កីឡាអន្តរជាតិ
អន្តរជាតិ
UEFA មិន​ឲ្យ​មានការ​គោរព​មួយ​នាទី​សម្រាប់​អ្នករងគ្រោះថ្នាក់​នៅ​តួ​ក​គី ក្នុងការ​ប្រកួត Euro ទេ​
02, Jul 2016 , 11:19 am        
រូបភាព
ស្រប​ពេលដែល ពិភពលោក​ទាំងមូល កំពុងតែ​សោកស្ដាយ និង​ប្រតិកម្ម​នឹង​ការវាយប្រហារ​នៅ​តួ​ក​គី នៅឯ​ប្រទេស​បារាំង​ឯណោះ នឹងមិន​មានការ​គោរព​វិញ្ញាណក្ខន្ធ​មួយ​នាទី នៅ​គ្រប់​ការប្រកួត​នោះទេ​។ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប បញ្ជាក់ថា ការវាយប្រហារ​នេះ មិន​ទាក់ទង​នឹង​បាល់ទាត់​នោះទេ​។


​សមាគម​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) និយាយថា ការគោរព​វិញ្ញាណក្ខន្ធ ចំពោះ​ជនរងគ្រោះ​នៃ​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល នៅ​ថ្ងៃទី​២៨ ខែមិថុនា មិនត្រូវ​បានធ្វើ ក្នុងអំឡុងពេល​ប្រកួត​ពានរង្វាន់ Euro 2016 វគ្គ​៨​ក្រុម​ចុងក្រោយ ដែល​បា​រាំងជា​ម្ចាស់ផ្ទះ​នោះទេ​។ អ្នកកាសែត Rob Harris មកពី​សារព័ត៌មាន AP និយាយ​ដែរ​ថា UEFA ទាត់ចោល​យោបល់​នេះ ព្រោះ​ការវាយប្រហារ​មិន​ពាក់ព័ន្ធ​ដោយផ្ទាល់ នឹង​បាល់ទាត់​ទេ​។    

​ក្រុម​ជម្រើសជាតិ​តួ​ក​គី ស្ថិតក្នុង​ចំណោម​ក្រុម​ទាំង​២៤ ដែលមាន​សិទ្ធិ​ធ្វើដំណើរ​មក​ប្រទេស​បារាំង ប៉ុន្តែ​តួ​ក​គី បាន​ត្រឹម​ចំណាត់​ទី​បី​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ហើយក៏​មិនមាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ដែរ​។ ពីដំបូង គេ​រំពឹងថា UEFA នឹង​គាំទ្រ​ឲ្យ​មាន​ការគោរព​វិញ្ញាណក្ខន្ធ តែ​អ្វីៗ​មិន​ដូច​ការគិត​ទុក​ឡើយ​។​

​សូមបញ្ជាក់ថា មនុស្ស​យ៉ាងតិច​៤២​នាក់​បាន​ស្លាប់ និង​១៣០​នាក់ រងរបួស ក្នុងការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត នៅ​ព្រលានយន្តហោះ​អ៊ី​ស្តង់​ប៊ុល​។ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម បានប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា នឹង​ការ​ប្រហារ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ក្នុង​ខែមេសា​ផងដែរ​ដែរ​។​

​ការបដិសេធ​ផ្ដល់​ការគាំទ្រ​ដល់​តួ​ក​គី ហាក់ដូចជា​បង្ហាញ​ការរើសអើង​យ៉ាងខ្លាំង​។ កន្លងមក UEFA ធ្លាប់​អនុញ្ញាត ប្រទេស​អឺរ៉ុប​ទាំងអស់ ដែល​ប្រកួត​ក្នុង​សប្ដាហ៍​បន្ទាប់ពី​ការវាយប្រហារ​ក្នុង​ក្រុងប៉ារីស នៅ​ខែវិច្ឆិកា ពាក់​ក្រណាត់​ខ្មៅ និង​គោរព​វិញ្ញាណក្ខន្ធ​មួយ​នាទី នៅមុន​ការប្រកួត​ផងដែរ​។ បន្ថែម​លើ​នេះ UEFA ក៏​ចេញ​សេចក្ដីថ្លែងការណ៍​ថា​៖« UEFA សូម​បង្ហាញ​ការគាំទ្រ​របស់ខ្លួន និង​សាមគ្គីភាព ជាមួយ​បារាំង និង​អ្នក​ដែល​រងគ្រោះ​ដោយ​អំពើ​ព្រៃផ្សៃ​នេះ​»​។ 

​ការប្រកួត​វគ្គ​៨​ចុងក្រោយ បានចាប់ផ្ដើម​នៅ​រាត្រី​ថ្ងៃទី​៣០ ខែមិថុនា តែ​ក្នុង​ការប្រកួត​ទាំង​បួន​ប្រកួត នឹង​គ្មាន​ការគោរព​អ្វី​ទេ ហើយ​កីឡាករ​មកពី​ក្រុម​ទាំង​៨ ក៏​មិន​ពាក់​ក្រណាត់​ខ្មៅ ដើម្បី​គោរព​ដល់​ជនរងគ្រោះ​ដែរ​៕ 


Tag:
 Euro 2016
  ​តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com