត​
23, Jun 2016 , 12:08 pm        
រូបភាព
ដោយ:
​បឹ​កកេ​ត​អង្គរ បាន​ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៦ បន្ទាប់ពី​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ ក្នុង​វគ្គ​១/៤​កាលពី​ម្សិលមិញ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ធ្វើ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង មានឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ភ្នំពេញ​ក្រោ​ន និង​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា បន្ទាប់ពី​ក្រុម​ទាំងនេះ​យកឈ្នះ​លើ​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ​១/៤ កាលពី​ម្សិលមិញ​ផងដែរ​។



​ខ្សែប្រយុទ្ធ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ទម្លាយ​សំណាញ់​ទី​របស់​បឹងកេត​អង្គរ​មួយ​គ្រាប់​នៅ​នាទី​ទី​៤១ នាំ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​នាំមុខ​បឹង​កេង​អង្គរ ១-០ លុះដល់​នាទី​ទី​៤៧ កីឡាករ ទៀប វឌ្ឍនៈ របស់​បឹងកេត​អង្គរ​បាន​ទ​ម្លា​ញ​សំណាញ់​ទី​របស់​ស្វាយរៀង​១​គ្រាប់​វិញ ដើម្បី​តាម​ស្មើ ១-១ ក្នុង​តង់​ទី​១​។ ប៉ុន្តែ​នៅ​ចុង​តង់​ទី​២​កីឡាករ សារ៉េត គ្រី​យ៉ា សម្រេចបាន​១​គ្រាប់​បន្ថែម​ជូន​ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បី​ទម្លាក់​ក្រុម​បឹងកេត​អង្គរ​ក្នុង​វគ្គ​១/៤ ក្នុង​លទ្ធផល ២-១ សម្រាប់​ជួយ​ក្រុម​ឡើងទៅ​វគ្គ​១/២​។

​ភ្នំពេញ​ក្រោ​ន​ជា​ក្រុម​មួយ​ដែល​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​លើ​ក្រុម សៀមរាប​អង្គរ ៤-០ នៅ​វគ្គ​១/៤ កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​របស់​ភ្នំពេញ​ក្រោ​ន​ដោយមាន​ការរួមចំណែក​ម្នាក់ៗ​មួយ​គ្រាប់​របស់​កីឡាករ អ៊ិន សុដាវី​ត កែវ សុខ​ផេង កែវ សុខ​ង៉​ន និង​កីឡាករ ពៅ ពន់​វុទ្ធី​។

​ជាមួយគ្នានេះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) បាន​ទម្លាក់​ក្រុម​ណាហ្គា​វើ​ល ពី Hun Sen Cup តាមរយៈ​ការយក​ឈ្នះ ២-១ ដើម្បី​បាន​ឡើងទៅ​វគ្គ​១/២​បន្ត​។ ពីរ​គ្រាប់​របស់​ស៊ីម៉ាក់ សម្រេចបាន​ដោយ​កីឡាករ អឿន ភីរ័ក្ស ១​គ្រាប់​នៅ​នាទី​ទី​៧ និង​រួមចំណែក​មួយ​របស់​កីឡាករ ហុង មករា នៅ​នាទី​ទី​៩៣​ម៉ោង​ថែម​បង្គ្រប់​បញ្ចប់​តង់​ទី​២​។ ចំណែក​១​គ្រាប់​របស់​ណាហ្គា​វើ​ល​សម្រេច​កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី នៅ​នាទី​៦៦​។

​ទន្ទឹមនឹងនេះ នៅ​កីឡដ្ឋាន RSN ក្រុម​ក្រសួងការពារជាតិ បាន​យកឈ្នះ​លើ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៤-០ ផងដែរ​នៅក្នុង​វគ្គ​១/៤​នេះ ដើម្បី​ទៅ​វគ្គ​១/២ ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន និង​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​។ ជ័យជម្នះ​របស់​ក្រសួងការពារជាតិ​នេះ​សម្រេចបាន​ដោយ​កីឡាករ ច្រឹង ពលរដ្ឋ​, រ៉ឹង ប៊ុន​ហៀ​ង និង​កីឡាករ ពៅ ភា​រិ​ទ្ធ ម្នាក់​មួយគ្រា​ប់ ព្រមទាំង​រួមចំណែក​១​គ្រាប់​ដោយ​ការធ្វើ​ចូល​ទី​ខ្លួនឯង​របស់ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។​

​គួរ​បញ្ជាក់ថា ដែល​ត្រូវ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួមមាន ក្រុម​ក្រសួងការពារជាតិ ព្រះខ័ន​រាជ​ស្វាយរៀង មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា និង​ក្រុម​ភ្នំពេញ​ក្រោ​ន​។ នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះដែរ​នឹងធ្វើ​ការប្រកួត​នៅ​ថ្ងៃទី​២៩ ខែមិថុនា ខាងមុខនេះ ដោយ​ក្រុម​ក្រសួងការពារជាតិ ត្រូវ​ជួប មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង ជួយ ភ្នំពេញ​ក្រោ​ន​៕      


Tag:
 ​បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com