អន្តរជាតិ
ក្រុម IS អាចនៅពីក្រោយការបំផ្ទុះគ្រាប់ព្រលានយន្តហោះតួកគីសម្លាប់៣០នាក់
× មនុស្សយ៉ាងហោចណាស់ ៣០នាក់ បានស្លាប់និងជាង១៤០នាក់ផ្សេងទៀតរងរបួសដោយសារការវាយប្រហារបំផ្ទុះគ្រាប់បែកបីដងបន្តបន្ទាប់នៅព្រលានយន្តហោះ Ataturk នៅទីក្រុងអ៊ីស្តង់ប៊ុល។ អ្នកស្លាប់ទាំងនោះអាចមានជនបរទេសផង ព្រោះការផ្ទុះនេះកើតឡើងនៅស្ថានីយ៍មកដល់ពីក្រៅប្រទេសផង។ របាយការណ៍ជំហានដំបូងបង្ហាញថា ក្រុមភេរវជនរដ្ឋឥស្លាមឬដែស្ហជាអ្នកនៅពីក្រោយការវាយប្រហារនេះ។
មន្ត្រីតួកគីបានបញ្ជាក់ថា ការស្រាវជ្រាវជំហានដំបូងបង្ហាញថា ក្រុមភេរវជនរដ្ឋឥស្លាមអាចជាក្រុមដែលនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកនៅព្រលានយន្តហោះ Ataturk នៃទីក្រុងអ៊ីស្តង់ប៊ុល។ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនេះកើតឡើងបីដងបន្តបន្ទាប់គ្នា បានសម្លាប់មនុស្សរហូតដល់ ៣៦នាក់ឯណោះ ហើយមនុស្ស ១៤៧ នាក់ផ្សេងទៀតរងរបួសថែមទៀតផង។
បើយោងតាមសារព័ត៌មានរុស្ស៊ី RT នាយករដ្ឋមន្ត្រីតួកគី Binali Yildirim ថ្លែងថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៦ នាក់នោះមានមន្ត្រីតួកគីចំនួន ៥នាក់ផង។ គេសង្ស័យថា អ្នកស្លាប់មានជនបរទេសផងដែរ ព្រោះថា គ្រាប់បែកអត្តឃាតត្រូវបានគេបំផ្ទុះនៅស្ថានីយ៍មកដល់ពីបរទេសផង។
ទាក់ទិនការវាយប្រហារ នាយករដ្ឋមន្ត្រីខាងលើក៏បានបញ្ជាក់ផងដែរថា របាយការណ៍ស៊ើបអង្កេតជំហានដំបូង បានដាក់បន្ទុកលើក្រុមភេរជនរដ្ឋឥស្លាមឬ ដែស្ហ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ជនបង្កពីរនាក់បានមុនចាប់ផ្តើមបំផ្ទុះខ្លួនឯង មុនដល់កន្លែងត្រួតពិនិត្យសន្តិសុខ។
ក្រោយការវាយប្រហារកើតឡើង ប្រធនាធិបតីតួកគីលោក Recep Tayyip Erdogan បានចេញថ្កោលទោសខ្លាំងចំពោះការវាយប្រហារដោយគ្រាប់បែកអត្តឃាតនេះផងដែរ។ ដោយសារការវាយប្រហារនេះ ជើងហោះហើរទាំងអស់ត្រូវបានផ្អាក ហើយយន្តហោះដែលត្រូវចុះចតក៏ត្រូវបានគេហាមផងដែរ ទម្រាំសន្តិសុខធូរស្បើយនិងត្រលប់មករកស្ថានភាពប្រក្រតីវិញ។ ព្រលានយន្តហោះ Ataturk ជាព្រលានយន្តហោះធំបំផុតរបស់តួកគី ហើយវាជាព្រលាន្តហោះរវល់បំផុតទីបីនៅអឺរ៉ុបបន្ទាប់ពីព្រលានយន្តហោះ Heathrow របស់អង់គ្លេស និង Charles De Gaulle របស់បារាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com