កីឡាអន្តរជាតិ
អន្តរជាតិ
​កីឡាករ​ស៊ី​លី Sanchez, Bravo, Vargas ឈ្នះ​ពាន​ឯកត្តជន​នៅ Copa America
27, Jun 2016 , 12:24 pm        
រូបភាព
 
​ស៊ី​លី បានឈ្នះ​ពាន Copa America 2016 ប្រចាំ​តំបន់អាមេរិកខាងត្បូង ពីរ​ឆ្នាំ​ជាប់​គ្នា ដោយ​ទទួល​ជ័យជម្នះ ៤-២ លើ​អា​ហ្ស​ង់​ទីន ដែលជា​គូប្រជែង​ចាស់​របស់ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្រៅពី​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​នេះ កីឡាករ​ស៊ី​លី រហូតដល់​ទៅ​បីនាក់​បានឈ្នះ​ពាន​ជា​លក្ខណៈ​ឯកត្តជន ដែល​ក្នុងនោះ មាន Alexis Sanchez, Cluadio Bravo និង Eduardo Vargas​។​



Alexis Sanchez បាន​ជាប់​ជា​កីឡាករ​ល្អ​បំផុត (Golden Ball award) ក្នុង​ព្រឹត្តិការណ៍ Copa America 2016 បន្ទាប់ពី​ជួយ​ក្រុម​ជម្រើសជាតិ ស៊ី​លី​ឈ្នះ​ពាន​នេះ​២​ឆ្នាំ​ជាប់​គ្នា​។​
 
​ខ្សែបម្រើ​របស់​កាំភ្លើង​ធំ Arsenal កីឡាករ Sanchez បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ជ័យជម្នះ ៤-២ ជាមួយ​ប៉ា​ណា​ម៉ា​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល និង​ជួយ​ឲ្យ​ស៊ី​លី​យកឈ្នះ ម៉ិចស៊ិក ៧-០ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។ Sanchez ត្រូវបាន​ទទួលស្គាល់ថា​ជា​កីឡាករ​ដែលមាន​ល្បឿន​លឿន និង​អាចបង្កើត​ឱកាស​ច្រើន​នៅ​រាល់​ការប្រកួត​ផងដែរ​។​
 
​ក្រៅពី Sanchez ដែល​ជាប់​ជា​កីឡាករ​ឆ្នើម អ្នកចាំទី​រួម​ជាតិ​ស៊ី​លី​ជាមួយគ្នា  Claudio Bravo ក៏​ជាប់​ឈ្មោះ​ជា​អ្នក​ចាំ​ល្អ​បំផុត (Golden Glove) ផងដែរ​បន្ទាប់ពី​ជួយសង្គ្រោះ​បាល់​យ៉ាងច្រើន​នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ជាមួយ​អា​ហ្ស​ង់​ទីន​។​
 
​សម្រាប់​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ច្រើនជាងគេ​(Golden Boot) ក្នុង​ព្រឹត្តិការណ៍ Copa America 2016 នេះ​ក៏បាន​ទៅ​មិត្ត​រួម​ជាតិ​ស៊ី​លី​ដូចគ្នា​ដែរ គឺ​បាន​ទៅ​ខ្សែប្រយុទ្ធ Eduardo Vargas ដោយ​រកបាន​៦​គ្រាប់ នាំមុខ Lionel Messi របស់ អា​ហ្ស​ង់​ទីន ដែល​រកបាន​៥​គ្រាប់​។​
 
​រីឯ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បានឈ្នះ​ពាន Fair Play ក្នុង​ពានរង្វាន់​ទ្វីបអាមេរិក​នេះ​។ កូ​ឡុំ​ប៊ី បាន​ចំណាត់ថ្នាក់​លេខ​បី បន្ទាប់ពី​បាន​យកឈ្នះ​សហរដ្ឋអាមេរិក ១-0 កាលពី​ថ្ងៃអាទិត្យ​។​
 
​សម្រាប់​កីឡាករ​ឆ្នើម​ទាំង​១១​នាក់​ប្រចាំ​ព្រឹត្តិការណ៍ កីឡាករ​ស៊ី​លី មាន​រហូតដល់​ទៅ​៨​នាក់ រីឯ​អា​ហ្ស​ង់​ទីន​មាន​៣​នាក់​។ 
 
-​អ្នកចាំទី​៖ Claudio Bravo (​ស៊ី​លី​)
-​ខ្សែការពារ​៖ Jean Beausejour, Gary Medel, Mauricio Isla (​ស៊ី​លី​), Nicolas Otamendi (​អា​ហ្ស​ង់​ទីន​)
-​ខ្សែបម្រើ​៖ Charles Aranguiz, Arturo Vidal (​ស៊ី​លី​), Javier Mascherano (​អា​ហ្ស​ង់​ទីន​)
-​ខ្សែប្រយុទ្ធ​៖ Alexis Sanchez, Eduardo Vargas (​ស៊ី​លី​), Lionel Messi (​អា​ហ្ស​ង់​ទីន​)៕
 



Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com