អន្តរជាតិ
បក្សប្រឆាំង​ម៉ុង​ហ្គោ​លី ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​សភា​
01, Jul 2016 , 10:19 pm        
រូបភាព
​គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី ដែលជា​បក្សប្រឆាំង បានទទួល​ជោគជ័យ​យ៉ាង​សម្បើម​លើ​បក្ស​កាន់អំណាច ក្នុងការ​បោះឆ្នោត​សភា កាលពី​ថ្ងៃទី​២៩ ខែមិថុនា​។ គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី បានទទួល​កៅអី​ក្នុង​សភា ភាគច្រើន​លើសលប់ ក្នុងការ​បោះឆ្នោត ដែល​អ្នក​អង្កេត​ការ​ឯករាជ្យ​និយាយថា មាន​សណ្ដាប់ធ្នាប់ និង​ការប្រកួតប្រជែង​។

 


​លទ្ធផល​បោះឆ្នោត​សភា​ម៉ុង​ហ្គោ​លី បាន​បង្ហាញថា គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី (MPP) បាន​យកឈ្នះ​បក្ស​ប្រជាធិបតេយ្យ (DP) ដែលជា​បក្ស​កាន់អំណាច​។ បក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី បានទទួល​កៅអី​សរុប​ចំនួន​៦៥ ក្នុង​កៅអី​សរុប​ចំនួន​៧៦ នៃ​សភា​ម៉ុង​ហ្គោ​លី​។ ចំណែកឯ បក្ស​ប្រជាធិបតេយ្យ ទទួល​បានតែ​កៅអី​ចំនូ​ន​៩​ប៉ុណ្ណោះ ខណៈ​បេក្ខជន​ឯករាជ្យ​ម្នាក់ ក៏​ជាប់​ជា​សមាជិកសភា​ដែរ​។​

​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី របស់​គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី គឺជា​ការ​វាយ​សំពង​ធ្ងន់ធ្ងរ​ដល់​បក្ស​កាន់អំណាច​។ លទ្ធផល​បោះឆ្នោត​បង្ហាញ​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី Chimed Saikhanbileg និង​ប្រធានសភា លោក Zandaakhuu Enkhbold សុទ្ធតែ​បាត់បង់​អ​សនៈ​សភា​ទាំងអស់​។

​បើតាម​សារព័ត៌មាន Diplomat ជ័យជម្នះ​របស់​បក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី ទំនង​បណ្ដាលមកពី​កត្តាសេដ្ឋកិច្ច​។ បច្ចុប្បន្ននេះ ម៉ុង​ហ្គោ​លី​កំពុងតែ​រង​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ការនាំចេញ     កំពុង​ធ្លាក់ចុះ ហើយ​ត​ម្លែ​ទង់ដែង និង​ធ្យូងថ្ម ដែលជា​ផលិតផល​នាំចេញ​សំខាន់ ក៏​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ផងដែរ​។ បក្ស​កាន់អំណាច បាន​រង​ការស្ដីបន្ទោស​ចំពោះ​ឱនភាព​សេដ្ឋកិច្ច ដែលមាន​កំណើន​ខ្លាំង​ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២​។​

​យ៉ាងណាក្ដី គេ​បារម្ភ​ថា ការផ្លាស់ប្ដូរ​នៅ​ឆាកនយោបាយ អាចធ្វើ​ឲ្យ​គោលនយោបាយ​អភិវឌ្ឍ ប្រែប្រួល​ផងដែរ​។ ប៉ុន្តែ​លោក Julian Dierkes អ្នកជំនាញ​នយោបាយ​ម៉ុង​ហ្គោ​លី និយាយថា ក្នុង​យុទ្ធនាការ​របស់ខ្លួន គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី មិនមាន​នយោបាយ​អ្វី​ធំដុំ​នោះទេ​។ ខណៈដែល​រដ្ឋាភិបាល​មុន មាន​បំណុល​យ៉ាង​ក្រាស់ក្រែល​នោះ រដ្ឋាភិបាល​ថ្មី នឹង​មិនមាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​គម្រោង​ធំៗ​នោះទេ​។

​ការបោះឆ្នោត​សភា​នៅ​ម៉ុង​ហ្គោ​លី បានទទួល​ការ​សាទរ ពី​អ្នក​អង្កេត​ការ​មកពី អង្គការ OSCE និង​សភា​អឺរ៉ុប​ទៀតផង​។ ក្នុង​របាយការណ៍​បឋម​របស់ខ្លួន បេសកកម្ម​ទាំងពីរ​បញ្ជាក់ថា នៅ​ថ្ងៃ​បោះឆ្នោត ដំណើការ​បោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​រលូន ក្នុង​បរិយាកាស​ប្រកួតប្រជែង​។ ប៉ុន្តែ របាយការណ៍​នេះ ក៏បាន​រិះគន់​ចំពោះ​ការកែប្រែ​ច្បាប់បោះឆ្នោត ដែល​ធ្វើឡើង នៅ​ជិត​ពេល​បោះឆ្នោត ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​ដំណើការ​ប្រជាធិបតេយ្យ​នៅ​ម៉ុង​ហ្គោ​លី​ផងដែរ​៕        


Tag:
 ​ម៉ុង​ហ្គោ​លី​
© រក្សាសិទ្ធិដោយ thmeythmey.com