ជាតិ
សង្គមជាតិ
ករណី​លោក កែម ឡី ៖ក្រសួងការបរទេស​អា​មេ​រិ​ក ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ម៉ត់ចត់
11, Jul 2016 , 9:23 am        
រូបភាព
ក្រសួងការបរទេស​អា​មេ​រិ​ក បានចេញ​សេចក្ដីថ្លែងការណ៍ បង្ហាញ​ការសោកស្ដាយ​ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី ដែលជា​អ្នក​ស្រារ​ជ្រាវ និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ។ ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បាន​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ហ្មត់ចត់ ចំពោះ​ករណីនេះ​ផងដែរ។



តាមរយៈ​សេចក្ដីប្រកាសព័ត៌មាន​ ​ចុះ​ថ្ងៃទី១០ ខែកក្កដា ក្រសួងការបរទេស​អា​មេ​រិ​ក បានបង្ហាញ​ការព្រួយបារម្ភ និង​សោកស្ដាយ ចំពោះ​ព័ត៌មាន​នៃ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី ដែលជា​អ្នកវិភាគ​ល្បីល្បាញ​មួយរូប។ ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ និង​សហការី នៃ​សព លោក កែម ឡី ផងដែរ។

ទន្ទឹមនឹងនេះ សេចក្តីប្រកាស​ដដែលក៏​បន្តថា អាមេរិក កំពុងតែ​តាមដាន​យ៉ាង​យកចិត្ត​ទុក​ដោយបាន​កត់សម្គាល់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បើក​ការស៊ើបអង្កេត​ចំពោះ​ករណី​ឃាតកម្ម​នេះ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក John Kirby ក៏​ទទូច​ឲ្យ​អាជ្ញាធរ​ធានាថា ដំណើការ​ស៊ើបអង្កេត​នេះ ធ្វើឡើង​ដោយ​ម៉ត់ចត់ និង​មិន​លំអៀង។ 

សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី១០ ខែកក្កដា នៅឯ​ម៉ា​ត ក្បែរ​ស្តុ​ប​បូកគោ រាជធានី​ភ្នំពេញ។ ចំណែកឯ ជនសង្ស័យ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភា្ល​ម​ផងដែរ៕   
 


© រក្សាសិទ្ធិដោយ thmeythmey.com