កីឡាជាតិ
ជាតិ
ក្រោយវៀតណាមលត់អូស្ត្រាលី មីយ៉ាន់ម៉ាទទួលបាន៣ពិន្ទុមុនម៉ាឡេស៊ី និងហ្វីលីពីនចែកគ្នាម្នាក់១ពិន្ទុ
× សម្រាប់ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF U16 Championship 2016 ក្នុងពូលA នៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ ក្រោយក្រុមយុវជនជម្រើសជាតិវៀតណាម លត់ក្រុមយុវជនជម្រើសជាតិអូស្ត្រាលី ៣-០ ក្រុមយុវជនជម្រើសរើសជាតិមីយ៉ាន់ម៉ា ទទួលបាន៣ពិន្ទុបន្ថែម ខណៈក្រុមយុវជនជម្រើសជាតិម៉ាឡេស៊ី និងហ្វីលីពីនចែកគ្នាម្នាក់១ពិន្ទុ។
ក្រុមយុវជនជម្រើសជាតិមីយ៉ាន់ម៉ាទទួលបាន៣ពិន្ទុបន្ថែមសម្រាប់ការប្រកួតជើងទី២ ក្រោយពីយកឈ្នះក្រុមយុវជនជម្រើសជាតិសិង្ហបុរី ៤-១ កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ នាំឲ្យក្រុមនេះឈរចំណាត់ថ្នាក់លេខ២ ជាបណ្តោះអាសន្នក្នុងពូល A ដោយមាន៤ពិន្ទុ បន្ទាប់ពីក្រុមយុវជនជម្រើសជាតិវៀតណាម។ សម្រាប់ការប្រកួតជើងទី១ក្រុមមីយ៉ាន់ម៉ា បានត្រឹមស្មើ ១-១ ជាមួយក្រុមអូស្ត្រាលីប៉ុណ្ណោះ។
ជ័យជម្នះ៤-១របស់មីយ៉ាន់ម៉ានេះ សម្រេចដោយកីឡាករ Aung Wanna Soe ២គ្រាប់ម្នាក់ឯងនៅនាទីទី១៣ និង៤០ និងកីឡាករ Win Naing Tun ១គ្រាប់ នៅនាទី៤២ ព្រមទាំងរួមចំណែកដោយ Ye Yint Aung ១គ្រាប់ផងដែរ ខណៈ១គ្រាប់របស់សិង្ហបុរីរកបានដោយកីឡាករ Mohamad Azlan នៅនាទីថែមបង្គ្រប់បញ្ចប់តង់ទី២។
ជាមួយគ្នានេះដែរ ក្រុមយុវជនជម្រើសជាតិហ្វីលីពីន និងម៉ាឡេស៊ីបានចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីបញ្ចប់ការប្រកួតរក្សាលទ្ធផលស្មើ ២-២។ ២គ្រាប់របស់ម៉ាឡេស៊ីរកបានដោយកីឡាករ Sallahuddin ទាំងពីរគ្រាប់ម្នាក់ឯងនៅនាទីទី៣០ និង៤៦ ហើយ២គ្រាប់របស់ក្រុមយុវជនជម្រើសជាតិហ្វីលីពីន សម្រេចដោយកីឡាករ Tacardon នៅនាទីទី៣៤ និង Wilson នៅនាទីទី៤៤។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតកាលពីម្សិលមិញនោះដែរក្រុមយុវជនជម្រើសជាតិរបស់វៀតណាម បានលត់ក្រុមយុវជនជម្រើសជាតិអូស្ត្រាលី ៣-០។ ជ័យជម្នះនេះសម្រេចដោយកីឡាករ Uong Ngoc Tien និង Tran Van Det ម្នាក់មួយគ្រាប់នៅតង់ទីមួយ និងកីឡាករ Nguyen Khac Khiem បន្ថែមបាន១គ្រាប់នៅតង់ទីពីរ។ វៀតណាម ឈរលេខ១បណ្តោះអាសន្នក្នុងពូលA ដោយមាន៦ពិន្ទុពេញសម្រាប់ការប្រកួតពីរលើក ខណៈអូស្ត្រាលីមាន១ពិន្ទុក្រោយពីស្មើជាមួយមីយ៉ាន់ម៉ាកាលពីជើងទី១ ៕
Tag:
U16កម្ពុជា
AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com