អន្តរជាតិ
តើ លោក ពូ​ទីន រីករាយ​ពេលដែល​អឺរ៉ុប​បែកបាក់​គ្នា​?
28, Jun 2016 , 8:59 pm        
រូបភាព
​សហភាព​អឺរ៉ុប​ប្រកាសថា ស្ថាប័ន​អឺរ៉ុប​ត្រៀមខ្លួន​ដើម្បី​បន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ក្នុង​កិច្ចប្រជុំ​ម​កំពូល​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​នេះ ទោះបីជា​មានការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ក៏ដោយ​។ ប៉ុន្តែ​ព្រឹទ្ធសភា​អ៊ីតាលី បានបញ្ជាក់​គោលជំហរ​របស់ខ្លួន​ហើយ​ថា គ្មាន​ការបន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ជា​ស្វ័យប្រវត្តិ​ឡើយ​។

-
ប្រទេសមួយ​ចំនួន​ដូចជា​បារាំង​ដែល​ចង់​សម្រួល​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ក៏​នៅ​ស្ទាក់ស្ទើរ តែ​ប្រទេស​នេះ​ព្យាយាម​ដើរ​ទន្ទឹម​អាល្លឺម៉ង់ និង​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​ក្នុងការ​រក្សា​វិធាន​ការដាក់​សម្ពាធ​លើ​រុស្ស៊ី​។ ថ្វីបើ​ទណ្ឌកម្ម​នៅសល់​មែន រុស្ស៊ី​ញ​ញឺ​ម​បិទមាត់​មិន​ជិត​ទេ ពេល​ឃើញ​អឺរ៉ុប​បែកបាក់​គ្នា និង​គ្មាន​សំឡេង​រួមគ្នា ហើយ​ការដើរ​ចេញ​របស់​អង់គ្លេស​នេះ​ទៀតសោត​ជា​សារ​មួយ​សម្រាប់​ក្រេ​ម​ឡាំង​ថា អស់​«​អ្នកប្រឆាំង​រុស្ស៊ី​ផ្កាប់មុខ​ហើយ​»​ក្នុង​សហភាព​អឺរ៉ុប​។  


​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ពាក់ព័ន្ធ​បញ្ហា​នេះ​៖



​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​ចាប់ផ្តើម​ពីថ្ងៃ​អង្គារ​ទី ២៨ ដល់​ថ្ងៃ​ពុធ ​ទី​២៩​មិថុនា​។ ប្រធានបទ​សំខាន់​ដែល​គ្របដណ្តប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​គឺ ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប និង​ការសម្រេច​បន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ឬ​អត់​។​

​រឿង​ចាក​ចេញពី​សហភាព​អឺរ៉ុប មេដឹកនាំ​អឺរ៉ុប​ព្រមាន​អង់គ្លេស​រួចរាល់​ហើយ ថា​គ្មាន​ការចរចា​ណាមួយ​កើតឡើង​ឡើយ បើ​គ្មាន​ការអនុវត្ត​មាត្រា ៥០​នៃ​សន្ធិសញ្ញា Lisbon ដើម្បី​ចាប់ផ្តើម​នីតិវិធី​ចាកចេញ​ជា​ផ្លូវការ​។ ហើយ​មេដឹកនាំ​អឺរ៉ុប​ក៏ត្រូវ​ជជែក​រក​ដំណោះស្រាយ​ដើម្បី​ឆ្លើយតប​បញ្ហា​ដែល​កើតមាន​បន្តបន្ទាប់​ក្រោយ​ការចាកចេញ និង​ត្រូវ​រៀបចំ​សហភាព​អឺរ៉ុប​បែបណា​ទៀត កុំ​ឲ្យ​បែកបាក់ និង​ដើម្បី​រក្សា​ដំណើរការ​សមាហរណកម្ម​ទៅមុខ​ដោយ​រលូន​។

​ចំណែក ​ការសម្រេច​ចុងក្រោយ ​ថាគួរ​បញ្ចប់​ទណ្ឌកម្ម​ឬ​បន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នោះ​ក៏​នៅ​ជា​រឿងចម្រូងចម្រាស​និង​ធ្វើ​ឲ្យ​អឺរ៉ុប​ទាស់ទែង​ខ្វែងគំនិត​កាន់តែខ្លាំង​។ អ្នកខ្លះ​ចង់​ឲ្យ​ដក ឯ​អ្នកខ្លះ​ចង់​ឲ្យ​ដក​ដែរ​តែ​ត្រូវ​បង្ខំចិត្ត​ស្តាប់​តាម​គេ ហើយ​ខ្លះទៀត​ចង់​ឲ្យ​បន្ត​ទណ្ឌ​កម្មនេះ​តែម្តង​។ ប៉ុន្តែ​ការដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​ដែលជា​អ្នកប្រឆាំង​រុស្ស៊ី​ខ្លាំងជាងគេ​នោះ គឺជា​អ្វីដែល​រុស្ស៊ី​ចង់​លឺ​បំផុត​។

១. អ៊ីតាលី​៖ ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​មិន​បន្ត​ដោយ​ស្វ័យប្រវត្តិ​ទេ​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ទាក់ទង​បញ្ហា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នោះ ព្រឹទ្ធសភា​អ៊ីតាលី​បានសម្រេច​ហើយ​ថា  ការបន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដោយ​ស្វ័យប្រវត្តិ​មិនអាច​កើតមាន​ឡើយ​។ ចំណែក​រដ្ឋាភិបាល​លោក Matteo Ranzi ក៏​លើកឡើង​ស្រដៀង​គ្នា​នេះដែរ​។ នាយករដ្ឋមន្ត្រី​រូបនេះ​បានបង្ហាញ​ជំហរ​របស់​អ៊ីតាលី ក្នុងការ​ជំរុញ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី តាំងពី​ពេល​លោក​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ដែល​រៀបចំ​នៅ​ទីក្រុង St Petersburg ម្ល៉េះ​។ រដ្ឋ​ដូចជា​ក្រិ​ក និង​អ៊ីតាលី​ជាដើម​នោះ​សុទ្ធសឹងតែ​ជា​រដ្ឋ​ដែល​ចង់​ឲ្យ​អឺរ៉ុប​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឡើងវិញ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​ចៀសវាង​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​មហាអំណាច​ដូច​រុស្ស៊ី​។​

​ទាក់ទិន​ទណ្ឌកម្ម​នេះដែរ យោងតាម​សារព័ត៌មាន Euro Observer សហភាព​អឺរ៉ុប​ប្រហែលជា​នឹង​សម្រេច​បន្ត​ទណ្ឌកម្ម​ក្នុងពេល​៦​ខែ​ទៀត ទោះបីជា​អង់គ្លេស​ចាកចេញ​ក៏ដោយ​។ ការធ្វើ​បែបនេះ​ជាការ​បង្ហាញ​ទៅកាន់​រុស្ស៊ី​ថា នយោបាយ​ការបរទេស​អឺរ៉ុប​មិន​ប្រែប្រួល​ឡើយ​។ ​ប្រទេស​បារាំង​និង​អាល្លឺម៉ង់ មិនសូវ​ជា​ប្រឆាំង​រុស្ស៊ី​ទេ ហើយ​អ្នកនយោបាយ​បារាំង​ក៏​ចង់​ឲ្យ​មានការ​លើកស្ទួយ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឡើងវិញ​ដែរ​។ ប៉ុន្តែ​ក្នុងនាម​ជា​មេដឹកនាំ​អឺរ៉ុប ទាំង​បារាំង​និង​អាល្លឺម៉ង់ ត្រូវ​សម្រេច​តាម​មតិ​ភាគច្រើន ហើយក៏​ត្រូវ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង Minsk  បាន​ជោគជ័យ​សិន​។​ចង់​មិន​ចង់​ប្រទេស​ទាំងនេះ​ត្រូវ​ប្រឹងប្រែង​បង្រួបបង្រួម​អឺរ៉ុប​ក្នុងការ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​។​

២. លោក ពូ​ទីន ញញឹម​ពេល​អឺរ៉ុប​បែកបាក់​គ្នា និង​ថយចុះ​ឥទ្ធិពល​?
​អឺរ៉ុប​ខ្វែងគំនិត​គ្នា និង​ឈានដល់​ការបែកបាក់​គ្នា​ដោយ​ចក្រភព​អង់គ្លេស​ដកខ្លួន​ពីសហភាព​អឺរ៉ុប​ផង​នោះ ធ្វើ​ឲ្យ​មាន​អ្នកខ្លះ​យំ អ្នកខ្លះ​សើច​។  គេ​ចោទ​សួរថា អឺរ៉ុប​បែកបាក់​គ្នា អ្នកណា​ញញឹម​? ចម្លើយ​គឺ​វា​ប្រាកដជា​ប្រធានាធិបតី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​បណ្តា​មេដឹកនាំ​រុស្ស៊ី​ផ្សេងទៀត​ដែល​ឈរ​ប្រឆាំង​លោកខាងលិច​ និង​ឥទ្ធិពល​អាមេរិក​លើ​អឺរ៉ុប​តែម្តង​។

​យោងតាម​សារព័ត៌មាន CNN សូម្បីតែ​លោក ដេវីដ ខេ​មេ​រ៉ូ​ន ខ្លួនឯង​ក៏​ធ្លាប់​និយាយ​លេង​ដែរ បើសិនជា​លោក​ចាក​ចេញពី​តំណែង អ្នក​ដែល​សប្បាយចិត្ត​ជាងគេ​ប្រហែលជា​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​នេះឯង​។​​ចក្រភព​អង់គ្លេស ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​អ្នក​ដែលមាន​ជំហរ​ប្រឆាំង​រុស្ស៊ី​ខ្លាំងជាងគេ​បំផុត ហើយ​អង់គ្លេស​ក៏​ជា​អ្នក​ដែល​តស៊ូ​រមតិ​ទាមទារ​ឲ្យ​អឺរ៉ុប​រក្សាទុក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ឲ្យ​ស្ថិតស្ថេរ​មកដល់​បច្ចុប្បន្ន​ដែរ​។ 

​ក្រោយ​លទ្ធផល​ប្រជាមតិ​នៅ​អង់គ្លេស​ប្រកាស​ជា​ផ្លូវការ អភិបាលក្រុង​ម៉ូស្គូ​លោក Sergei Sobyanin បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់ខ្លួន​ថា លោក​មើលឃើញ​ការដើរ​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​នឹង​ជះ ឥទ្ធិពល​វិជ្ជមាន​លើ​រុស្ស៊ី​។ លោក​ពន្យល់​បន្ថែមថា​វិជ្ជមាន​នោះ​គឺ គ្មាន​ចក្រភព​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប បញ្ជាក់​ច្បាស់​ថា គ្មាន​អ្នក​ក្រោកឈរ​តស៊ូ​រមតិ​ឲ្យ​បន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ទៀតឡើយ​។

​យោងតាម​សារព័ត៌មាន Washington Post អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​រុស្ស៊ី Michael McFaul បាន​អះអាងថា ការចាកចេញ​របស់​អង់គ្លេស​ជា​ជ័យជម្នះ​មួយ​របស់លោក ពូ​ទីន​។ លោក​សង្កត់ធ្ងន់ថា មិនមែន​លោក ពូ​ទីន ជា​អ្នកធ្វើ​ឲ្យ​អង់គ្លេស​ចាកចេញ​ឡើយ ប៉ុន្តែ​កម្មវត្ថុ​នៃ​គោលនយោបាយ​ការបរទេស​របស់លោក ពូ​ទីន គឺ​ទាញយក​ប្រយោជន៍​ពី​ការបែកបាក់​គ្នា​នេះ​តែម្តង​។​

​ទោះ​មានការ​បកស្រាយ​ឬ​លើកឡើង​បែបនេះ​ក្តី វិមាន​ក្រេ​ម​ឡាំង​នៅតែ​រក្សា​ជំហរ​អ​ព្យា​ក្រឹត្យ​ដោយ​បញ្ជាក់​ច្បាស់​ថា​ខ្លួន​គ្មាន ទស្សនៈ​និង​ការយល់ឃើញ​បែបណា​ចំពោះ​ការសម្រេច​របស់​ប្រជាជន​អង់គ្លេស​ឡើយ​។ តែ​ផ្ទុយទៅវិញ​មន្ត្រីជាន់ខ្ពស់​ក្រុង​ម៉ូស្គូ​បាន​ពន្យល់​ទៅវិញ​ថា រុស្ស៊ី​បារម្ភ​ពី​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការ​បែកខ្ញែក​គ្នា​រវាង​សមាជិក​អឺរ៉ុប​ទៅវិញ​ទេ​។​

​តាមពិតទៅ ​ការចាកចេញ​របស់​អង់គ្លេស​ធ្វើ​ឲ្យ​អាមេរិក​ឈឺក្បាល ព្រោះ​នយោបាយ​ការបរទេស​អឺរ៉ុប​អាច​នឹង​ប្រែប្រួល​ផង​។ អាច​ថា​អាមេរិក​នឹង​ថមថយ​ឥ​ទិ្ធ​ពល​លើ​ការសម្រេចចិត្ត​របស់​ស​ហ​ភាព​អឺរ៉ុប​។ ជា​ឧទាហរណ៍​ជាក់ស្តែង នយោបាយ​ប្រឆាំង​និង​ដាក់​គំនៀប​លើ​រុស្ស៊ី​តែម្តង​។  ដោយសារ​បញ្ហា​នេះហើយ ម្សិលមិញ​នេះ ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃែ​រី ត្រ​ហេ​ប ត្រ​ហប​ទៅ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នៅ​ប៊ែ​កឡាំង​ជុំវិញ​ការស្វែងរក​ដំណោះស្រាយ​ឆ្លើយតប​ការចាកចេញ​របស់​អង់គ្លេស​។ លោក ឃែ​រី បានបញ្ជាក់​ជាថ្មី​ថា សហរដ្ឋអាមេរិក​ចង់​ឲ្យ​អឺរ៉ុប​រួបរួមគ្នា និង​សាមគ្គី​គ្នា ព្រោះ​កាលណា​បើ​មាន​ការបន្ត​បែកខ្ញែក​គ្នា​នេះ នយោបាយ​ការបរទេស និង​ឥទ្ធិពល​របស់​អឺរ៉ុប​ក៏​ថយចុះ​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com