អន្តរជាតិ
ហូឡង់ និងអ៊ីតាលី ដាក់វេនគ្នាអង្គុយកៅអីក្រុមប្រឹក្សាសន្តិសុខ មួយឆ្នាំម្តង
× កៅអីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៤ ត្រូវបានបំពេញហើយ បន្ទាប់ពីសមាជិកចាស់ចប់អាណត្តិ។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កៅអីសមាជិកទី៥ ត្រូវបានហូឡង់ និងអ៊ីតាលី ដាក់វេនគ្នាអង្គុយ បន្ទាប់ប្រទេសទាំងពីរទទួលបានការគាំទ្រប្រកៀកប្រកិតគ្នាពេក។
មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែមិថុនា បានបោះឆ្នោតជ្រើសសមាជិកប្រាំប្រទេសសម្រាប់កៅអីមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការប្រជាជាតិ។ ស៊ុយអ៊ែត កាហ្សាក់ស្ថាន អេត្យូពី និង បូលីវី ត្រូវបានជ្រើសរើសដើម្បីជំនួសកៅអី អង់ហ្គោឡា ម៉ាឡេស៊ី ណូវែលហ្សេឡង់ អេស្ប៉ាញ និងវ៉េណេស៊ុយអេឡា ។ តែសម្រាប់កៅអីមួយទៀត ត្រូវបានបែងចែកការកាន់តំណែងរយៈពេលមួយឆ្នាំម្នាក់ ដ្បិតគូប្រជែងហូឡង់ និងអ៊ីតាលី មានសំឡេងប្រហាក់ប្រហែលគ្នា។
បន្ទាប់ពីការបោះឆ្នោត៥ជុំរួចមក ហូឡង់ និងអ៊ីតាលី ដែលមកពីតំបន់អឺរ៉ុប ទទួលបានសំឡេងគាំទ្រ៩៥ដូចគ្នា ខណៈដែលសំឡេងចាំចាច់សម្រាប់ជ័យជម្នះ គឺ១២៧សំឡេង។ ស្ថានភាពបានធូរស្រាល បន្ទាប់ការសម្រាកពីរដង ដែលប្រកាសដោយប្រធានមហាសន្និបាត លោក Mogens Lykketoft។ រដ្ឋមន្ត្រីការបរទេសហូឡង់ និងអ៊ីតាលី បានឯកភាពដាក់វេនគ្នាសម្រាប់កៅអីសមាជិកនេះ ដោយអ៊ីតាលី នឹងកាន់តំណែងក្នុងឆ្នាំ២០១៧ ហើយសម្រាប់ហូឡង់ គឺឆ្នាំ២០១៨។
សារព័ត៌មាន China Daily ផ្សាយថា កិច្ចព្រមព្រៀងនេះ ត្រូវការការយល់ព្រមពីក្រុមប្រទេសលោកខាងលិច ដែលនឹងជួបគ្នានៅថ្ងៃទី២៩ ខែមិថុនា ហើយពិតណាស់ ពួកគេ នឹងយល់ព្រមលើកិច្ចព្រមព្រៀងនេះ។ បន្ទាប់ពីនោះ លោក Lykketoft នឹងកោះប្រជុំមហាសន្និបាតឡើងវិញ ដើម្បីសម្រេចជាចុងក្រោយលើកិច្ចព្រមព្រៀងខាងលើនេះ។
ការបែងចែកអាណត្តិ ជាសមាជិកនៅក្រុមប្រឹក្សាសន្តិសុខសម្រាប់រយៈពេលពីរឆ្នាំ មិនមែនជារឿងថ្មីនោះ។ បញ្ហារបៀបបនេះ ធ្លាប់កើតឡើងយ៉ាងតិចប្រាំដង នៅក្នុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្នាំ១៩៦០ ជាដើម។ ជាក់ស្ដែងនោះ គឺក្នុងអាណត្តិឆ្នាំ១៩៦៤-១៩៦៥ ពេលនោះឆេកូស្លូវ៉ាគី ធ្វើជាសមាជិកក្នុងឆ្នាំ១៩៦៤ ចំណែកម៉ាឡេស៊ី ជាសមាជិកឆ្នាំ១៩៦៥។
ប្រទេសដែលជាប់ជ័យលាភីក្នុងតំណែងសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ នឹងត្រូវចាប់បម្រើការផ្លូវការពីថ្ងៃទី០១ខែមករា ឆ្នាំ២០១៧ដល់ចុងឆ្នាំ២០១៨។ តាមពិតទៅ ជាទម្លាប់ការបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ តែងធ្វើនៅ ខែតុលា ឬចុងឆ្នាំ។ យ៉ាងណាក៏ដោយ ដោយសារពេលវេលាសម្រាប់សមាជិកដែលជាប់ឆ្នោតមានរយៈពេលខ្លីពេលសម្រាប់ការរៀបចំខ្លួន ទើបមហាសន្និបាតអង្គការសហប្រជាជាតិសម្រេច បោះឆ្នោត មុនពេលពេលនៃការកាន់តំណែងរយៈពេល៦ខែវិញ៕
Tag:
ហូឡង់
អ៊ីតាលី
UN
© រក្សាសិទ្ធិដោយ thmeythmey.com