អន្តរជាតិ
អង្គហេតុ និងអង្គច្បាប់នៃសំណុំរឿងសមុទ្រចិនខាងត្បូងដែលហ្វីលីពីនប្តឹងប្រឆាំងចិន អង្គហេតុ និងអង្គច្បាប់ ប្រភពរូបភាព៖ PCA
× មជ្ឈត្តការនៃតុលាការអន្តរជាតិ (PCA=Permanent Court of Arbitration) បានកំណត់យកថ្ងៃទី១២ ខែកក្កដា ខាងមុខដ៏ខ្លីនេះ ដើម្បីប្រកាសសេចក្តីសម្រេចលើសំណុំរឿងសមុទ្រចិនខាងត្បូងដែលប្តឹងដោយហ្វីលីពីនប្រឆាំងនឹងចិន។ រយៈពេលបីឆ្នាំមកហើយ ដែលគេកំពុងតែរង់ចាំការចេញសាលក្រមមួយនេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដែលមានទាំងភាសាអង់គ្លេសផង បារាំងផង និងចិនផងដែររបស់ PCA មជ្ឈត្តការនៃតុលាការអន្តរជាតិ នៅថ្ងៃទី២៩ ខែមិថុនា បានជូនដំណឹងទៅកាន់ភាគីនៃសំណុំរឿងសមុទ្រចិនខាងត្បូងហើយ ថា តុលាការ នឹងប្រកាសសាលក្រមនៃមជ្ឈត្តការដែលបង្កើតឡើងដោយហ្វីលីពីនប្រឆាំងចិន ដោយយោងតាមឧបសម្ព័ន្ធ៧ នៃអនុសញ្ញាស្តីពីច្បាប់សមុទ្រអង្គការសហប្រជាជាតិឆ្នាំ១៩៨២ (UNCLOS)។
តាមសេចក្តីប្រកាសព័ត៌មានដដែល តុលាការ នឹងប្រកាសសាលក្រម នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅម៉ោង១១ ព្រឹក នៃក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងនោះ តុលាការ នឹងបញ្ជូនសាលក្រម ដែលមានបីភាសារួមមានអង់គ្លេស បារាំង និងចិន (Mandarin) តាមរយៈសារអេឡិចត្រូនិក ដែលអមជាមួយនឹងសេចក្តីប្រកាសព័ត៌មានដែលមានសង្ខេបពីសាលក្រមផងដែរនោះ។
ខាងក្រោមនេះ គឺការសង្ខេបដំណើរនៃសំណុំរឿងដោយយោងតាមសេចក្តីប្រកាសព័ត៌មាន និងប្រភពព័ត៌មានផ្សេងទៀត
មជ្ឈត្តការនៃសំណុំរឿង ហ្វីលីពីន និងចិន បានចាប់ផ្តើមពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ តាមរយៈបណ្តឹងហ្វីលីពីន ដែលពេលនោះ ហ្វីលីពីន បញ្ជាក់ទៅកាន់ចិនតាមរយៈការជូនដំណឹង និងសេចក្តីថ្លែងការណ៍ទាមទារ ដោយយោងតាមបទបញ្ញត្តិនៃអនុសញ្ញាពាក់ព័ន្ធ និងនីតិវិធីដែលកំណត់ដោយឧបសម្ព័ន្ធ៧នៃអនុសញ្ញា។ អនុសញ្ញា សំដៅលើអនុសញ្ញាស្តីពីច្បាប់សមុទ្រអង្គការសហប្រជាជាតិ ឆ្នាំ១៩៨២ (UNCLOS)។
នៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៣ ចិន បានបដិសេធ និងបញ្ជូនសេចក្តីជូនដំណឹងទៅកាន់ហ្វីលីពីនវិញ។ ក្រោយមកចិន បានបន្តអះអាងម្តងហើយម្តងទៀតពីគោលជំហ មិនទទួល(non-acceptance) និង មិនចូលរួម(non-participation)នៅក្នុងមជ្ឈត្តការនោះទេ។ យ៉ាងណាក៏ដោយ យោងតាមឧបសម្ព័ន្ធ៧នៃអនុសញ្ញា បើទោះបីជា អវត្តមាននៃភាគីម្ខាង ឬបរាជ័យនៃភាគីម្ខាងក្នុងការការពារលើសំណុំរឿងនោះក៏ដោយ ក៏មិនអាចបញ្ឈប់នីតិវិធីបានឡើយ។
សាលាក្តីដើម្បីជំនុំជម្រះ ត្រូវបានបង្កើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ដោយយោងតាមនីតិវិធី ដែលបានកំណត់ក្នុងឧបសម្ព័ន្ធ៧នៃអនុសញ្ញាដើម្បីសម្រេចពីជម្លោះដោយប្តឹងដោយហ្វីលីពីន។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ហ្វីលីពីន បានដាក់កំណត់ហេតុជាលម្អិត និង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ បានដាក់កំណត់ហេតុបន្ថែមជាលាយលក្ខណ៍អក្សរ (Supplemental Written Submission) ដើម្បីជាការឆ្លើយតបទៅនឹងសំណើរបស់សាលាក្តីដែលបានទាមទារពីការអំណេះអំណាងជាលាយលក្ខណ៍អក្សរលើបញ្ហាជាក់លាក់ ។ បើទោះបីជា ចិន មិនបានចូលរួមផ្លូវការក្នុងនីតិវិធីក៏ដោយ នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៤ ចិន បានចុះផ្សាយពីសេចក្តីថ្លែងការណ៍ពីគោលជំហ (Position Paper) របស់ខ្លួន ដោយបានបញ្ជាក់ថា សាលាក្តី ខ្វះយុត្តាធិការដើម្បីពិចារណាលើការទាមទាររបស់ហ្វីលីពីន ដ្បិតការទាមទារនោះ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យ និងការកំណត់ដែនសីមា និងព្រោះហ្វីលីពីន និងចិន បានព្រមព្រៀងដើម្បីដោះស្រាយជម្លោះរួមតាមរយៈការចរចាប៉ុណ្ណោះ។
ក្រោយបានបើកសវនាការលើស្តីពី «យុត្តាធិការ និងការទទួលយកសំណុំរឿងមកដោះស្រាយ» នៅថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥, សាលាក្តី បានប្រកាស សាលក្រម ពាក់ព័ន្ធនឹង «យុត្តាធិការ និងការទទួលយកសំណុំរឿង» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥។ ក្នុងសាលក្រមនោះ បានបង្ហាញពីការជំទាស់ដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍គោលជំហ ដែលរួមមាន (ក). ជម្លោះដែលប្តឹងដោយហ្វីលីពីន មិនពាក់ព័ន្ធអធិបតេយ្យលើដែនដីនោះទេ, (ខ). ជម្លោះដែលប្តឹងដោយហ្វីលីពីនមិនពាក់ព័ន្ធនឹងការកំណត់ដែនសីមានោះទេ, (គ). សេចក្តីថ្លែងការណ៍ស្តីពីភាគីនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងចិន-អាស៊ានឆ្នាំ២០០២ មិនបានយកកិច្ចព្រមព្រៀងផ្នែកច្បាប់ ដែលមិនបានកំណត់ពីមជ្ឈត្តការនោះទេ។
យ៉ាងណាក្តី សាលាក្តី បានសម្រេច ថា សាលាក្តីមានយុត្តាធិការដើម្បីពិចារណាលើ«សំណើប្រាំពីរចំណុចរបស់ហ្វីលីពីន» ក៏ប៉ុន្តែប្រាំពីរចំណុចផ្សេងទៀត តុលាការមិនទទួលចាត់ការនោះទេ។
បើយោងតាមសារព័ត៌មានហ្វីលីពីន Inquirer.net ចំណុចទាំងពីរប្រាំដែលសាលាក្តីទទួលចាត់ការនោះ រួមមានទាក់ទងនឹងការបកស្រាយពីស្ថានភាពនៃ (ចំណុចទី១) តំបន់ថ្មប៉ប្រះទឹក Scarborough Shoal, (ចំណុចទី២)តំបន់ Mischief Reef, Second Thomas Shoal និង Subi Reef, (ចំណុចទី៣) តំបន់ថ្មប៉ប្រះទឹកGaven Reef និង McKennan Reef, (ចំណុចទី៤)តំបន់ថ្មប៉ប្រះទឹក Johnson Reef, Cuarteron Reef និង Fiery Cross Reef, (ចំណុចទី៥) ចិនបានរារាំងអ្នកនេសាទហ្វីលីពីនដោយខុសច្បាប់ក្នុងការសកម្មភាពនេសាទបែបប្រពៃណីនៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal, (ចំណុចទី៦) ចិន បានរំលោភកាតព្វកិច្ចរបស់ខ្លួន ដែលកំណត់ក្នុងអនុសញ្ញាក្នុងការការពារនិងអភិរក្សបរិស្ថានសមុទ្រនៅតំបន់ Scarborough Shoal និង Second Thomas Shoal (ចំណុច៧) ចិន បានបំពានកាតព្វកិច្ចខ្លួន ដែលកំណត់ដោយអនុសញ្ញាដោយបានប្រតិបត្តិការនាវាចម្បាំងដែលមានចរិកលក្ខណៈគ្រោះថ្នាក់ខ្លាំងនៅក្នុងតំបន់ក្បែរនៃ Scarborough Shoal។
អ្វីគួរកត់សម្គាល់នោះ សាលាក្តីបានសង្កត់ធ្ងន់ ថា «សាលាក្តី នឹងមិនបកស្រាយលើសំណួរនៃអធិបតេយ្យ(ម្ចាស់)លើទឹកដី និង មិនកំណត់ដែនសីមាសមុទ្រឲ្យភាគីណាមួយឡើយ»។
សវនការចុងក្រោយ ត្រូវបានបញ្ចប់ បន្ទាប់ពីការបញ្ចប់ការដេញដោលនៅថ្ងៃទី២៤ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៥៕
Tag:
សមុទ្រចិនខាងត្បូង
មជ្ឈត្តការអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com