ពីនេះ ពីនោះ
អ្វីៗ​ក្នុង​លោក​គ្មាន​កើត ហើយក៏​គ្មាន​ស្លាប់​ដែរ
20, May 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនវិទូ អាណាសាករ (Anaxagore) គឺជា​ទស្សនវិទូ​ដែល​បានធ្វើ​សកម្មភាព​វិទ្យាសាស្ត្រ នៅ​អា​តែ​ន អស់​រយៈពេល​៣០​ឆ្នាំ ហើយ​បានធ្វើ​ការពន្យល់​យ៉ាង​ត្រឹមត្រូវ​អំពី​បាតុភូត​សូរ្យគ្រាស និង​ច័ន្ទ​គ្រាស​មុនគេ​។ លោក​ជា​ទស្សនវិទូ​មួយរូប​ដែល​កើត​នៅក្នុង​ឆ្នាំ​៥០០​មុន​គ​.​ស ហើយ​ស្លាប់​ទៅវិញ​នៅ​ឆ្នាំ​៤២៨ មុន​គ​.​ស​។ លោក​ក៏​ជា​ទស្សនវិទូ​អ​ទេវៈ​និយម​មួយរូប​ដ៏​ល្បីល្បាញ ដែល​ត្រូវបាន​គេ​កាត់ទោស​ប្រហា​ជីវិត ព្រោះតែ​ទ្រឹស្ដី​បែប​វិទ្យាសាស្ត្រ និង​មិន​ជឿ​លើ​អត្ថិភាព​របស់​អាទិទេព​។​



​នៅក្នុង​ទស្សនវិជ្ជា​របស់លោក មាន​ចំណងជើង​ថា «​អំពី​ធម្មជាតិ​»  លោក​បាន​ពន្យល់​ពី​ពិភពលោក​ដោយ​ចាប់ផ្ដើម​សារជាតិ​រូបធាតុ​អមតៈ​ឥត​ប្រែប្រួល​។ លោក​លើកឡើងថា រូបធាតុ​ឥត​បាត់បង់ និង​ឥត​កើតឡើង ហើយក៏​មិន​ចាប់កំណើត​ពី​សូន្យ​ដែរ​។ ទស្សនៈ​មួយ​នេះ​បាន​បដិសេធ​ទាំងស្រុង​ពីអ្វី​ដែល​លើកឡើងថា​វត្ថុ​ក្នុង​លោក​មាន​កើតមាន​ស្លាប់​។ 

​ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា កើត​និង​ស្លាប់ គឺ​គ្រាន់តែ​ជាការ​ច្របល់ និង​ការ​បំបែក​តែប៉ុណ្ណោះ​។ ហេតុនេះ គ្មាន​វត្ថុ​ដែល​កើត និង​គ្មាន​វត្ថុ​ដែល​ស្លាប់​ទេ​។ វត្ថុ​គ្រាន់តែ​ជា​លទ្ធផល​នៃ​បន្សំ និង​ការរំលាយ​នៃ​ម៉ូលេគុល ដែល​កំពុងមាន​អត្ថិភាព​ប៉ុណ្ណោះ​។ ហេតុនេះ គួរ​ជំនួស​ពាក្យ​កើត ដោយ​ពាក្យ​បន្សំ ឬ​ពាក្យ​ច្របល់ និង​ជំនួស​ពាក្យ​ស្លាប់​ដោយ​ពាក្យ​បំបែក​វិញ​។​

​ឧទាហរណ៍​៖ មាស​មួយ​ដុំ ដែល​គេ​ពុះ​ចែកជា​ច្រើន​ចំណែក​គឺ​នៅតែ​ជា​មាស​ដដែល​។ គ្មាន​អ្វីដែល​ស្មើនឹង​សូន្យ រហូតដល់​គ្មាន​អត្ថិភាព​ឡើយ​។ ភាវៈ​មិនអាច​កើត​ពី​អ​ភាវៈ​ឡើយ ហើយក៏​គ្មាន​ភាវៈ​ប្រែក្លាយជា​អ​ភាវៈ​ជាដាច់ខាត​។​

​ដកស្រង់​ពី​សៀវភៅ​៖ ប្រ​វត្ត​ទស្សនវិជ្ជា​បូរាណ​ក្រិច​, ដោយ​សាស្ត្រ​ចា​រ្យ ឆ​យ យី​ហ៊ាង​


© រក្សាសិទ្ធិដោយ thmeythmey.com