អន្តរជាតិ
រដ្ឋ​ក្មេងខ្ចី ស៊ូដង់​ខាងត្បូង​មិន​រៀបចំ​រំលឹក​ខួប​ឯករាជ្យ​ព្រោះ​គ្មាន​លុយ​
01, Jul 2016 , 9:39 pm        
រូបភាព
​រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង បានប្រកាសថា ឆ្នាំនេះ​ខ្លួន​នឹងមិន​រៀបចំ​ការ​រំលឹក​ខួប​ឯករាជ្យ​លើក​ទី ៥ នៅ​ថ្ងៃ ៩ កក្កដា​ខាងមុខនេះ​ទេ​។ ការសម្រេច​មិន​រៀបចំ​បុណ្យ​ឯករាជ្យ​ជា​ផ្លួ​វ​ការ​នេះ​របស់​រដ្ឋ​ដែល​ទើប​មាន​អាយុ ៥​ឆ្នាំនេះ វា​ពាក់ព័ន្ធ​ជាមួយ​ការចំណាយ​។ ស៊ូដង់​ខាងត្បូង​គ្មាន​លុយ ព្រោះ​សេដ្ឋកិច្ច​ជួប​វិបត្តិ​ព្រោះ​សង្គ្រាមស៊ីវិល និង​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​ផង​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​រដ្ឋ​ក្មេង​ជាងគេ​ស៊ូដង់​ខាងត្បូង​មិន​រៀបចំ​ខួប​រំលឹក​ថ្ងៃ​ឯករាជ្យ​របស់ខ្លួន​ឡើយ​នៅ​ថ្ងៃ ៩​កក្កដា​ខាងមុខនេះ​។​ហេតុផល​សាមញ្ញ​បំផុត​នៅ​ពី​ការមិន​រៀបចំ​ការអបអរសាទ​រ​ការប្រកាស​ឯករាជ្យ​នេះ​គឺ ការខ្វះខាត​លុយកាក់​។​

​ជា​ទម្លាប់​ទៅហើយ ក្រោយ​ប្រកាស​ឯករាជ្យ​ពី​ស៊ូដង់​នៅ​ឆ្នាំ ២០១១ រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង​កំណត់​យក​ថ្ងៃ ៩ ខែកក្កដា​ជា​ថ្ងៃ​រៀបចំ​ពិធី​អបអរសាទរ​ទ្រង់ទ្រាយ​ធំ​ក្នុងចំណោម​ប្រជាជន​ស៊ូដង់​ខាងត្បូង​ទូទៅ​ផង​។ កន្លងមក ថ្វីបើ​ជួប​សង្គ្រាមស៊ីវិល​យ៉ាងណាក្តី ប្រទេស​នេះ​នៅតែ​លៃលក​រៀបចំ​បុណ្យ​ឯករាជ្យ​នេះដែរ​។ ប៉ុន្តែ​ឆ្នាំនេះ​មិន​ដូច​ឆ្នាំមុន​ឡើយ ព្រោះ​ស៊ូដង់​ខាងត្បូង​បាន​ជួប​បន្ទុក​ផ្អែក​សេដ្ឋកិច្ច​ធ្ងន់​ពេក​។

​ពាក់ព័ន្ធ​ការផ្អាក​រៀបចំ​បុណ្យ​ឯករាជ្យ​ទ្រង់ទ្រាយ​ធំ​នេះដែរ បើ​យោងតាម​សារព័ត៌មាន Al Jazeera រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ស៊ូដង់​ខាងត្បូង Michael Makuei Lueth បាន​បកស្រាយ​ថា ស៊ូដង់​ខាងត្បូង​មិន​ចង់​ចំណាយលុយ​ខ្ជះខ្ជាយ​ឡើយ ក្នុងពេលដែល​ខ្លួន​ខ្វះខាត ។ លោក​បាន​ពន្យល់​បន្ថែម​ថា ៖« យើង​ចង់​ចំណាយលុយ​ដែល​យើង​មាន​នៅសល់​បន្តិចបន្តួច​នោះ​ដើម្បី​ដោះស្រាយ​រឿង​ផ្សេងទៀត​វិញ​»​។

​បើតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ខាងលើ ការរៀបចំ​បុណ្យ​ឯករាជ្យ ត្រូវ​ចំណាយ​យ៉ាងហោចណាស់ ១០​លាន​ផោន​លុយ​ស៊ូដង់​ខាងត្បូង ដែល​វា​មានតម្លៃ​ប្រហែល​៤៥​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។ លោក​បន្តថា​៖« បើសិនជា​យើង​មាន​លុយ​ប៉ុណ្ណឹង យើង​នឹង​ប្រើប្រាស់​វា​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​របស់​យើង​វិញ​។ ក្នុងនោះ​យើង​អាច​ចំណាយ​លើ​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ជាដើម​»​។

​ប៉ុន្តែ​ឆ្នាំមុនៗ​មាន​រៀបចំ​ពិធី​ជា​ផ្លូវការ​ទ្រង់ទ្រាយ​ធំ និង​មានការ​ដើរ​ហែរ​ក្បួនព្យុហយាត្រា​ត្រឹមត្រូវ ដូច្នេះ​បានជា​មានការ​ចំណាយ​ច្រើន​បែបនេះ​។​

​តាមពិតទៅ សេដ្ឋកិច្ច​ស៊ូដង់​ខាងត្បូង ស្ទើរតែ​ដួលរលំ​លែង​ដើរ​ទៅមុខ​ទៅហើយ​។ នេះ​ក៏ ដោយសារ​វា​រង​ការ​ញ៉ាំ​ញ៉ី​ដោយ​សង្គ្រាមស៊ីវិល​ផង និង​ដោយសារ​តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ​ខ្លាំង​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ផង​។

​សូម​រំលឹក​បន្តិច​ដែរ ស៊ូដង់​ខាងត្បូង​បានប្រកាស​ឯករាជ្យ​ពី​ប្រទេស​ស៊ូដង់​នៅ​ថ្ងៃ ៩​ខែកក្កដា​ឆ្នាំ ២០១១ ក្រោយ​មានការ​ប្រយុទ្ធ​បង្ហូរឈាម​គ្នា​ក្នុង​សង្គ្រាមស៊ីវិល​អស់​រា​ប់ទ​ស​វត្សរ៍​រវាង​ក្រុម​ជនជាតិ​អារ៉ាប់​-​ស៊ូដង់​ដែល​ស្ថិតនៅ​ភាគ​ខាងជើង និង​ប្រជាជន​ស៊ូដង់​ភាគខាងត្បូង​។ ការប្រកាស​ឯករាជ្យ​នេះ​ធ្វើឡើង​ដោយ​ការរៀបចំ​ប្រជាមតិ​មួយ ហើយ​លទ្ធផល​បង្ហាញថា ប្រជាជន​ស៊ូដង់​ខាងត្បូង ៩៩ ភាគរយ​ជ្រើស​រើសយក​ការប្រកាស​ឯករាជ្យ​។ ក្រោយ​ការបោះឆ្នោត សហគមន៍​អន្តរជាតិ​ជាពិសេស​សហរដ្ឋអាមេរិក​បានប្រកាស​ទទួលស្គាល់​លទ្ធផល​នេះ ហើយ​ក្រោយមក មានការ​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​តែម្តង​។​

​ប៉ុន្តែ​ក្រោយ​ប្រកាស​ឯករាជ្យ​ប្រហែលជា​២​ឆ្នាំ សង្គ្រាមស៊ីវិល​ផ្ទុះឡើង ក្រោយ​អនុ​ប្រធានាធិបតី Riek Machar រៀបចំ​រដ្ឋប្រហារ​មួយ​ប៉ុន្តែ​បរាជ័យ​ដើម្បី​ទម្លាក់​លោក Salva Kiir ។  សង្គ្រាម​បានអូសបន្លាយ​ប្រហែល​៣ ឆ្នាំ​ដោយ​បណ្តាល​ឲ្យ​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ស្លាប់ និង​ច្រើនជាង ២​លាន​នាក់​នេះ​ទៀត​ត្រូវ​ភៀសខ្លួន​។ ប៉ុន្តែ​ក្តីសង្ឃឹម​តិចតួច​មួយ​ផុស​រូបរាង ឡើង  ព្រោះ​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម បាន​ចរចា​គ្នា​និង​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នៅ​ឆ្នាំមុន​។ ក្នុង​ខែមេសា មេដឹកនាំ​ក្រុម​ឧទ្ទាម លោក Riek Machar បាន​ត្រលប់មក​ស្បថ​ចូលកាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ​ដើម្បី​កសាង​សន្តិភាព​និង​កសាង​ប្រទេស​៕


Tag:
 ស៊ូដង់​ខាងត្បូង​
  Michael Makuei Lueth
© រក្សាសិទ្ធិដោយ thmeythmey.com