អន្តរជាតិ
ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ«រំលោភ»ប្រទេសយើង
× «កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) ជាគ្រោះមហន្តរាយមួយ ហើយកិច្ចព្រមព្រៀងនេះនឹងរំលោភប្រទេសយើង»។ នេះជាការលើកឡើងរបស់បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងពេលសុន្ទរកថាទៅកាន់អ្នកគាំទ្រនៅរដ្ឋ Ohio ។ លោកទទួលស្គាល់ថា វាជាពាក់អសុរោះមិនពិរោះពិសារ ប៉ុន្តែពាក្យ«រំលោភ»នេះវាស័ក្តិសមជាមួយស្ថានភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិបច្ចុប្បន្ន។
ថ្វីបើលោក ដូណាល់ ត្រាំ ជាអ្នកជំនួញមែនតែគោលនយោបាយរបស់លោកហាក់ឯកោរនិយម ហើយមិនពេញចិត្តដំណើរការសកលភារូបនីយកម្ម និងមិនសូវស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិឡើយ។ លោក ដូណាល់ ត្រាំ ជារឿយៗបានសន្យាជាមួយប្រជាជនអាមេរិកថា លោកនឹងលុបចោល ឬចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិឡើងវិញដែរ ពេលលោកក្លាយជាប្រធានាធិបតី។
ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រនៅថ្ងៃអង្គារទី ២៨ខែមិថុនានៅ Ohio សេដ្ឋីអចលនទ្រព្យនិងជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះបានវាយប្រហារលើកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ដើម្បីទម្លាក់ប្រជាប្រិយភាពលោកស្រី ហ៊ីឡារី គ្លីនតុនជាថ្មី ។
សូមពន្យល់បន្តិចដែរ។ កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ត្រូវបានសម្រេចបង្កើតឡើងដោយប្រទេសតំបន់ប៉ាស៊ីហ្វិកចំនួន ១២ ក្នុងនោះមានអាមេរិកដែរ។ ប៉ុន្តែអាមេរិកមិនទាន់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះទេ ហើយការឈានទៅផ្តល់សច្ចាប័នទទួលយកកិច្ចព្រមព្រៀងនេះកំពុងប្រឈមបញ្ហាចម្រូងចម្រាសច្រើននៅអាមេរិក។
លោក ដូណាល់ ត្រាំ បានថ្លែងថា៖ កិច្ចព្រមព្រៀងភាពជាដៃគូអន្តប៉ាស៊ីហ្វិកគឺជាគ្រោះមហន្តរាយមួយទៀតដែលត្រូវបានផ្តើមនិងជំរុញឲ្យមានការបង្កើតឡើង ដោយក្រុមអ្នកទទួលបានប្រយោជន៍ពិសេសដែលចង់រំលោភប្រទេសយើង។ វានឹងបន្តរំលោភយើងទៀត»។
លោកប្រើប្រាស់ពាក្យអសុរោះ ដូចជាពាក្យ«រំលោភសេពសុន្ថវៈ»យ៉ាងតិចបីដងក្នុងពេលថ្លែងសន្ទរកថា។ ចង់ប្រៀបប្រដូចអាមេរិកទៅនឹងជនរងគ្រោះដោយសារការរំលោភសេពសន្ថវៈ ដោយបង្ហាញច្បាស់ពីគ្រោះថ្នាក់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិដែលអាមេរិកបានបង្កើតឡើងកន្លងមក។ បើមិនចាត់វិធានការទេ កិច្ចព្រមព្រៀងនេះនឹងបន្តកេងប្រវ័ញ្ចប្រយោជន៍ពីអាមេរិកទៀត។ ដូចឃើញស្រាប់វាធ្វើឲ្យប្រជាជនអាមេរិកបាត់បង់ការងារ និងខាតបង់ប្រយោជន៍សេដ្ឋកិច្ចផ្សេងទៀតផង។
ក្រៅពីលាបពណ៌កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ លោកភ្ជាប់លោកស្រី ហ៊ីឡារី គ្លីនតុនទៅជាមួយកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិកដែរ ព្រោះលោកស្រីជាអ្នកដែលគាំទ្រកិច្ចព្រមព្រៀងនេះកាលលោកស្រី នៅជារដ្ឋមន្ត្រីការបរទេស។
លោក ដូណាល់ ត្រាំ បន្តថា ៖ កិច្ចព្រមព្រៀងនេះ[ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក] ត្រូវបានបង្កើតឡើងដោយក្រុមអ្នកមានទ្រព្យធន ជាអភិជន ដែលចង់ទាញយកប្រយោជន៍ពីយើង។ ដូច្នេះ ហ៊ីឡារី គ្លីនតុន បាននិយាយថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងស្តង់ដាមាស កាលប៉ុន្មានឆ្នាំមុននេះ។
ក្នុងឆ្នាំ ២០១២ នៅពេលទស្សនកិច្ចប្រទេសអូស្ត្រាលី លោកស្រី ហ៊ីឡារី គ្លីនតុន បានអធិប្បាយថា៖« កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកមានកំណត់ស្តង់ដាមាសដោយរួមបញ្ចូលទាំងលើកស្ទួយ ទីផ្សារសេរី តម្លាភាពក្នុងវិស័យពាណិជ្ជកម្ម មានភាពត្រឹមត្រូវនិងយុត្តិធម៌ និងស្ថិតស្ថានភាពដែលអនុញ្ញាតឲ្យគូភាគីអាចទទួលបានប្រយោជន៍និងជោគជ័យស្មើរៗគ្នា»។
លោក ដូណាល់ ត្រាំ ក៏ធ្លាប់សន្យាថា លោកនឹងចរចាឡើងវិញដើម្បីបង្កើតកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ផងដែរ បើសិនជាលោកជាប់ឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com