អន្តរជាតិ
រុស្ស៊ី​ដកតំណែង​មន្ត្រី​យោធា​ជាន់ខ្ពស់ ៥០​រូប​ព្រោះ​បញ្ហា​បច្ចេកទេស​យោធា​
01, Jul 2016 , 2:52 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ។ រូបថត AP
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ។ រូបថត AP
 រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បានប្រកាស​បញ្ចប់​មុខតំណែង​មេបញ្ជាការ​យោធា​ជាច្រើនរូប​នៅ​តំបន់​បាល់​ទិ​ក​ថ្ងៃទី ៣០​មិថុនា​។  ការប្រកាស​ដកតំណែង​មន្ត្រី​យោធា​ជាន់ខ្ពស់​ច្រើន​នាក់​បែបនេះ​មិនត្រូវ​បាន​គេ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ឡើយ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា​វា​អាចពាក់ព័ន្ធ​ការប្រឈមមុខគ្នា​រវាង​កងកម្លាំង​រុស្ស៊ី​និង​កងកម្លាំង​ណា​តូ​នៅ​ព្រំដែន​រុស្ស៊ី​។​



​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergei Shoigu បានចេញ​ថ្លែងការណ៍​មួយ​ដើម្បី​ប្រកាស​បញ្ចប់​មុខតំណែង​មេបញ្ជាការ​និង​បណ្តា​មន្ត្រីជាន់ខ្ពស់​ទ័ពជើងទឹក​រុស្ស៊ី​ជាច្រើនរូប​ប្រចាំ​តំបន់​បាល់​ទិ​ក​ជាច្រើនរូប​ថ្ងៃទី ៣០ មិថុនា​។

​យោងតាម​សារព័ត៌មាន New York Times  ការបញ្ចប់​មុខតំណែង​មន្ត្រីជាន់ខ្ពស់​យោធា​មិន​ធ្លាប់មាន និង​ដូចជា​មិនមាន​ត្រៀម​ទុក​មុននេះ មិនត្រូវ​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ​។ គ្រាន់តែ​ដឹង​ច្បាស់​ថា​រុស្ស៊ី​កំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​កងទ័ព​នៅ​តំបន់​រសើប​និង​កំពុង​ប្រឈមមុខគ្នា​ជាមួយ​កងកម្លាំង​ណា​តូ​។

​បើតាម​សេចក្តីថ្លែងការណ៍ របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន RT  ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​នោះ​មាន​មេបញ្ជាការ​កងទ័ព​ប្រចាំ​តំបន់​បាល់​ទិ​ក ឧ​ត្ត​មនា​វី​ឯក Viktor Kravchuk , នាយអគ្គសេនាធិការ​ឧ​ត្ត​មនា​វី​ឯក Sergei Popov និង​បណ្តា​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​ជាង​៥០ រូប​ឯណោះ​។​

​សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់ថា​៖« មេបញ្ជាការ​កងទ័ពជើងទឹក​ប្រចាំ​តំបន់​បាល់​,​នាយសេនាធិការ និង​មន្ត្រី​មួយចំនួនទៀត​ត្រូវ​ព្យួរ​ពី​ការងារ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ក្រោយ​ការធ្វើ​អធិការកិច្ច​មួយ​។ ពួកគេ​ទាំងអស់​នឹងត្រូវ​បណ្តេញ​ចេញពី​តំណែង និង​ដក​ឈ្មោះ​ចេញពី​បញ្ជី​កងទ័ព​រុស្ស៊ី​»​។ 

​សេចក្តីថ្លែងការណ៍​ដដែល​បាន​រិះគន់​បណ្តា​មន្ត្រី​ដែល​ត្រួវ​ព្យួរ​ភារកិច្ច​ទាំងនោះ ដោយ​សម្អាង​លើ​ហេតុផល​ថា ពួកគេ​ធ្វេសប្រហែស​និង​ខ្ជីខ្ជាក្នុងការ​បំពេញភារកិច្ច​និង​អនុវត្ត​កិច្ចការ​របស់ខ្លួន​។ មន្ត្រីជាន់ខ្ពស់​ទាំង​​អស់នេះ​សុទ្ធតែ​ទទួលខុសត្រូវ​ចំពោះ​ការបង្កើត​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​ទទួលបន្ទុក​ជាពិសេស​ពាក់ព័ន្ធ​ការហ្វឹកហ្វឺន និង​សកម្មភាព​យោធា​ប្រចាំថ្ងៃ ជាពិសេស​កង្វះ​ការថែទាំ​ត្រឹមត្រូវ​សម្រាប់​កងទ័ព​ដែល​ស្ថិតក្រោម​ឱវាទ​ខ្លួន​។​

​ទាក់ទិន​ការធ្វេសប្រហែស និង​កំហុស​ពាក់ព័ន្ធ​ការហ្វឹកហ្វឺន​យោធា​នេះដែរ បើតាម​សារព័ត៌មាន​រុស្ស៊ី RT ទាំង​មេបញ្ជាការ​និង​នាយសេនាធិការ ក៏ដូចជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ច្រើន​រូប​ទទួល​ការពិន័យ​យោធា​ដោយសារតែ​ពួកគេ​អសមត្ថភាព​ក្នុង​ការរៀបចំ​ការហ្វឹកហ្វឺន​និង​លំ​ហាត់​យោធា​សម្រាប់​ការប្រយុទ្ធ​កន្លងមក ហើយក៏​មិនបាន​រៀបចំ​របាយការណ៍​ត្រឹមត្រូវ​ពាក់ព័ន្ធ​ស្ថានភាព​ជាក់ស្តែង​ក្នុង​តំបន់​។​

​យ៉ាងណាក៏ដោយ គេ​វាយតម្លៃថា ការផ្លាស់ប្តូរ​មុខតំណែង​មន្ត្រី​ក្នុង​រចនាសម្ព័ន្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​តាម​ព្រំដែន​បែបនេះ ទាក់ទង​ជាមួយ​ការប្រឈមមុខគ្នា​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​។ មូលដ្ឋានទ័ព​បាល់​ទិ​ក​ស្ថិតក្រោម​រចនាសម្ព័ន្ធ​នៃ​ភូមិភាគ​យោធា​រុស្ស៊ី​ទិស​ខាងលិច​ដែលមាន​តួនាទី​សំខាន់​ការពារ​ទឹកដី​រុស្ស៊ី​ជាប់​ព្រំដែន​អឺរ៉ុប​៕


Tag:
 Sergei Shoigu
  បាល់​ទិ​ក​
  ណា​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com