ពីនេះ ពីនោះ
អ្វីៗក្នុងលោកគ្មានកើត ហើយក៏គ្មានស្លាប់ដែរ
× ភ្នំពេញ៖ ទស្សនវិទូ អាណាសាករ (Anaxagore) គឺជាទស្សនវិទូដែលបានធ្វើសកម្មភាពវិទ្យាសាស្ត្រ នៅអាតែន អស់រយៈពេល៣០ឆ្នាំ ហើយបានធ្វើការពន្យល់យ៉ាងត្រឹមត្រូវអំពីបាតុភូតសូរ្យគ្រាស និងច័ន្ទគ្រាសមុនគេ។ លោកជាទស្សនវិទូមួយរូបដែលកើតនៅក្នុងឆ្នាំ៥០០មុនគ.ស ហើយស្លាប់ទៅវិញនៅឆ្នាំ៤២៨ មុនគ.ស។ លោកក៏ជាទស្សនវិទូអទេវៈនិយមមួយរូបដ៏ល្បីល្បាញ ដែលត្រូវបានគេកាត់ទោសប្រហាជីវិត ព្រោះតែទ្រឹស្ដីបែបវិទ្យាសាស្ត្រ និងមិនជឿលើអត្ថិភាពរបស់អាទិទេព។
នៅក្នុងទស្សនវិជ្ជារបស់លោក មានចំណងជើងថា «អំពីធម្មជាតិ» លោកបានពន្យល់ពីពិភពលោកដោយចាប់ផ្ដើមសារជាតិរូបធាតុអមតៈឥតប្រែប្រួល។ លោកលើកឡើងថា រូបធាតុឥតបាត់បង់ និងឥតកើតឡើង ហើយក៏មិនចាប់កំណើតពីសូន្យដែរ។ ទស្សនៈមួយនេះបានបដិសេធទាំងស្រុងពីអ្វីដែលលើកឡើងថាវត្ថុក្នុងលោកមានកើតមានស្លាប់។
ប៉ុន្តែលោកបានបញ្ជាក់ថា កើតនិងស្លាប់ គឺគ្រាន់តែជាការច្របល់ និងការបំបែកតែប៉ុណ្ណោះ។ ហេតុនេះ គ្មានវត្ថុដែលកើត និងគ្មានវត្ថុដែលស្លាប់ទេ។ វត្ថុគ្រាន់តែជាលទ្ធផលនៃបន្សំ និងការរំលាយនៃម៉ូលេគុល ដែលកំពុងមានអត្ថិភាពប៉ុណ្ណោះ។ ហេតុនេះ គួរជំនួសពាក្យកើត ដោយពាក្យបន្សំ ឬពាក្យច្របល់ និងជំនួសពាក្យស្លាប់ដោយពាក្យបំបែកវិញ។
ឧទាហរណ៍៖ មាសមួយដុំ ដែលគេពុះចែកជាច្រើនចំណែកគឺនៅតែជាមាសដដែល។ គ្មានអ្វីដែលស្មើនឹងសូន្យ រហូតដល់គ្មានអត្ថិភាពឡើយ។ ភាវៈមិនអាចកើតពីអភាវៈឡើយ ហើយក៏គ្មានភាវៈប្រែក្លាយជាអភាវៈជាដាច់ខាត។
ដកស្រង់ពីសៀវភៅ៖ ប្រវត្តទស្សនវិជ្ជាបូរាណក្រិច, ដោយសាស្ត្រចារ្យ ឆយ យីហ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com