អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ ចាញ់​កា​ហ្សា​ក់​ស្ថាន​លើ​កៅអី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​
29, Jun 2016 , 10:34 am        
រូបភាព
ដោយ:
 ​ចុងក្រោយ ស្ថាបនិក​អាស៊ាន រាជាណាចក្រ​ថៃ បាន​បរាជ័យ​ក្នុងការ​ប្រជែង​តំណែង​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជាមួយនឹង​កា​ហ្សា​ក់​ស្ថាន​។ កា​ហ្សា​ក់​ស្ថាន នឹង​ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​តំណាង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ឆ្នាំ​២០១៧-២០១៨ ជំនួស​ម៉ាឡេស៊ី​។

 
​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៨ ខែមិថុនា ម្សិលមិញ បាន​បោះឆ្នោត​ជ្រើស​សមាជិក​ប្រាំ​ប្រទេស​សម្រាប់​កៅអី​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ប្រជាជាតិ​។ ក្នុងនោះ ស៊ុយ​អ៊ែត កា​ហ្សា​ក់​ស្ថាន អេ​ត្យូ​ពី និង បូ​លី​វី ត្រូវបាន​ជ្រើសរើស​ដើម្បី​ជំនួស​កៅអី អង់​ហ្គោ​ឡា ម៉ាឡេស៊ី ណូ​វែ​ល​ហ្សេ​ឡង់ អេ​ស្ប៉ា​ញ និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ។ តែ​សម្រាប់​កៅអី​មួយទៀត ត្រូវបាន​បែងចែក​ការ​កាន់តំណែង​រយៈពេល​មួយឆ្នាំ​ម្នាក់ ដ្បិត​គូប្រជែង​ហូ​ឡង់ និង​អ៊ីតាលី មាន​សំឡេង​ប្រហាក់ប្រហែលគ្នា​។ 
 
​សូម​ជម្រាប​ផងដែរ​ថា កា​ហ្សា​ក់​ស្ថាន បានទទួល​ជ័យជម្នះ​លើ​កៅអី​នៃ​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​សំឡេងគាំទ្រ​១៣៨ ខណៈ គូប្រជែង​ថៃ ទទួលបាន​សំឡេងគាំទ្រ​ត្រឹមតែ​៥៥ នៃ​សំឡេង​សរុប​ទាំង​អស់នៃ​សមាជិក​មហាសន្និបាត​អង្គការសហប្រជាជាតិ ១៩៣​។ ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​រដ្ឋ​សំបូរ​ដោយ​ប្រេង​មួយ​នេះ ក្លាយជា​ប្រទេស​ទីមួយ​ហើយ​មកពី​អាស៊ី​កណ្តាល​ដែល​កាន់តំណែង​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ 
 
​ប្រទេស​ដែលជា​ប់​ជ័យលាភី​ក្នុង​តំណែង​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ នឹងត្រូវ​ចាប់​បម្រើការ​ផ្លូវការ​ពីថ្ងៃ​ទី​០១​ខែមករា ឆ្នាំ​២០១៧​ដល់​ចុងឆ្នាំ​២០១៨​។ ​តាមពិតទៅ ជា​ទម្លាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ តែង​ធ្វើ​នៅ ខែតុលា ឬ​ចុងឆ្នាំ​។ យ៉ាងណាក៏ដោយ ដោយសារ​ពេលវេលា​សម្រាប់​សមាជិក​ដែល​ជាប់ឆ្នោត​មាន​រយៈពេល​ខ្លី​ពេល​សម្រាប់​ការរៀបចំ​ខ្លួន ទើប​មហាសន្និបាត​អង្គការសហប្រជាជាតិ​សម្រេច បោះឆ្នោត មុនពេល​ពេល​នៃ​ការ​កាន់តំណែង​រយៈពេល​៦​ខែ​វិញ​៕
 
 
 
 

Tag:
 ថៃ​
  អង្គការសហប្រជាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com