អន្តរជាតិ
អង់គ្លេស ត្រូវអនុវត្តមាត្រា៥០សន្ធិសញ្ញាLisbon សិន បើចង់ចរចាជាមួយអឺរ៉ុប
× បន្ទាប់ពីធ្វើប្រជាមតិ ថ្ងៃទី២៣ ខែមិថុនា រួចមក ចក្រភពអង់គ្លេស នៅមិនទាន់ប្រកាសបំណងរបស់ខ្លួន ក្នុងការចាកចេញពីសហភាពអឺរ៉ុបនៅឡើយទេ។ អង់គ្លេស ទំនងចង់ទុកពេលយូរបន្តិច ដើម្បីចរចាពីអនាគតរបស់ខ្លួនឲ្យច្បាស់លាស់សិន ប៉ុន្តែមេដឹកនាំអឺរ៉ុប បញ្ជាក់ថា ចក្រភពអង់គ្លេស ត្រូវប្រកាសចាកចេញជាមុន ទើបមានការសន្ទនាគ្នាតាមក្រោយ។
សូមស្ដាប់ព័ត៌មានលម្អិត៖
មេដឹកនាំប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានប្រាប់ឲ្យចក្រភពអង់គ្លេស ត្រូវប្រកាសចាកចេញជាផ្លូវការ តាមមាត្រា៥០ នៃសន្ធិសញ្ញា Lisbon ជាមុនសិន ប្រសិនបើចង់ចរចាបញ្ហាផ្សេងទៀត។ មកទល់ពេលនេះ ចក្រភពអង់គ្លេស ហាក់នៅអល់អែកក្នុងការប្រកាសផ្លូវការរបស់ខ្លួន បើទោះជាសហភាពអឺរ៉ុប ទទូចឲ្យចាកចេញឆាប់ៗក៏ដោយ។
ក្នុងជំនួប នៅទីក្រុងបែរឡាំង ជាមួយប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ និងនាយករដ្ឋមន្ត្រី Matteo Renzi អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និយាយថា បារាំង អ៊ីតាលី និងអាល្លឺម៉ង់ ឯកភាពគ្នា ឲ្យចក្រភពអង់គ្លេស ត្រូវដាក់ពាក្យចាកចេញពីសហភាពអឺរ៉ុប បើមិនដូច្នោះទេ នឹងគ្មានការចរចាណាមួយនោះទេ។ ហើយប្រទេសទាំងបី នឹងរួបរួមគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សន្តិសុខ និងការប្រកួតប្រជែង នៅក្នុងអឺរ៉ុប។
ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី២៧ ខែមិថុនា លោកស្រីអធិការបតី បញ្ជាក់ទៀតថា ប្រទេសអឺរ៉ុបទាំង២៧ នឹងជំរុញឲ្យអឺរ៉ុបទៅមុខ ជាមួយនឹងផែនការថ្មីៗទៀត។ លោកស្រី សង្កត់ធ្ងន់ថា ពេលនេះគ្មានស្ថានភាពមិនច្បាស់លាស់អ្វីនោះទេ ហើយសហភាពអឺរ៉ុប ត្រូវជម្នះនឹងរាល់ការប៉ុនប៉ង ចាកចេញពីអឺរ៉ុប ពីសំណាក់រដ្ឋជាសមាជិកដទៃទៀត។
ជាមួយគ្នានេះដែរ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោកប្រធានាធិបតី ហូឡង់ ក៏បានទទូចឲ្យចក្រភពអង់គ្លេស មិនត្រូវខ្ជះខ្ជាយពេលវេលា ក្នុងដំណើការចាកចេញពីសហភាពអឺរ៉ុបនោះទេ។ លោកបន្តថា គ្មានអ្វីដែលអាក្រក់ ជាងភាពមិនច្បាស់លាស់នោះទេ ព្រោះវា នឹងធ្វើឲ្យទីផ្សារហិរញ្ញវត្ថុ រងផលប៉ះពាល់មិនខាន។
ក្នុងជំនួប ដែលធ្វើមួយថ្ងៃមុនកិច្ចប្រជុំសហភាពអឺរ៉ុប នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានលើកឡើងដែរថា ការសម្រេចចិត្តរបស់ប្រជាជនចក្រភពអង់គ្លេស ត្រូវតែត្រូវបានគោរព។ ប៉ុន្តែទន្ទឹមនឹងគ្នានោះ សហភាពអឺរ៉ុប គួរមានយុទ្ធសាស្ត្រ សម្រាប់រយៈពេលខាងមុខផងដែរ។ លោកពន្យល់ថា អឺរ៉ុប ជាគ្រួសារធំមួយ ហើយសមាជិកគ្រួសារទាំងអស់ ត្រូវការការធានាមួយ ដោយអឺរ៉ុប ត្រូវតែមានការកែប្រែ សម្រាប់ពេលអនាគត។
សូមបញ្ជាក់ថា ក្រោយការធ្វើប្រជាមតិរួចមក រដ្ឋាភិបាលលោក ដេវីដ ខេមេរ៉ូន នៅមិនទាន់ប្រកាសពីការចាកចេញផ្លូវការនៅឡើយទេ ហើយលោកអះអាង លោកនឹងទុករឿងនេះឲ្យនាយករដ្ឋមន្ត្រីថ្មី ជាអ្នកទទួលខុសត្រូវ។ ប៉ុន្តែមេដឹកនាំអឺរ៉ុប ទាមទារឲ្យអង់គ្លេស មិនត្រូវពន្យារពេលនោះទេ និងត្រូវធ្វើតាមមាត្រា៥០ នៃសន្ធិសញ្ញា Lisbon ឲ្យបានឆាប់បំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com