អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន ទៅ​ហ្វាំ​ង​ឡង់​ខណៈ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​ណា​តូ​កើនឡើង​
02, Jul 2016 , 10:14 am        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​ទៅកាន់​ប្រទេសជិតខាង​របស់ខ្លួន ហ្វាំ​ង​ឡង់​នៅ​ថ្ងៃ​សុក្រ​នេះ​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខរដ្ឋ​រុស្ស៊ី​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃមុន​កិច្ចប្រជុំ​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​ស្រប​ពេលដែល​ការប្រឈមមុខគ្នា​រវាង​រុស្ស៊ី​និង​បក្សសម្ព័ន្ធ​យោធា​ណា​តូ​កើនឡើង​កាន់តែខ្លាំង​នៅ​តំបន់​បាល់​ទិ​ក​ថែមទៀត​។​



​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ហ្វាំ​ង​ឡង់​រយៈពេល​មួយថ្ងៃ​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​។ យោងតាម​ប្រភព​ស្និទ្ធ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​សម​ភាគី​លោក គឺ​ប្រធានាធិបតី​ហ្វាំ​ង​ឡង់ Sauli Niinisto ។ បញ្ហា​ទំនាក់ទំនង​ទ្វេភាគី និង​ភាព​តានតឹង​រវាង​រុស្ស៊ី​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​អាច​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​រវាង​មេដឹកនាំ​ទាំងពីរ​។​

ជំនួប​ពិភាក្សា​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​និវេសនដ្ឋាន​លំហែរ​កាយ​រដូវក្តៅ​រប​ស់លោក Sauli Niinisto  ស្ថិតនៅ​ភាគ​នីរ​តី​នៃ​ប្រទេស​ហ្វាំ​ង​ឡើង​។​
​ដូច​បាន​បញ្ជក់​ខាងដើម​ស្រាប់ កិច្ចពិភាក្សា​រវាង​មេដឹកនាំ​ទាំងពីរ​អាច​នឹង​ផ្តោត​សំខាន់​លើ​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា​នៅ​តំបន់​បាល់​ទិ​ករ​វាង​រុស្ស៊ី​ជាមួយ​សមាជិក​ណា​តូ ហើយ​លោក ពូ​ទីន អាច​នឹង​ឲ្យ​សម​ភាគី​ហ្វាំ​ង​ឡង់​បកស្រាយ​ជម្រះ​ចម្ងល់​ពាក់ព័ន្ធ​បំណង​ចង់​ក្លាយជា​សមាជិក​ណា​តូ​ផង​។ ការ​ទស្សនកិច្ច​របស់​លោក ពូ​ទីន ក៏​កើតឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំ​កំពូល​ណា​តូ ដែល​កិច្ចប្រជុំ​នេះ​នឹង​ផ្តោតលើ​បញ្ហា​សន្តិសុខ​នៅ​តំបន់​បាល់​ទិ​ក​ស្រាប់​។​

កាលពី​ថ្ងៃ​ចន្ទ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន ណា​តូ​ថា រុស្ស៊ី​អាច​នឹង​ចាត់វិធានការ​តបត​វិញ​ដែរ  ក្នុងករណី​ដែល ណា​តូ បន្ត​ចចេស​រឹងរូស​បញ្ជូន​ក​ង​ទ័ព និង​កសាង​កម្លាំង​ទ័ព​នៅជាប់​ព្រំដែន​រុស្ស៊ី​ទៀត​។​

រុស្ស៊ី​បាន​បន្ថែមចំនួន​កងទ័ព​និង​សព្វាវុធ​តាម​ព្រំដែន បន្ទាប់ពី​ចោទប្រកាន់​ណា​តូ​ថា អង្គការ​នេះ​ព្យាយាម​កសាង​កម្លាំង​ទ័ព​និង​គំរាមកំហែង​ដល់​សន្តិសុខ​និង​ប្រយោជន៍​រុស្ស៊ី​ថែមទៀត​។ ចំណែក​ណា​តូ វិញ​ចោទ​រុស្ស៊ី​វិញ​ដែរ​ថា រុស្ស៊ី​នេះ​បាន​រំលោភ​ដែនអាកាស​របស់​សមាជិក​ខ្លួន ហើយ​អង្គការ​នេះ​យក​លេស​សកម្មភាព​រុស្ស៊ី​នៅក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​និង​ការបង្កើន​កម្លាំង​ទ័ព​ដើម្បី​ពង្រាយ​ទ័ព​ទៅ​បាល់​ទិ​ក​ផងដែរ​។​

យ៉ាងណាមិញ ការបង្កើន​កងទ័ព​និង​សព្វាវុធ​រៀងៗ​ខ្លួន​នៅតាម​ព្រំដែន​សុទ្ធតែជា​បញ្ហា ហើយ​ណាមួយ​ការបន្ត​កើនឡើង​នៃ​ការប្រឈមមុខ​ដាក់គ្នា​នេះ​អាច​នឹង​ក្លាយជា​គ្រោះថ្នាក់​ផង​។
​សូមបញ្ជាក់ថា ហ្វាំ​ង​ឡង់​ជា​មិត្ត​ជិតខាង​របស់​រុស្ស៊ី ហើយ​ប្រទេស​នេះ​មាន​ព្រំប្រទល់​ជាមួយ​រុស្ស៊ី​ដែលមាន​ចម្ងាយ​រហូតដល់ ១៣០០​គីឡូម៉ែត្រ​ឯណោះ​។ ដូច្នេះហើយ​ទើប បានជា​រុស្ស៊ី​គិតថា បើសិនជា ហ្វាំ​ង​ឡង់​ហ៊ាន​ចូលរួម​ជាមួយ​ណា​តូ វា​នឹង​ក្លាយជា​គ្រោះថ្នាក់​ធំ​សម្រាប់​សន្តិសុខ​ជាតិ​និង​ប៉ះពាល់​ដល់​ប្រយោជន៍​រុស្ស៊ី​ថែមទៀត​ផង​៕


Tag:
 ​វ្លាល៉ា​ឌី​មៀ ពូ​ទីន​
  ហ្វាំ​ង​ឡង់​
  Sauli Niinisto
  ណា​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com