អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុង​អ៊ុន ទទួលបាន​ងារ​បន្ថែមទៀត
01, Jul 2016 , 7:39 am        
រូបភាព
 ​បន្ថែម​ពីលើ​គោរមងារ ដែលមាន​វែង​អន្លាយ​ស្រាប់​ហើយ​នោះ សភាជាតិ​កូរ៉េខាងជើង បានផ្ដល់​ងារ​ថ្មី​មួយទៀត ដល់​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​។ លោក គីម ដែល​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១១​នោះ មាន​ងារ​ជាច្រើន និង​អមដោយ​អំណាច​ណែន​ក្នុង​ដៃ គ្រប់គ្រង​លើ​រដ្ឋ​ក៏​ក្រីក្រ​មួយ​នេះ​។

 
​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង KRT បាន​បញ្ចេញ​វីដេអូ​មួយ ដែល​បង្ហាញ​វត្តមាន​មេដឹកនាំ​វ័យក្មេង លោក គីម ជុង​អ៊ុន ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​សភា និង​បាន​និយាយថា លោក គីម ត្រូវបាន​ជ្រើសរើស​ជា «​ប្រធាន​គណៈកម្មការ​កិច្ចការ​ដ្ឋ​» នៃ​របប​កូរ៉េខាងជើង​។ គោរមងារ​ថ្មី នេះ នឹងធ្វើ​ឲ្យ​ងារ​របស់លោក គីម ជុង​អ៊ុន កាន់តែ​វែង​បន្ថែមទៀត ខណៈ​លោក​មាន​តួនាទី​ជាច្រើន​រួចមកហើយ​។ 
 
​ប្រធានសភា​កូរ៉េខាងត្បូង លោក Kim Yong Nam និយាយថា នេះ​គឺជា​ការទុកចិត្ត និង​ឆ​ន្ទះ ដែល​មិន​ងាករេ នៃ​កងទ័ព​គ្រប់​ជាន់ថ្នាក់ និង​ប្រជាជន​កូរ៉េខាងជើង​ទាំងអស់ ក្នុងការ​ជ្រើសរើស​លោក គីម ជុង​អ៊ុន សម្រាប់​តំណែង​កំពូល​។ 
 
​សារព័ត៌មាន Telegraph ផ្សាយ​ថា មុននឹង​ទទួល​តំណែង​ថ្មី​នេះ លោក គីម ជុង​អ៊ុន មាន​ងារ​ជា «​សម​មិត្ត​ជាទី​ស្រលាញ់​» «​ប្រធាន​គណបក្ស​ពលករ​កូរ៉េ​» «​ប្រធាន​ទីមួយ​នៃ​គណៈកម្មការ​ការពារជាតិ​កូរ៉េខាងជើង​» និង​ជា «​មេបញ្ជាការ​ជាន់ខ្ពស់​ក​ង​ទ័ព​ប្រជាជន​កូរ៉េ​»​។ ក្រៅពីនោះ លោក ក៏មាន​ឋានន្តរសក្តិ ជា​សេនាប្រមុខ នៃ​កងទ័ព​កូរ៉េខាងជើង​ផងដែរ​។    
 
​ក្នុងតួនាទី​ជា​ប្រធាន នៃ​គណៈកម្មការ ដែលជា​ស្ថាប័ន​ដែល​ទើប​បង្កើត​ថ្មី នឹងធ្វើ​ឲ្យ​លោក គីម ជុង​អ៊ុន មានអំណាច​កាន់តែ​ធំ​បន្ថែមទៀត​លើ​ការងារ​រដ្ឋ ទាំង​វិស័យ​យោធា និង​ស៊ីវិល​។ ជាមួយគ្នានេះដែរ សភា​កូរ៉េខាងជើង ក៏បាន​ជ្រើសតាំង​អនុប្រធាន​បី​រូប សម្រាប់​គណៈកម្មការ​ថ្មី​នេះដែរ​។ អនុប្រធាន​ទាំងបី នឹងត្រូវ​បែងចែក​ភារកិច្ច​ផ្សេងគ្នា​លើ​ការងារ​យោធា គណបក្ស និង​កិច្ចកា​រដ្ឋាភិបាល​។​
 
​សូមបញ្ជាក់ថា សភា​កូរ៉េខាងជើង ប្រជុំ​ម្ដង​ឬ ពីរដង​ក្នុង​មួយឆ្នាំ ដើម្បី​អនុម័ត​យល់ព្រម​លើ​ការងារ​រដ្ឋ ថវិកាជាតិ ក៏ដូចជា​ការតែងតាំង​ផ្សេង នៅក្នុង​ជួរ​រដ្ឋាភិបាល​។ សភា​នេះ មិនមាន​អំណាច​អ្វី​ទេ ដោយ​គ្រាន់តែ​ជា​សភា​ប្រថាប់ត្រា និង​ចាំតែ​អនុម័ត​ប៉ុណ្ណោះ ដ្បិត​អំណាច​ទាំងអស់ ស្ថិតក្នុង​ដៃ​មេដឹកនាំ​កំពូល លោក គីម ជុង​អ៊ុន​។​
 
​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៩ ខែមិថុនា បាន​ផ្ដោតលើ​គោលនយោបាយ​សេដ្ឋកិច្ច​ប្រាំ​ឆ្នាំ ដែល​លោក គីម ជុង​អ៊ុន ដាកចេញ កាលពី​សមាជ​បក្ស​ពលករ​កូរ៉េ ក្នុង​ខែឧសភា​។ នោះ​គឺជា​ផែនការ​គោលនយោបាយ​ដំបូង​គេ ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ខណៈដែល មេដឹកនាំ​កូរ៉េខាងជើង ច្រើនតែ​ផ្ដោតលើ​ការងារ​យោធា​៕       
 
  

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com