អន្តរជាតិ
មេ​ប៉ូលិស​ហ្វីលីពីន​៖ ប៉ូលិស មិនត្រូវ​លេង​វាយកូនគោល ចូល​កាស៊ីណូ និង​ជល់​មាន់​ឡើយ​
05, Jul 2016 , 10:33 am        
រូបភាព
លោក Ronald dela Rosa ស្នងការថ្មីនៃប៉ូលិសជាតិហ្វីលីពីន
លោក Ronald dela Rosa ស្នងការថ្មីនៃប៉ូលិសជាតិហ្វីលីពីន
​មេ​ប៉ូលិស​ជាតិ​ហ្វីលីពីន Ronald dela Rosa ដែល​ទើប​ឡើងកាន់តំណែង​ថ្មីៗ​នេះ បាន​ព្រមាន​ទៅកាន់​មន្ត្រីប៉ូលិស ត្រូវផ្ដោត​ការយកចិត្តទុកដាក់​លើ​ការងារ និង​មិន​ត្រួវ​ធ្វើ​សកម្មភាព​អ្វី​ផ្សេង ក្នុង​ម៉ោង​ការងារ​នោះទេ​។ លោក Rosa ក៏បាន​ប្រាប់​ទៅកាន់​មន្ត្រីប៉ូលិស​ទាំងអស់ ឲ្យ​មកជួប​លោក ក្នុងករណី​មាន​បញ្ហា​អ្វីមួយ​។



​ក្នុងនាម​ជា​ស្នងការ​ថ្មី​នៃ​ប៉ូលិស​ជាតិ​ហ្វីលីពីន លោក ឧ​ត្ត​ម​សេនីយ៍ Ronald dela Rosa បាន​ប្រាប់​ឲ្យ​កងកម្លាំង​ប៉ូលិស​ទាំងអស់ ផ្លាស់​របៀបធ្វើការ​ងា​ររ​បស់​ខ្លួន​ភ្លាម និង​មិនត្រូវ​ចំណាយពេល​ធ្វើ​អ្វី ក្រៅពី​ភារកិច្ច​ទេ​។ លោក​ឧ​ត្ត​ម​សេនីយ៍ Rosa និយាយ​ដូច្នេះ ក្នុង​គោលបំណង​រឹតបន្តឹង​វិន័យ បន្ទាប់ពី​មាន​ករណីដែល​ប៉ូលិស​ហ្វីលីពីន តែង​ធ្វើ​ការងារ​អ្វី​ផ្សេង ដែល​មិនមែន​ការងារ​ប៉ូលិស​។
   
​ថ្លែង​ក្នុង​ពិធី​បង្ហូតទង់ជាតិ នៅ​ថ្ងៃទី​៤ ខែកក្កដា មេ​ប៉ូលិស​ជាតិ​ហ្វីលីពីន ដែល​សន្យា​ប្រើ​កណ្ដាប់ដៃ​ដែក ​ក្នុងការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ក្នុង​រយៈពេល​ពី​៣​ខែ ទៅ​៦​ខែ បញ្ជាក់ថា វិធីសាស្ត្រ​តែមួយគត់ ដើម្បី​សម្រេច​គោលដៅ​បាន គឺ​ប៉ូលិស​ទាំងអស់ ត្រូវ​ផ្ដោតលើ​ការងារ​ពេញ​ម៉ោង​របស់ខ្លួន និង​មិន​ធ្វើ​អ្វីដែល​អត់​ប្រយោជន៍​ទេ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួនរូប​នេះ ក៏បាន​លើកឡើង​ម្ដងទៀត ពីអ្វី​ដែល​លោក​បាន​និយាយ ​ក្នុងពេល​ចូល​ពិធី​កាន់តំណែង នៅ​ថ្ងៃទី​១ ខែកក្កដា នោះ​គឺប៉ូលិស​មិនត្រូវ​លេង​កូនគោលក្នុង​ម៉ោង​ការងារ ហើយ​ប៉ូលិស​ទាំងអស់ មិនត្រូវ​ចូល​កាស៊ីណូ ឬ​វង់ល្បែង​ជល់​មាន់​ទេ​។ ជាមួយគ្នា​នោះ មេ​ប៉ូលិស​ខាងលើ ក៏​ដាក់​បញ្ជា​ឲ្យ​មេបញ្ជាការ​អង្គភាព​ទាំងអស់ ត្រូវ​តាមដាន​កូនចៅ​របស់ខ្លួន និង​ត្រូវ​រាយការណ៍ពី​អ្នកណា ដែល​គេច​មិន​ធ្វើការ ព្រមទាំង​អ្នកធ្វើការងារ​ផ្សេងពេល​ក្នុង​ម៉ោង​ធ្វើការ​របស់ខ្លួន​។

​មិនតែប៉ុណ្ណោះ ឧ​ត្ត​ម​សេនីយ៍ ដែលមាន​ប្រភព​មកពី​ទីក្រុង Davao ដូច​ប្រធានាធិបតី Rodrigo Duterte ដែរនោះ ក៏បាន​ប្រាប់​ឲ្យ​ប៉ូលិស​ទាំងអស់ ទៅ​ជួប​លោក​ដោយផ្ទាល់ ក្នុងករណី​មាន​ការងារ​អ្វីមួយ​។ លោក​បន្តថា លោក​មិន​ទាមទារ​ការគោរព​បែប​ពិធីការ​អ្វី​ទេ ហើយ​បើ​ជួបគ្នា​នៅតាម​ផ្លូវ ពួកគេ (​ប៉ូលិស​) អាច​ទាញ​ដៃ​គាត់​បាន ប្រសិន​លោក មិនបាន​ចាប់​អារម្មណ៍​។

​លោក​ឧ​ត្ត​ម​សេនីយ៍ Rosa ដែល​គ្រប់គ្រង​ប៉ូលិស​១៦​ម៉ឺន​នាក់ ក៏បាន​សន្យា​ទិញ​ឧ​បករ​ណ៏​ថ្មីៗ សម្រាប់​ប៉ូលិស ក៏ដូចជា​កម្មវិធី​ពង្រឹង​សមត្ថភាព​ជំនាញ​មន្ត្រីប៉ូលិស​ផងដែរ​។ អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ លោក​ធ្លាប់​ព្រមាន​មន្ត្រីប៉ូលិស ដែល​ជាប់​ពាក់ព័ន្ធ​នឹងគ្រឿងញៀន ឲ្យ​ចេញមក​សារភាព និង​លាលែង​តំណែង​ជាបន្ទាន់ ប៉ុន្តែ​មកទល់ពេលនេះ មិនមាន​អ្នកណា​ចេញមក​នៅឡើយ​ទេ​៕ 


Tag:
 ហ្វីលីពីន​
 ​ ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com