អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រា​យុទ្ធ ព្រមាន កុំ​យក​ការលាលែង​របស់​ខេ​មេ​រ៉ុ​ន មក​ប្រៀប​នឹង​លោក​
28, Jun 2016 , 10:19 pm        
រូបភាព
ដោយ:
​បក្សនយោបាយ​ធំ​មួយចំនួន​របស់​ថៃ សរសើរ​ពី​ការចាកចេញ​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ុ​ន និង​ថែមទាំង​ទទូច​ឲ្យ​រដ្ឋាភិបាល​របប​សឹក​ថៃ​យក​ជា​គំរូ​សម្រាប់​ការធ្វើប្រជាមតិ​រដ្ឋធម្មនុញ​នាពេលខាងមុខ​ផងដែរ​។ តែ​នាយករដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន​ប្រតិកម្ម និង​ព្រមាន​កុំ​ឲ្យ​យក​រូបលោក ទៅ​ប្រៀបធៀប​ជាមួយ​លោក ដេវីដ ខេ​មេ​រ៉ុ​ន ដ្បិត​ស្ថានភាព​ខុសគ្នា​។​



​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ អូ​ចា នៅ​ថ្ងៃទី​២៧ ខែមិថុនា ម្សិលមិញ បាន​បញ្ជាក់ថា លោក នឹងមិន​ធ្វើតាម​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​មេ​រ៉ុ​ន ដែល​បានប្រកាស​លាលែង​តំណែង​ក្រោយ​ប្រជាមតិ​ចេញពី​សហភាព​អឺរ៉ុប ប្រសិនបើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី ត្រូវបាន​បោះឆ្នោត​ទាត់ចោល​នោះ​។

​ឆ្លើយ​នឹង​សំណួរ​ពី​ការលាលែង​តំណែង​លោក ខេ​មេ​រ៉ុ​ន ក្រោយ​ប្រជាមតិ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​បញ្ជាក់ថា បញ្ហា​ទាំងពីរ មិនអាច​ប្រៀបធៀប​គ្នា​បានឡើយ​។ លោក​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ ថា «​ករណី​ទាំងពីរ​គឺ ខុសគ្នា​។ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង​មែនឬ​? ខ្ញុំ​មិន​ចុះចេញ​នោះទេ​។ ខ្ញុំ​គឺជា​អ្នកកំណត់ តែ​លោក ខេ​មេ​រ៉ុ​ន មិន​ឡើងកាន់តំណែង​ដូច​អ្វីដែល​ខ្ញុំ​ធ្វើ​នោះទេ​។ ប្រទេស​របស់គេ មិនមែន​បញ្ហា​ដូច​ទៅនឹង​យើង​នោះទេ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៣ ខែមិថុនា កន្លងទៅ ប្រជាជន​ចក្រភព​អង់គ្លេស បាន​បោះឆ្នោត ប្រជាមតិ​ដោយ​លទ្ធផល​បង្ហាញថា​ប្រជាជន​ភាគច្រើន​គាំទ្រ​ឲ្យ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​។ ភ្លាមៗ​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក ដេវីដ ខេ​មេ​រ៉ុ​ន ក៏បាន​ប្រកាស​លាលែង​ពី​តំណែង​ដ្បិត​លោក​គឺជា​ភាគី​គាំទ្រ​យុទ្ធនាការ​ឲ្យ​ចក្រភព​អង់គ្លេស​បន្ត​ស្ថិតនៅក្នុង​សហភាព​អឺរ៉ុប​ដដែល​។​

​ចរន្ត​នៃ​ការចាកចេញ​របស់លោក​ដេវីដ ខេ​មេ​រ៉ុ​ន ទទួល​ការសរសើរ​ពី​នយោបាយ​ថៃ​។ ប្រមុខ​បក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក Abhisit Vejjajiva បាន​សរសើរ​ចំពោះ​ការទទួលខុសត្រូវ និង​ឥរិយាបថ​របស់លោក​ដេវីដ ខេ​មេ​រ៉ុ​ន​។ លោក Abhisit បាន​ប្រៀបធៀប​ការធ្វើប្រជាមតិ​របស់​អង់គ្លេស​ជាមួយនឹង​ធ្វើ​ផែនការ​នៃ​ការធ្វើប្រជាមតិ​របស់​ថៃ ដោយ​អះអាង ថា ប្រជាជន​មិនគួរ​ត្រូវបាន​បង្ខំ​ឲ្យ​គាំទ្រ ឬ​ប្រឆាំង​លើ​ប្រជាមតិ​ឡើយ​។​

​ការលើកឡើង​របស់​អ្នកនយោបាយ​រូបនេះ ក៏​ស្រប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​បក្ស​ភឿ ថៃ ដែល បាន​បញ្ជាក់ដែរថា ឥរិយាបថ​របស់លោក ខេ​មេ​រ៉ុ​ន គឺជា​គំរូ​មួយ​សម្រាប់​រដ្ឋាភិបាលយោធា​ក្នុងពេល​នៃ​ការធ្វើប្រជាមតិ​រដ្ឋធម្មនុញ្ញ​ថៃ នា​ថ្ងៃទី​០៧ ខែសីហា​ខាងមុខ​ផងដែរ​។

​លោក Pichai Naripthaphan អតីតរដ្ឋមន្ត្រី​ថាមពល​នៃ​បក្ស​ភឿ ថៃ បាន​ថ្លែង ថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ច័ន្ទ អូ​ចា គួរតែ​កត់សម្គាល់​នូវ​អាកប្បកិរិយា​របស់លោក ដេវីដ ខេ​មេ​រ៉ូ​ន​លើ​គោរព​នូវ​ឆន្ទៈ​របស់​ប្រជាជន​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ដែល​បាន​បន្ថែម​ដែរ​ថា លោក បាន​សង្កត់ធ្ងន់ថា « រដ្ឋាភិបាល ជាពិសេស​នាយករដ្ឋមន្ត្រី គួរតែ​យក​មេរៀន​ពី​លោក ដេវីដ ខេ​មេ​រ៉ូ​ន និង​លាលែង​ពី​តំណែង ប្រសិន​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ ត្រូវបាន​បរាជ័យ​នៅក្នុង​ប្រជាមតិ​នោះ​»​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​០៧ ខែសីហា​ខាងមុខ រដ្ឋាភិបាល​របប​សឹក​ថៃ នឹង​រៀបចំ​ឲ្យ​មាន​ប្រជាមតិ​មួយ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ត្រូវបាន​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ​របប​សឹក​ក្នុង​គោលដៅ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ និង​ឈានទៅរក​ការបោះឆ្នោត​ផងដែរ​។

​ជុំវិញ​នៃ​ការធ្វើប្រជាមតិ​នេះដែរ អាច​នឹងមិន​ទទួលបាន​ការគាំទ្រ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ នោះទេ ដ្បិត​បទបញ្ញត្តិ​ភាគច្រើន​បាន​កំណត់ឡើង​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​យោធា​ដើម្បី​តោង​អំណាច​ក្នុង​ជួយ​រដ្ឋាភិបាល​។ ជាពិសេស​នោះ អ្វីដែល​គេ​ព្រួយបារម្ភ​ខ្លាំង​នោះ រដ្ឋាភិបាល​របប​សឹក ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ច័ន្ទ អូ​ចា នឹង​បន្ត​កាន់តំណែង​ទៀត ដ្បិត លោក ក៏​ទើបតែ​អះអាង​ហើយ​ថា​លោក នឹង​បន្ត​កាន់តំណែង ប្រសិនបើ​ប្រទេសជាតិ​នៅ​មិនទាន់មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នោះទេ​៕


Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com