ជាតិ
បទវិភាគ
​ចេះ​ច្បាប់ ត្រូវគោរព​ច្បាប់​!
07, Jul 2018 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សង្គម​នីមួយៗ ក្រៅតែពី​និស្សិត​ដែល​សិក្សា​មុខវិជ្ជា​ច្បាប់ ដែល​គេ​ហៅថា លោក​បរិញ្ញាបត្រ​ច្បាប់ លោក​បណ្ឌិត​ផ្នែក​ច្បាប់​នោះ ក៏មាន​ក្រុមមនុស្ស​មួយចំនួនទៀត​ដែរ មាន​ដូច​អ្នកតំណាងរាស្ត្រ មន្ត្រី​រដ្ឋាភិបាល មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ជាដើម ដែល​គេ​ចាត់ទុកថា ជា​អ្នកចេះ​ច្បាប់ ឬ​អាច​ស្វែងយល់​ពី​ច្បាប់​បាន​ច្រើនជាង​ពលរដ្ឋ​ធម្មតា​។ តែ​កន្លងមក​អ្នកចេះ​ច្បាប់​ខ្លះ ត្រូវគេ​មើលឃើញថា មិនបាន​គោរព​ច្បាប់​ទៅតាម​ការចេះដឹង​របស់​ខ្លួន​ទេ​។​



​ប្រជាជន​ដែល​រស់នៅក្នុង​សង្គម​ខ្វះ​យុត្តិធម៌ ប្រាកដជា​ធ្លាប់​ឮ​ពាក្យ​ថា អ្នកចេះ​ច្បាប់​មិន​គោរព​ច្បាប់ យក​ច្បាប់​មក​ទ្រាប់​អង្គុយ យក​ច្បាប់​មក​ជាន់ឈ្លី​។ ពាក្យ​ទាំងនេះ កើតឡើង​នៅពេលដែល​ពួកគេ​ឃើញ​អ្នកចេះ​ច្បាប់ អ្នកនយោបាយ អ្នកតំណាងរាស្ត្រ អ្នកធ្វើការងារ​ផ្នែក​ច្បាប់​ខ្លះ នៅក្នុង​ប្រទេស​ណាមួយ យក​ច្បាប់​ធ្វើ​ឈ្នាន់ ហើយ​បកស្រាយ​តាម​ការយល់ឃើញ ដើម្បី​តែ​ប្រយោជន៍​សម្រាប់​ខ្លួន និង​បក្ស​ពួកខ្លួន ដោយ​បង្ខំ​ឲ្យ​ភាគី​ទន់ខ្សោយ​អនុវត្តតាម​។

​នៅក្នុង​សង្គម​ដែល​គ្មាន​នីតិរដ្ឋ អ្នក​ដែល​យក​ច្បាប់​មក​ជាន់ឈ្លី​ទាំងនោះ ចាំ​ឆ្មក់​យកតែ​កន្លែង​ចន្លោះប្រហោង​នៃ​ច្បាប់ ហើយ​ទាញ​មក​ការពារ​ខាង​ខ្លួន ឬ​ក្រុម​ខ្លួន​ថា ជា​អ្នកធ្វើ​ត្រឹមត្រូវ​តាមច្បាប់ ចំណែក​ក្រុម​ផ្សេងទៀត ធ្វើ​ផ្ទុយ​ពី​ច្បាប់​ជានិច្ច​។ ពេលខ្លះទៀត ច្បាប់ ក៏​បានចែង​ច្បាស់​ដែរ​ថា ទង្វើ​របស់​ពួកគេ ខុស​នឹង​ច្បាប់​ទាំងស្រុង តែដោយសារ​អំណាច​ពួកគេ​នៅតែ​អាច​បកស្រាយ​ថា ទង្វើ​របស់​ពួកគេ​ត្រឹមត្រូវ​តាមច្បាប់​បានដែរ ហើយ​អ្នក​ដែល​ធ្វើ​ត្រឹមត្រូវ​ពិតប្រាកដ ត្រូវ​ក្លាយជា​អ្នក​ខុស ជា​ឧក្រិដ្ឋជន ត្រូវ​ជាប់ទោស​ទណ្ឌ​យ៉ាង​អ​យុ​តិ្ត​ធម៌​។​

​នៅក្នុង​ស្ថាប័ន​តុលាការ ដែលជា​អំណាច​សំខាន់​របស់​ជាតិ សុទ្ធសឹងតែ​ក្រុម​បញ្ញវន្ត ដែល​ចេះដឹង​ច្បាប់ មានដូចជា ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី ជាដើម បាន​ចោទប្រកាន់ ឬ​កាត់ក្តី ឲ្យ​មនុស្ស​ល្អ​ក្លាយជា​ឧក្រិដ្ឋជន ហើយ​ឲ្យ​ឧក្រិដ្ឋជន​ពិតប្រាកដ​ក្លាយជា​ទេវតា ដោយសារតែ​បុណ្យ​សក្តិ និង​លុយ​។

​ជារួម​មក​នៅក្នុង​ប្រទេស​ណាក៏ដោយ ប្រសិនបើ​ច្បាប់​ត្រូវបាន​មនុស្ស​មានអំណាច ឬ​អ្នកចេះ​ច្បាប់ យកទៅ​ទ្រាប់យ​អង្គុយ យក​ច្បាប់​ទៅ​ជាន់ឈ្លី ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រយោជន៍​របស់​ក្រុម​ខ្លួន សង្គម​នោះ នឹង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារតែ​ភាពឈឺចាប់​របស់​អ្នកទន់ខ្សោយ ដែល​ត្រូវបាន​អ្នកខ្លាំង​រំលោភ​នោះ​មាន​ច្រើនពេក និង​ទ្រាំលែងបាន​។ ពីព្រោះ​អ្នកទន់ខ្សោយ ឬ​អ្នក​ដែល​រង​ទុក្ខ​ចំពោះ​ភាពអយុត្តិធម៌​ការបកស្រាយ​នៃ​ច្បាប់​នោះ អាច​លែង​ខ្វល់ខ្វាយ​ពី​ការស្លាប់​រស់​របស់​ពួកគេ​ហើយ ពីព្រោះ​តែ​ទំហំ​នៃ​ការលំបាក​ហួស​គណនា​។​

​ដូច្នេះ​បញ្ញវន្ត​ទាំងអស់ ជាពិសេស​អ្នកចេះ​ច្បាប់ អ្នកកាន់ការ​ងារ​ផ្នែក​យុត្តាធិការ នៅលើ​បណ្តា​ប្រទេស​នីមួយៗ ដែល​មិនទាន់មាន​នីតិរដ្ឋ​ពេញលេញ ត្រូវ​ចាប់ផ្តើម​គោរព​ច្បាប់ ឈប់​យក​ច្បាប់​មក​ទ្រព្យ​អង្គុយ​។ ពីព្រោះថា ក្នុងនាម​ជា​អ្នកចេះ​ច្បាប់​មួយរូប ត្រូវប្រកាន់យក​នូវ​គុណធម៌ សីលធម៌ និង​មាន​ស្មារតី​ស្រឡាញ់​ប្រទេសជាតិ និង​ពលរដ្ឋ​របស់ខ្លួន​។ សូម​លោក លោកស្រី បរិញ្ញាបត្រ​ច្បាប់ លោក លោកស្រី បណ្ឌិត​ច្បាប់ លោក លោកស្រី ចៅក្រម លោក លោកស្រី​ព្រះ​រាជអាជ្ញា លោក លោកស្រី ក្រឡាបញ្ជី លោក​មន្ត្រី ឈប់​យកប្រាក់ យក​អំណាច ជាធំ ធ្វើបាប​មនុស្ស​ល្អ ឬ​ពលរដ្ឋ​ស្លូតត្រង់​៕


Tag:
 ច្បាប់​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com