អន្តរជាតិ
លោក Aquino បន្សល់​មរតក​មួយ​ដ៏​ធំ សម្រាប់ លោក Duterte ប្រឈម​ជាមួយ​ចិន
01, Jul 2016 , 8:39 pm        
រូបភាព
លោក Aquino បន្សល់មរតកមួយដ៏ធ្ងន់សម្រាប់ លោក Durteter ប្រភពរូបភាព៖ Inquerer
លោក Aquino បន្សល់មរតកមួយដ៏ធ្ងន់សម្រាប់ លោក Durteter ប្រភពរូបភាព៖ Inquerer
ដោយ:
​លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ (Bernigno Aquino) អតីត​ប្រធានាធិបតី​ហ្វីលីពីន បាន​ផុត​អាណត្តិ​រយៈពេល​៦​ឆ្នាំ​របស់លោក​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ម្សិលមិញ​ហើយ តែ​រដ្ឋបាល​របស់លោក បាន​បន្សល់​កិច្ចការបរទេស​ដ៏​ធំ​មួយ​ដែល ជា​បន្ទុក​សម្រាប់​រដ្ឋបាល​ថ្មី​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) ។ នោះ​គឺ សំណុំរឿង​ដ៏​ចម្រូងចម្រាស​សមុទ្រ​ចិន​ខាងត្បូង ដែល​តុលាការ​ក្រុងឡាអេ​ត្រៀម​នឹង​ប្រកាស​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។



​សាលាក្តី​នៃ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ (PCA) ក្រុងឡាអេ នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន​នៅ​ថ្ងៃទី​១២ ខែកក្កដា​ខាងមុខ​នេះហើយ​។ បើទោះបីជា​សេចក្តីសម្រេច​នោះ មិនអាច​ដឹងថា​នឹងមាន​និន្នាការ​ទៅខាង​ណាក៏ដោយ សំឡេង​ភាគច្រើន ត្រូវបានរ​ពឹង​ថា​ហ្វីលីពីន មានប្រៀប​ដើម្បី​ឈ្នះ​ក្នុង​នីតិវិធី​ផ្នែក​ច្បាប់​លក្ខណៈ​ឯកតោភាគី​មួយ​នេះ​។

​ជុំវិញ​បញ្ហា​នេះ លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែល​ទើបតែ​ចូលកាន់​តំណែង​ផ្លូវការ នៅ​ថ្ងៃទី​៣០ ខែមិថុនា​ម្សិលមិញ​នោះ មិនទាន់មាន​គោលនយោបាយ​ណាមួយ​ដើម្បី​ឆ្លើយតប​ទៅនឹង សាលក្រម​នេះ​នៅឡើយ​នោះទេ​។ ហើយ​ប្រាកដ​ណាស់ វា​គឺជា​សម្ពាធ​មួយ​ដ៏​ធ្ងន់​សម្រាប់​រដ្ឋបាល របស់លោក​ក្នុងការ​ធានា​ឲ្យ​មាន​តុល្យភាព​រវាង​គោលជំហ​របស់​រដ្ឋ​ដែល​ស្រប​ជាមួយនឹង​ការចង់បាន​របស់​ប្រជាជន ជាមួយនឹង​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​។​

​នា​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​ក្បាលម៉ាស៊ីន​ថ្មី លោក​ប្រធានាធិបតី បាន​បញ្ជាក់ថា លោក នឹងមិន​ធ្វើ​អ្វីដែល​ហួសហេតុ​នោះទេ​ចំពោះ​សាលក្រម​ដែល​ត្រៀម​នឹង​ចេញ​ខាងមុខនេះ តែ​លោក នឹងសិក្សា​ជា​បន្ត​បន្ទាប់ពី​សាលក្រម​នោះ​។ លោក បន្ថែម ថា បើទោះជា​ស្ថានភាព​នឹង​ទៅជា​បែបណាក៏ដោយ រដ្ឋាភិបាល​លោក ត្រូវតែ​ប្រឈម​នឹង​ការពិត ហើយ​ការពិត​នោះ​គឺ លោក នឹងត្រូវ​បំពេញ​កិច្ចការ​ជាច្រើន​ដែល​រាប់បញ្ចូល​ទាំង​ការប្រឈមមុខគ្នា​ផងដែរ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​ខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​ហិង្សា​ផងដែរ​»​។​

​យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី ក៏បាន​សង្កត់ធ្ងន់​ដែរ ថា លោក ពិតជា​មិន​ចង់​ប្រកាសសង្គ្រាម​ជាមួយ​អ្នកណា​ឡើយ ហើយ ប្រសិនបើ មាន​មធ្យោបាយ​ណា​ដែល​បង្កើត​ឲ្យ​មាន​សន្តិភាព​តាមរយៈ ការជជែក​គ្នា​នោះ លោក នឹង​រីករាយ​នឹងធ្វើ​។

​មិន​ខុស​ពីនេះ លោក​រដ្ឋមន្ត្រីការបរទេស​ថ្មី Perfecto Yasay Jr ក៏បាន​ប្រា​ប់លោក​ប្រធានាធិបតី​ដែរ​ថា អ្វីដែល​ត្រូវធ្វើ​ដំបូង​នោះ​គឺ យល់​ឲ្យ​ច្បាស់​ពីអ្វី​ជា​សាលក្រម​នេះ ប្រសិនបើ ហ្វីលីពីន​ឈ្នះ​។ ជាមួយគ្នា នេះ លោក ក៏​ប្រា​ប់លោក ឌើ​ទើ​តេ​ដែរ​ថា​កុំ​បារម្ភ នៅពេល​សាលក្រម​ចេញ​នោះ លោក នឹង​ផ្តល់​ជា​យោបល់ ឬ​ប្រឹក្សា ថា​តើ​គួរ​មាន​វិធានការ​បែបណា​។

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​ចិន មាន​ភាពល្អក់​កករ​នឹង​គ្នា​ជាច្រើន​។ ជាពិសេស​នោះ រដ្ឋបាល​នោះ បាន​មាន និន្នាការ​ជិតស្និត​ខ្លាំង​ជាមួយនឹង​អាមេរិក​ដើម្បី​ប្រឆាំង​ចិន តាមរយៈ​ការលើក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក្នុង​វេទិកា​អន្តរជាតិ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ដើម្បី​ទប់ទល់​ជាមួយនឹង​ការពង្រីក​អំណាច​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​ដោយឡែក​សម្រាប់​ភាគី​ចិន​វិញ ក្រៅពី​មិន​ចូលរួម​ក្នុង​ដំណើរការ​នៃ​សវន​ការ​នោះ ក៏បាន​ប្រកាស​ជាថ្មី​ម្តង​ហើយ​ម្តងទៀត ថា មិន​ទទួលស្គាល់​ចំពោះ​សាលក្រម និង​បដិសេធ​ចំពោះ​យុត្តាធិការ​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ​ទៀតផង​។ អ្វីដែល​ចិន ចង់បាន​នោះ​គឺ ការចរចា និង​ពិគ្រោះ​យោបល់​ជា​លក្ខណៈ​ទ្វេភាគី​។​

​អ្វី​គួរកត់សម្គាល់​នោះ សាលាក្តី​បាន​សង្កត់ធ្ងន់ ថា «​សាលាក្តី នឹងមិន​បកស្រាយ​លើ​សំណួរ​ថា​តើ​នៃ​អធិបតេយ្យ​(​ម្ចាស់​)​អធិបតេយ្យ​លើទឹក​ដី និង មិន​កំណត់​ដែន​សីមា​សមុទ្រ​ឲ្យ​ភាគី​ណាមួយ​ឡើយ​»​។ សាលាក្តី បានសម្រេច ថា សាលាក្តី​មាន​យុត្តាធិការ​ដើម្បី​ពិចារណា​លើ​«​សំណើ​ប្រាំពីរ​ចំណុច​របស់​ហ្វីលីពីន​»  ក៏ប៉ុន្តែ​ប្រាំពីរ​ចំណុច​ផ្សេងទៀត តុលា​ការមិន​ទទួល​ចាត់ការ​នោះទេ​។​

​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net ចំណុច​ទាំងពីរ​ប្រាំ​ដែល​សាលាក្តី​ទទួល​ចាត់ការ​នោះ រួមមាន​ទាក់ទង​នឹង​ការបកស្រាយ​ពី​ស្ថានភាព​នៃ (​ចំណុច​ទី​១) តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal, (​ចំណុច​ទី​២)​តំបន់ Mischief Reef, Second Thomas Shoal និង Subi Reef, (​ចំណុច​ទី​៣) តំបន់​ថ្ម​ប៉ប្រះ​ទឹក​Gaven Reef និង McKennan Reef, (​ចំណុច​ទី​៤)​តំបន់​ថ្ម​ប៉ប្រះ​ទឹក Johnson Reef, Cuarteron Reef និង Fiery Cross Reef, (​ចំណុច​ទី​៥) ចិន​បាន​រារាំង​អ្នកនេសាទ​ហ្វីលីពីន​ដោយ​ខុសច្បាប់​ក្នុងការ​សកម្មភាព​នេសាទ​បែប​ប្រពៃណី​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal, (​ចំណុច​ទី​៦) ចិន បាន​រំលោភ​កាតព្វកិច្ច​របស់ខ្លួន ដែល​កំណត់​ក្នុង​អនុសញ្ញា​ក្នុងការ​ការពារ​និង​អភិរក្ស​បរិស្ថាន​សមុទ្រ​នៅ​តំបន់ Scarborough Shoal និង Second Thomas Shoal (​ចំណុច​៧) ចិន បាន​បំពាន​កាតព្វកិច្ច​ខ្លួន ដែល​កំណត់ដោយ​អនុសញ្ញា​ដោយបាន​ប្រតិបត្តិការ​នាវាចម្បាំង​ដែលមាន​ច​រិ​ក​លក្ខណៈ​គ្រោះថ្នាក់​ខ្លាំង​នៅក្នុង​តំបន់​ក្បែរ​នៃ Scarborough Shoal៕


Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com