អន្តរជាតិ
សមុទ្រចិនខាងត្បូង៖ ឡាអេកាត់​ក្តី​ឲ្យហ្វីលីពីន​ឈ្នះ​ចិន​
12, Jul 2016 , 4:16 pm        
រូបភាព
ដោយ:
ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍ ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ នៅ​ថ្ងៃទី​១២ ខែកក្កដា​នេះ បានប្រកាស​សាលក្រម​ជា​ឯក​ច្ឆ័​ន​ដោយ​យោងតាម​ឧបសម្ព័ន្ធ​៧ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ តាម​បណ្តឹង​របស់​ហ្វីលីពីន​ប្រឆាំង​ចិន​។ សាលក្រម​លក្ខណៈ​ចាប់បង្ខំ​នេះ បាន​បកស្រាយ​ថា ចិន មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ទាក់ទង​នឹង​សិទ្ធិ​ប្រវត្តិសាស្ត្រ​ដើម្បី​ទាមទារ​លើ​តំបន់​ចំណុច​​ទាំង​ប្រាំបួន​ត្រេ(Nine-Dash Line) ​ដែល​ស្ទើរតែ​ស្មើនឹង​តំបន់​ទាំងស្រុង​នៃ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។​



បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ ដែល​បាន​ផ្ញើ​មកកាន់​សារព័ត៌មាន​ថ្មីៗ តុលាការ​បានប្រកាស​សាលក្រម​ស្ថាពរ និង​លក្ខណៈ​ចាប់បង្ខំ​ដូចដែល​បានកំណត់​ក្នុង​មាត្រា ២៩៦ នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ និង​មាត្រា​១១ នៃ​ឧបសម្ព័ន្ធ​៧​។ តុលាការ បកស្រាយ​លើ​ចំណុច​សំខាន់​ចំនួន​ប្រាំ​។

ទីមួយ គឺ​សិទ្ធិ​ប្រវត្តិសាស្ត្រ និង​ចំណុច​ប្រាំបួន​ត្រេ​(nine-dash line) ។ ក្នុង​ចំណុច​នេះ តុលាការ​សម្រេច​ថា ការទាមទារ​របស់​ចិន​លើ​សិទ្ធិ​ប្រវត្តិសាស្ត្រ​ដើម្បី​គ្រប់គ្រង​ធនធាន​នៅក្នុង​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង មិន​ស្របតាម​បទបញ្ញត្តិ​នៃ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ដែល​ផ្តល់​ដោយ​ច្បាប់​សមុទ្រ​ឡើយ​។ តុលាការ បានកំណត់​សម្គាល់ថា នាវិក និង​អ្នកនេសាទ​ចិន ក៏ដូចជា​រដ្ឋ​ដទៃ​ផ្សេងទៀត បាន​ប្រើប្រាស់​ប្រវត្តិសាស្ត្រ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ថា មិនមាន​ភស្តុតាង​តាម​ប្រវត្តិសាស្ត្រ​ណា​បង្ហាញថា ចិន បាន​អនុវត្ត​សិទ្ធិ​គ្រប់គ្រង​ផ្តាច់មុខ​លើ​ដែនទឹក និង​ធនធាន​នៅ​ទី​នោះឡើយ​។ ដូច្នេះ តុលាការ​សម្រេច​ថា ចិន មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ដើម្បី​ទាមទារ​សិទ្ធិ​ប្រវត្តិសាស្ត្រ​ដើម្បី​គ្រប់គ្រង​នៅក្នុង​តំបន់​ចំណុច​ប្រាំបួន​ត្រេ​(Nine-dash line) ឡើយ​។​

ទី​ពីរ គឺ​ការបកស្រាយ​ពី​ឋានៈ​នៃ​តំបន់​។ តុលាការ បាន​ពិចារណា និង​វាយតម្លៃ​លើ​ការទាមទារ​របស់​ចិន​លើ​ដែនទឹក​តំបន់​លំនាច​។ ចំណុច​នេះ តុលាការ បានសម្រេច​ថា មិនមាន​កោះ​ណាមួយ​នៅក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី​ដែល​ទាមទារ​ដោយ​ចិន ស្របទៅនឹង​បទបញ្ញត្តិ​នៃ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ឡើយ​។ ផ្ទុយទៅវិញ តុលាការ​បាន​រកឃើញថា តំបន់​ទាំងនោះ ស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន​។​

ទី​បី គឺ​ទាក់ទង​នឹង​សកម្មភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។  តុលាការ​រកឃើញថា ចិន បាន​បំពាន​លើ​សិទ្ធិ​អធិបតេយ្យ​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន ដោយ​ចិន បាន​រំខានលើការនេសាទ និង ចូល​ការរុករក​ប្រេង​របស់​ហ្វីលីពីន ​, សាងសង់​កោះ​សិប្បនិម្មិត  និង​បាន​បរាជ័យ​ក្នុង​ការរារាំង​អ្នកនេសាទ​ចិន​ឲ្យ​ចូលទៅក្នុងតំបន់​នេសាទ​​របស់​ហ្វីលីពីន​។ តុលាការ ក៏បាន​សម្រេច​ដែលថា អ្នកនេសាទ​ពី​ហ្វីលីពីន មាន​សិទ្ធិ​នេសាទ​បែប​ប្រពៃណី​នៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal​។

ទី​បួន គឺពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​លើ​បរិស្ថាន​ដែនសមុទ្រ​។ ចំណុច​នេះ តុលាការ​បាន​រកឃើញ​ថា សម្មភាព​របស់​ចិន​នៅក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រា​ត​លី​ដែល​រួមមាន​ទាំង​ការ​វាតទី និង​ការសាងសង់​កោះ​សិប្បនិម្មិត បាន​បណ្តាល​ឲ្យ​មានការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​លើ​បរិស្ថាន និង បំពាន​ទៅនឹង​កាតព្វកិច្ច​ក្នុងការ​អភិរក្ស និង​ប្រព័ន្ធ​ការពារ​អេកូឡូស៊ី​។​

ចំណុច​ចុងក្រោយ គឺ​ទាក់ទង​នឹង​ការធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​។ ក្នុង​ចំណុច​នេះ តុលាការ បាន​រកឃើញថា ការ​វាតទី​ដ៏​ធំធេង និង​ការសាងសង់​កោះ​សិប្បនិម្មិត​របស់​ចិន មិន​ស្របច្បាប់ និង​បាន​បំផ្លាញ​ភស្តុតាង​ដែលជា​លក្ខខណ្ឌ​ធម្មជាតិ​នៃ​តំបន់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ផ្នែក​នៃ​ភាគី​ជម្លោះ​។​

​សូមបញ្ជាក់​ផងដែរ​ថា ហ្វីលីពីន បានដាក់​បណ្តឹង​សមុទ្រ​ចិន​ខាងត្បូង​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់​ប្រឆាំង​ចិន​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ចិន បាន​បដិសេធ​មិន​ចូលរួម​នីតិវិធី​ឯកតោភាគី​នេះឡើយ និង​ថែមទាំង​ប្រកាសថា តុលា​ការមិន​មានយុត្តាធិការ​លើ​សំណុំ​រឿងនេះ​ទៀតផង​៕​

Tag:
 សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com