អន្តរជាតិ
អឺរ៉ុប៖ ចក្រភពអង់គ្លេស ត្រូវបញ្ជាក់ជំហរឲ្យច្បាស់ និងឲ្យឆាប់បំផុត លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប
× មកទល់ពេលនេះ រដ្ឋាភិបាលចក្រភពអង់គ្លេសរបស់នាយករដ្ឋមន្ត្រី ដេវីដ ខេមេរ៉ូន នៅមិនទាន់បញ្ជាក់ជំហរច្បាស់លាស់ និងនៅតែរារែក ចំពោះការចាកចេញពីសហភាពអឺរ៉ុប ដោយបានត្រឹមតែប្រកាសថា លោកនឹងទុកឲ្យនាយករដ្ឋមន្ត្រីថ្មី ជាអ្នកទទួលខុសត្រូវ។ យ៉ាងណាក្ដី ប្រធានគណៈកម្មការអឺរ៉ុប បានផ្ដាំទៅចក្រភពអង់គ្លេស ឲ្យបញ្ចេញជំហររបស់ខ្លួនឲ្យច្បាស់។
ប្រធានគណៈកម្មការអឺរ៉ុប លោក ហ្សង់-ក្លូដ ចាំងកឺ (Jean-Claude Juncker) បានទាមទារឲ្យរដ្ឋាភិបាលចក្រភពអង់គ្លេស និយាយពីជំហររបស់ខ្លួនឲ្យបានឆាប់បំផុត។ លោក ចាំងកឺ និយាយដូចនេះ ខណៈដែល រដ្ឋាភិបាលលោក ដេវីដ ខេមេរ៉ូន ហាក់ដូចជានៅស្ទាក់ស្ទើរ ចំពោះបញ្ហានេះឡើយ ។
ថ្លែងទៅកាន់សភាអឺរ៉ុប ប្រធានគណៈកម្មការរូបនេះ បញ្ជាក់ថា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស នឹងនៅតែជាមិត្តដដែល។ ប៉ុន្តែ ចក្រភពអង់គ្លេស ត្រូវបង្ហាញជំហររបស់ខ្លួន ដើម្បីចៀសវាងភាពមិនច្បាស់លាស់ណាមួយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC។
លោកនាយករដ្ឋមន្ត្រី ខេមេរ៉ូន នឹងធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល នៅថ្ងៃទី២៨ ខែមិថុនា ដើម្បីជួបជាមួយមេដឹកនាំអឺរ៉ុប ជុំវិញលទ្ធផលប្រជាមតិ ថ្ងៃទី២៣ ខែមិថុនា។ គេរំពឹងថា លោក ខេមេរ៉ូន នឹងពិភាក្សាបញ្ហាប្រជាមតិនេះ នៅក្នុងកិច្ចប្រជុំសហភាអឺរ៉ុប ខណៈមេដឹកនាំរដ្ឋជាសមាជិក២៧ផ្សេងទៀត នឹងជួបគ្នាជាលើកដំបូង ដោយគ្មានវត្តមានលោក ខេមេរ៉ូន លើជំហានបន្ទាប់របស់សហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមិថុនា។
យោងតាមលិខិតអញ្ជើញរបស់សហភាពអឺរ៉ុប នាយករដ្ឋមន្ត្រីអង់គ្លេស នឹងជួបជាមួយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ទូសក៏ (Donald Tusk) នៅមុនពេលក្រុមប្រឹក្សានេះ ប្រជុំនាពេលបន្ទាប់។ ជាមួយគ្នានោះ លោក ខេមេរ៉ូន នឹងពន្យល់ស្ថានភាពនានា ទៅកាន់មេដឹកនាំអឺរ៉ុប នៅពេលល្ងាច ថ្ងៃទី២៨ ខែមថុនា។
ឆ្លៀតពេលនៃជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស មេដឹកនាំសហភាពអឺរ៉ុប ទំនងជាបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួនក្នុងការចរចា ជាមួយចក្រភពអង់គ្លេស ក្នុងករណីដែលអង់គ្លេស ព្រមអនុវត្តតាមមាត្រ៥០ នៃសន្ធិសញ្ញា Lisbon ដែលចែងពីការការចាកចេញនៃសមាជិកសហភាពអឺរ៉ុប។ អ្វីដែលជាបញ្ហានោះ គឺលោក ខេមេរ៉ូន បានទុកឲ្យបញ្ហានេះ ឲ្យអ្នកស្នងតំណែងរបស់លោក ជាអ្នកចាត់ការ ប៉ុន្តែមេដឹកនាំអឺរ៉ុប ចង់ឲ្យអង់គ្លេស ធ្វើសកម្មភាពឲ្យឆាប់បំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com