អន្តរជាតិ
ចិន​រងអយុត្តិធម៌​បំផុត​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​បង្កដោយ​អាមេរិក
29, Jun 2016 , 8:59 pm        
រូបភាព
អតីតរដ្ឋមន្ត្រីការបរទេសចិន លោក Li Zhaoxing
អតីតរដ្ឋមន្ត្រីការបរទេសចិន លោក Li Zhaoxing
ដោយ:
​ស្រប​ពេលដែល​សហគម​ន៍​អន្តរជាតិ បាននិងកំពុង​តែ​ទន្ទឹងរង់ចាំ​នូវ​សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​រប​ស់​ហ្វីលីពីន​ប្រឆាំង​ចិន អតីតរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Li Zhaoxing បាន​ថ្លែង​ការពារ​ថា ចិន បាន​រង​ការឈឺចាប់ និង​អយុត្តិធម៌ ក្រោម​ដៃ​របស់​អាមេរិក និង​ភាគី​ទាមទារ​ផ្សេងទៀត​។



សូមស្ដាប់ព័ត៌មានលម្អិត៖



«​ចិន ទំនងជា​ជនរងគ្រោះ​ដ៏​ធំ​បំផុត​នៃ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​ការទាមទារ​របស់​ចិន​លើ​តំបន់​ជម្លោះ​បណ្តុំ​កោះ Spratly ដែល​ទាមទារ​ដោយ​វៀតណាម ហ្វីលីពីន ព្រុយ​ណេ តៃវ៉ាន់ និង​ម៉ាឡេស៊ី គឺជា​កម្មសិទ្ធិ​របស់​ចិន​ផ្អែកលើ​ភស្តុតាង​ប្រវត្តិសាស្ត្រ »​។ នេះ​គឺជា​លើកឡើង​របស់​អតីតរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Li Zhaoxing ក្នុង​វេទិកា Asia Society កាលពី​សប្តាហ៍​មុន​កន្លងទៅ​។

​សូម​ជម្រាប​ផងដែរ​ថា ចិន គឺជា​ភាគី​តែមួយគត់​ដែល​បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ខណៈ​អវត្តមាន​នៃ​ដំណោះស្រាយ​រួម ចិន បាន​សាងសង់​កោះ​សិប្បនិម្មិត​និង​បំពាក់​សម្ភារ​យោធា​នៅលើ​បណ្តុំ​កោះ Spratly ដែល​សកម្មភាព​នេះ បាននិងកំពុង​តែ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​តែ​តានតឹង​។​

​ក្នុង​ឆ្នាំ​២០១៣ ហ្វីលីពីន បាន​ប្តឹង​ចិន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ (PCA) ដោយបាន​ចោទ​ចិន​ថា​បាន​រំលោភ​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ)​របស់ខ្លួន​ដែល​បាន​កំណត់ដោយ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២(UNCLOS)​។ តែ​ចិន បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការជំនុំជម្រះ​នេះនោះ​ទេ​។ បើទោះបីជា​គ្មាន​វត្តមាន​ចិន​ចូលរួម​ក៏ដោយ នៅ​ចុងឆ្នាំ​២០១៥ ម​ជ្ឈ​ត្ត​ករ​នៃ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​បានប្រកាស​ពី​យុត្តាធិការ​តាម​បណ្តឹង​របស់​ហ្វីលីពីន​រួចទៅហើយ​។ សេចក្តីសម្រេច​ចុងក្រោយ រំពឹងថា នឹងត្រូវ​ប្រកាស​នៅ​ចន្លោះ​ខែកក្កដា​ខាងមុខនេះ​។

​ជុំវិញ​បញ្ហា​នេះ លោក Li បាន​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់ ថា ទោះបីជា​លទ្ធផល​នៃ​សេចក្តីសម្រេច​នោះ​បែបណាក៏ដោយ ចិន ក្នុងនាម​ជា​ស្ថាបនិក​មួយ​របស់​អង្គការសហប្រជាជាតិ ,​ជា​ហត្ថលេខី​នៃ​ធម្មនុញ្ញ​ឆ្នាំ​១៩៤៥​ក្នុង​ក្រុង San Francisco ដើម្បី​បង្កើត​អង្គការសហប្រជាជាតិ និង​ជា​ភាគី​នៃ​ច្បាប់​សមុទ្រ (UNCLOS) នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ជាហេតុ​ផល​ដើម្បី​ច្រានចោល​សេចក្តីសម្រេច​នោះ​។ លោក សង្កត់ធ្ងន់ ថា  ចិន ស្ថិតនៅ​ខាង​យុត្តិធម៌​។

​ដោយ​មិន​បញ្ចេញ​ឈ្មោះ លោក Li បាន​ថ្លែងថា មាន​ប្រទេសមួយ តាំងពី​ការចាប់ផ្តើម​នៃ​ការចុះហត្ថលេខា​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​មកដល់​ឥលូវ មិនទាន់បាន​ចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើ​អនុ​ញ្ញា​នេះ​នៅឡើយ​នោះទេ​។ ប៉ុន្តែ​ប្រទេស​នេះ កំពុងតែ​ព្យាយាម បង្កើត​បញ្ហា​តាម​អនុ​ញ្ញា​នេះ​ទៅវិញ​។ ប្រទេស​ដែល​លោក​សំដៅ​នោះ​គឺ អាមេរិក​នោះឯង ដែលជា​អ្នក​ជ្រោមជ្រែង​ភាគី​ជម្លោះ​ប្រឆាំង​ជាមួយនឹង​ចិន តែ​មិនមែនជា​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​នោះទេ​។

​ដោយឡែក សម្រាប់​សកម្មភាព​យោធា​របស់​អាមេរិក​តាម​រយៈ​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់ មកកាន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​អាមេរិក​អះអាងថា​ធ្វើតាម​ច្បាប់​អន្តរជាតិ ក៏​រង​ការ​ថ្កោលទោស​ពី​អតីតមន្ត្រី​ការទូត​ជាន់ខ្ពស់​រូបនោះ​ផងដែរ​។ លោក Li បាន​ថ្លែងថា ប្រហែលជា​ប្រទេស​នេះ កំពុង​ព្យាយាម​គំរាមកំហែង​ប្រទេស​ដទៃ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​សម្រាប់​ផលប្រយោជន៍​ខ្លួនឯង​។ លោក បញ្ជាក់ដែរថា ប្រហែលជា​ប្រទេស​នេះ កំពុង​ព្យាយាម​ចង់​ក្លាយជា​មេដឹកនាំ និង​តាំងខ្លួន​ជា​ម្ចាស់​គ្រប់គ្រង​នៅក្នុង​កន្លែង​ដែល​ឆ្ងាយ​ពី​ទឹកដី​របស់ខ្លួន​ហើយ​។​

​លោក Li បាន​លើក​ជា​សំណួរ​យ៉ាង​ដូច្នេះ​ថា «​តើ​មាន​អ្នកណា​អាច​ផ្តល់​ឧទាហរណ៍​មួយ​សម្រាប់​លោក ដែលថា ចិន​បាន​គំរាមកំហែង​ដល់​អ្នក​ណាមួយ​នោះ​? ហើយ​ពេលណា​ដែល​ចិន បាន​បញ្ជូន​នាវាចម្បាំង​ឲ្យ​ធ្វើដំណើរ​នៅ​ជុំវិញ​អធិបតេយ្យ​របស់​អាមេរិក​នោះ​»?


Tag:
 ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com