អន្តរជាតិ
តៃវ៉ាន់ រកមធ្យោបាយភ្ជាប់ទំនាក់ទំនងជាមួយចិនវិញ ក្រោយចិនប្រកាសផ្តាច់ការទាក់ទង ប្រធានាធិបតីតៃវ៉ាន់ទើបកាន់តំណែងថ្មី លោកស្រី Tsai Ing-wen
× រដ្ឋាភិបាលតៃវ៉ាន់ កំពុងរកមធ្យោបាយដើម្បីផ្សះផ្សារទំនាក់ទំនងជានឹងរដ្ឋាភិបាលចិនឡើងវិញបន្ទាប់ពី រដ្ឋាភិបាលចិន បានប្រកាសផ្តាច់ការទាក់ទងជាផ្លូវការ ក្រោយរដ្ឋាភិបាលថ្មីតៃវ៉ាន់ មិនគោរពតាមគោលនយោបាយឆ្នាំ១៩៩២ ពោលគឺគោលនយោបាយចិនតែមួយ។
ប្រធានាធិបតីតៃវ៉ាន់ទើបកាន់តំណែងថ្មី លោកស្រី Tsai Ing-wen បានថ្លែងនៅថ្ងៃទី២៨ ខែមិថុនា ម្សិលមិញ ថា រដ្ឋាភិបាលតៃវ៉ាន់ នឹងបន្តស្វែងរកមធ្យោបាយផ្សេងៗដើម្បីរក្សាកិច្ចសន្ទនាជាមួយនឹងចិនវិញ។ សេចក្តីថ្លែងការណ៍របស់ប្រមុខកោះតៃវ៉ាន់រូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសបញ្ឈប់យន្តការទំនាក់ទំនងជាមួយនឹងតៃប៊ិ។
លោកស្រី Tsai Ing-wen បានបញ្ជាក់ថា លោកស្រី ចង់រក្សាលំនឹង (status-quo) និងប្តេជ្ញាធានាឲ្យបានសន្តិភាព។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Reuters ដែលបានបន្ថែមដែរថា ប្រមុខបក្សប្រជាធិបតេយ្យជឿនលឿន ក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា « មិនថាបក្សណាដឹកនាំតៃវ៉ាន់ក៏ដោយ យើងតែងតែមានទិសដៅរួមតែមួយដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកកោះតៃវ៉ាន់។
ប្រធានាធិបតីស្រីដំបូងតៃវ៉ាន់រូបនោះ ក៏បានបន្ថែមដែរថា តៃវ៉ាន់ នឹងបន្តកិច្ចសន្ទនាជាមួយនឹងចិន។ បើទោះបីជាយន្តការនៃចរចារវាងភាគីទាំងពីរ ត្រូវបានរំខានបណ្តោះអាសន្នក៏ដោយ តៃវ៉ាន់ ជឿជាក់ថា នឹងមានជម្រើសផ្សេងទៀតសម្រាប់ការទាក់ទង និងកិច្ចសន្ទនារវាងភាគីទាំងពីរ។
សូមជម្រាបផងដែរថា នៅថ្ងៃទី២៥ ខែមិថុនាកន្លងទៅ ចិន បានប្រកាសថា ទំនាក់ទំនងជាមួយនឹងតៃវ៉ាន់ត្រូវបានកាត់ផ្តាច់ហើយ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថ្មីតៃវ៉ាន់ដែលកំពុងតែដឹកនាំដោយបក្សប្រជាធិបតេយ្យជឿនលឿន មិនទទួលស្គាល់ពីគោលនយោបាយចិនតែមួយ។
យោងតាមភ្នាក់ព័ត៌មាន AFP អ្នកនាំពាក្យ លោក An Fengshan បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយចេញតាមគេហទំព័ររបស់គណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតៃវ៉ាន់ ថា យន្តការសម្រាប់ការទាក់ទង និងទំនាក់ទំនងរវាងភាគីទាំងពីរ ត្រូវបានព្យួរតាំងពីថ្ងៃទី២០ ខែឧសភាមកម្ល៉េះ។ អ្នកនាំពាក្យរូបនោះ បានបន្ថែមថា គឺដោយសារតែភាគីតៃវ៉ាន់ មិនគោរពតាមកិច្ចព្រមព្រៀងឯកច្ឆន្ទភាព៩២ដែលបញ្ជាក់ពីការអនុវត្តគោលនយោបាយចិនតែមួយ។
ឯកច្ឆន្ទភាព៩២ សំដៅលើកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៩២ ដោយភាគីទាំងពីរ បានទទួលស្គាល់ពីគោលការណ៍ជាតិតែមួយរវាងតៃវ៉ាន់ និងចិនដីគោក។កិច្ចព្រមព្រៀង និងការយោគយល់ទាំងនេះហើយ បានរក្សាចិន និងតៃវ៉ាន់ អាចរក្សានិងកសាងចំណងមិត្តភាព និងកាត់បន្ថយកំហឹងលើគ្នា ក្រោយបញ្ចប់សង្គ្រាមស៊ីវិលឆ្នាំ១៩៤៩។
សូមរម្លឹកផងដែរថា នៅថ្ងៃទី២០ ខែឧសភា កន្លងទៅ លោកស្រី Tsai Ing-wen បានចូលស្បថក្នុងតំណែងជាប្រធានាធិបតីកោះតៃវ៉ាន់ជាផ្លូវការ។ វា គឺជាការបញ្ចប់ការដឹកនាំតៃវ៉ាន់រយៈពេល៨ឆ្នាំរបស់លោកប្រធានាធិបតី Ma Ying-jeou នៃបក្សគួកមិនតាំងដែលគេជឿជាក់ថាមាននិន្នាការទៅរក រដ្ឋាភិបាលក្រុងប៉េកាំងនោះ។
គិតចាប់ពីបក្សប្រជាធិបតេយ្យជឿនលឿន ឈ្នះការបោះឆ្នោតមក ក្រុងប៉េកាំងមិនសូវជាសប្បាយចិត្តនោះទេ ជាពិសេសនោះ លើការឡើងកាន់អំណាចរបស់លោកស្រី Tsai Ing-wen ។ នោះក៏ព្រោះតែ លោកស្រី Tsai Ing-wen មិនបានប្រើពាក្យ «ព្រមព្រៀង» ទេ នៅពេលដែលលោកស្រីនិយាយដល់ «ការព្រមព្រៀងឆ្នាំ១៩៩២» ៕
© រក្សាសិទ្ធិដោយ thmeythmey.com