អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដល់ពេល លោក Aquino ដើរចេញ​ឲ្យ លោក Duterte ជំនួស​តំណែង​
30, Jun 2016 , 11:06 am        
រូបភាព
ដោយ:
 
​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ បាន​ចូល​ស្បថ​កាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ​ហើយ​។ នេះ ក៏មាន​ន័យ​ដែរ​ថា វា គឺជា​ថ្ងៃ​ដែល​លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ត្រូវ​បញ្ចប់​អាណត្តិ និង​ដើរ​ចេញពី​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ផងដែរ​។​


​អតីត​អភិបាលក្រុង​ដា​វ៉ា​វ​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte)​បាន​ក្លាយជា​ប្រធានាធិបតី​ទី​១៦​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​។ បើ​មិនមាន​ការប្រែប្រួល​នោះទេ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹងត្រូវ​បន្ត​តួនាទី​ពី​លោក​ប្រធានាធិបតី​ទើប​ផុត​អាណត្តិ​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ (Benigno Aquino) មួយ​អាណត្តិ​ដែលមាន​រយៈពេល​៦​ឆ្នាំ​ដែល​បាន​កំណត់ដោយ​ច្បាប់​។​
 
​សូម​ជម្រាប​ផងដែរ​ថា លោក​រ៉ូ​ឌ្រី​ហ្គី ឌើ​ទើ​តេ ដែល​តែងតែ​ប្រើប្រាស់​ពាក្យ​គំរោះគំរើយ​ដាក់​អ្នកសារព័ត៌មាន​នោះ គឺជា​អតីត​អភិបាលក្រុង​ដា​វ៉ា​វ អស់​រយៈពេល​ជាង​ពីរ​ទសវត្ស​រ៍ហើយ​។ លោក បានទទួល​ការគាំទ្រ​ពី​ប្រជាជន​ច្រើន​លើសលប់​ក្នុងការ​បោះឆ្នោត​សកល​នៅ​ថ្ងៃទី​០៩ ខែឧសភា​កន្លងទៅ​។​
 
​តើ​អ្វី​ជា​ផែនការ និង​គោលនយោបាយ​របស់លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​?
 
​មុនពេល​នៃ​ការស្បថ​កាន់តំណែង​ជា​ផ្លូវការ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានបញ្ជាក់​ពី​គោលនយោបាយ​អាទិភាព​របស់លោក រួមមាន បង្កើន​កំណើនសេដ្ឋកិច្ច ដើម្បី​ជំរុញ​ឲ្យ​បានការ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​កម្រិត​ទាប​បំផុត និង​ជាពិសេស​នោះ លោក បាន​សន្យាថា នឹង​លុបបំបាត់​អំពើពុករលួយ និង​បទល្មើស​ត្រឹមតែ​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​។ សម្រាប់​ការបង្កើន​កំណើនសេដ្ឋកិច្ច លោក​ឌើ​ទើ​តេ សន្យា​នឹង​កែប្រែ​ប្រការ​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​អ្នកវិនិយោគ និង អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​អាច​បង្កើន​ភាគហ៊ុន​នៃ​ការវិនិយោគ​របស់​ពួកគេ​ឲ្យ​បាន​កាន់តែច្រើន​ផងដែរ​។ 
 
​អ្វីដែល​គួរ​ឲ្យ​គួរកត់សម្គាល់​នោះ លោក ឌើ​ទើ​តេ ដែល​ប្រជាជន​ហៅ​ឈ្មោះ​ក្រៅ​ថា «​អ្នក​ដាក់ទណ្ឌកម្ម​» បានប្រកាសថា នឹងមាន​ការសម្លាប់រ​ង្គា​ល​នៅក្នុង​រដ្ឋបាល​របស់លោក​។ ហើយ​នោះ​គឺ លោក គ្រោង​នឹង​ប្រកាស​ឲ្យ​ប្រើប្រាស់​«​ទោស​ប្រហារជីវិត​ឡើងវិញ​» ដើម្បី​ជា​ទណ្ឌកម្ម​សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​។ ជាក់ស្តែង​នោះ​គឺ បទល្មើស​គ្រឿងញៀន​ដែល​បានផ្តល់​សិទ្ធិ​មិន​ត្រឹមតែ​អាជ្ញាធរ​ប៉ុណ្ណោះ​នោះទេ​ដែល​អាច​សម្លាប់​មេខ្លោង​គ្រឿងញៀន តែ​ប្រជាជន ក៏មាន​សិទ្ធិ​សម្លាប់​បានដែរ​។ បន្ថែម​ពីនេះ ពួកគេ ក៏​នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ទៀតផង​។ ទោស​ប្រហារ​ជីវី​តរបស់​ហ្វីលីពីន ត្រូវបាន​លុបចោល​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​។ 
 
​ដោយឡែក សម្រាប់​គោលនយោបាយ​ការបរទេស​វិញ លោក មិនទាន់​បានបង្ហាញ​និន្នាការ​ណាមួយ​ជាក់លាក់​ទៅកាន់​សម្ព័ន្ធមិត្ត​ឬ​មិត្ត​ជិតខាង​ណា​ឡើយ​។ សូម្បីតែ​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​គេ​ស្គាល់​ថា​ជា​អាណាព្យាបាល​ផ្នែក​សន្តិសុខ និង​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ទើប​ផុត​អាណត្តិ​អា​ហ្គី​ណូ​នោះ ក៏​លោក មិនបាន​បង្ហាញ​អ្វី​ដែរ តែ​លោក បានទទួល​សារ​សាទរ​ពី​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន​ជាមួយនឹង​សារ​ត្រលប់​ទៅវិញ​ក្នុងន័យ​ធម្មតា​នោះទេ​។​
 
​តែ​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ លោក​ប្រ​ធានា​ធីប​តី​ផុត​អាណត្តិ​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ បាន​ផុត​អាណត្តិ​មុនពេល​ដែល​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នៃ​ប្រទេស​ហូ​ឡង់ ប្រកាស​សាលក្រម​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន​។ សាលក្រម​ដែល​ផ្តើមចេញពី​បណ្តឹង​របស់​ហ្វីលីពីន​ក្រោម​កិច្ចប្រឹងប្រែង​របស់​រដ្ឋ​បាល​លោក​អា​ហ្គី​ណូណ នឹង​ប្រកាស​នៅ​ថ្ងៃទី ១២ ខែកក្កដា​ខាងមុខ​ដ៏​ខ្លី​នេះ​៕ 
 

Tag:
 ​ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com